34 C
Phnom Penh

សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ក្រីក្រ​សម្រេច​ចិត្ត​ចំណាកស្រុក ខណៈ​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ហាក់​យឺតយ៉ាវ

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើង​ថា ការ​ផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ពលរដ្ឋ​ក្រីក្រ​ហាក់​មាន​ភាព​យឺតយ៉ាវ ខណៈ​ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​មិន​អាច​រង់ចាំ​បាន ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់ចំណូល​ក្នុង​ពេល​ប្រឈម​នឹង​ការ​ឆ្លង​វីរុស Covid-19។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ Covid-19។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នេះ​ថា ទំហំ​សាច់ប្រាក់​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​នៅ​ពេលនេះ គ្រាន់តែ​អាច​ទ្រទ្រង់​សេដ្ឋកិច្ច​ប្រចាំថ្ងៃ​របស់​ពួកគាត់​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

លោក​អះអាង​ថា រដ្ឋាភិបាល​គួរតែ​បន្ត​យកចិត្ត​ទុកដាក់​លើ​ជីវភាព​គ្រួសារ​ក្រីក្រ​ទាំងនោះ​បន្ត​ទៀត ព្រោះ​ថា​ក្នុង​រយៈពេល​ដ៏​ខ្លី និង​ស្ថិត​ក្នុង​ការ​បិទ​ខ្ទប់​នៅឡើយ ពួកគាត់​មិនទាន់​អាច​មាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​ទេ ខណៈ​ការ​ចំណាយ​ផ្សេងៗ​នៅតែ​បន្ត ដូចជា​ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ការ​សង​បំណុល​ធនាគារ​ជាដើម។

លោក មឿន តុលា បញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បាត់បង់​ប្រាក់ចំណូល​របស់​ពលរដ្ឋ និង​ការ​ធ្វើ​ចំណាកស្រុក រដ្ឋាភិបាល​គួរ​ពិចារណា​ជំរុញ​ឲ្យ​មាន​ការងារ​ក្នុងស្រុក​ឲ្យ​បាន​កាន់តែ​ច្រើន ជាពិសេស​តំបន់​ដែល​មាន​ការ​គ្រប់គ្រង​ការ​ឆ្លង​វីរុស Covid-19 បាន​ល្អ​ប្រសើរ​ហើយ​នោះ ព្រោះ​ថា​សុវត្ថិភាព​សុខភាព​ក៏​សំខាន់ សុវត្ថិភាព​ស្បៀងអាហារ​ក៏​ជា​រឿង​សំខាន់​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ផង​ដែរ​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​លិខិត​ស្ដីពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្រោយពេល​បិទ​ខ្ទប់​សម្រាប់​ពលរដ្ឋ​ដែល​មាន​ការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ Covid-19 និង​គ្រួសារ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​២០២១ នេះ។

លិខិត​ដដែល​អះអាង​ថា គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ការ​សម្ភាសន៍ និង​បញ្ជាក់​ពី​អាជ្ញាធរ ព្រមទាំង​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ក្នុង​វិស័យ​កាត់ដេរ​ដែល​ទទួល​បាន​ការ​បញ្ជាក់​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អាច​បើកប្រាក់​តាម​បញ្ជរ​វីង ឬ​តាម​អែប APP របស់​ធនាគារ​ចាប់ពី​ពេល​នេះ​តទៅ។

ដោយឡែក​គ្រួសារ​ដែល​មិនទាន់​បាន​កំណត់​អត្តសញ្ញាណ សូម​នាំគ្នា​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​សុំ​ការ​សម្ភាសន៍ និង​កំណត់​អត្តសញ្ញាណ «ក្រ​១» ឬ «ក្រ​២» ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​សាច់ប្រាក់​នៅ​ជំហាន​បន្ទាប់។

កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ពន្ធមុនីរ័ត្ន បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​យន្តការ និង​នីតិវិធី​នៃ​ការ​អនុវត្ត​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ សម្រាប់​ពលរដ្ឋ​ដែល​មាន​ការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ដែល​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ Covid-19 កន្លងមក។

លោក​អះអាង​ថា ការ​អនុវត្ត​ផ្តល់​សាច់ប្រាក់​នេះ រដ្ឋបាល​ឃុំ-សង្កាត់​នឹង​ត្រូវ​ចូលរួម​កំណត់​អត្តសញ្ញាណ​គ្រួសារ​គោលដៅ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​ការរៀបចំ​កម្រង​សំណួរ​ដើម្បី​សម្ភាស​គ្រួសារ​ខ្វះខាត​ទាំងនោះ ដើម្បីឲ្យ​ជាក់ច្បាស់​ថា តើ​ពួកគាត់​ពិតជា​ជួប​ការ​លំបាក​ដូច​អាជ្ញាធរ​មូលដ្ឋាន​បាន​កំណត់​ដែរ​ឬ​ទេ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អះអាង​ថា ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​ផ្តល់​ជូន​កម្មករ​អាស្រ័យ​លើ​ចំនួន​នៃ​ការ​ព្យួរ​កិច្ចសន្យា​ការងារ ដូចជា​ចំពោះ​កម្មករ​ដែល​ត្រូវ​បាន​ព្យួរ​កិច្ចសន្យា​ការងារ​រយៈពេល ៧​ថ្ងៃ ដល់ ១០​ថ្ងៃ ទទួល​បាន​ប្រាក់​ចំនួន ៦​ម៉ឺន ៧៥០​រៀល។

រីឯ​កម្មករ​ដែល​បាន​ព្យួរ​ការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ ទទួល​បាន​ថវិកា ១២​ម៉ឺន ១៥០០​រៀល និង​កម្មករ​ដែល​ព្យួរ​ការងារ​រយៈពេល ២១​ថ្ងៃ​ដល់ ១​ខែ ទទួល​បាន​ទឹកប្រាក់​ចំនួន ១៦​ម៉ឺន ២​ពាន់​រៀល​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​យន្តការ​នៃ​ការកំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​របស់​ខ្លួន​ឡើងវិញ ត្បិត​ក្រោយ​ដាក់​ចេញ​នូវ​នីតិវិធី​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ «ក្រ​១» និង «ក្រ​២» តាម​មូលដ្ឋាន​កន្លងមក​នេះ មាន​ការ​ត្អូញត្អែរ​ពី​ពលរដ្ឋ​ជាច្រើន​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ថា​អនុវត្ត​មិន​មាន​តម្លាភាព​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស