34 C
Phnom Penh

សមត្ថកិច្ច​ចម្រុះ​ព្រំដែន​អះអាង​ថា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ខុសច្បាប់​ទៅ​ថៃ​ស្ទើរ​រាល់​ថ្ងៃ

បទវិភាគ

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​អះអាង​ថា មេខ្យល់​លួច​នាំ​ពលករ​ខ្មែរ​ប្រុស-ស្រី រួម​ទាំង​កុមារ​ផង​ចេញពី​កម្ពុជា ឆ្លង​ដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ នៅ​តាម​ចក្រ​របៀង បាន​បន្ត​កើត​មាន​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។

ករណី​នេះ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​បន្ត​ឃាត់​ខ្លួន​ពលករ​ខ្មែរ និង​មេខ្យល់ ដើម្បី​អប់រំ​ណែនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ជាច្រើន​ករណី ប៉ុន្តែ​បទល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​ដដែល។

សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំនួន ២០​នាក់ និង​មេខ្យល់​ម្នាក់ ត្រូវ​បាន​កម្លាំង​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចាប់​ឃាត់​ខ្លួន​នៅ​ទីតាំង​ចំនួន ២​កន្លែង​ផ្សេង​គ្នា គឺ​នៅ​ស្រុក​ម៉ាឡៃ ​និង​ស្រុក​ស្វាយចេក នៃ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ប្រជាពលរដ្ឋ​ទាំងនោះ​បម្រុង​លួច​ឆ្លង​ដែន​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

តាម​របាយការណ៍​របស់​វរសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បង្ហាញ​ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កែ បាន​ចុះ​ស្ទាក់​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ១៥​នាក់ មាន​ស្រី ៨​នាក់ និង​កុមារ ២​នាក់​ផង ដែល​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ។ អំឡុង​ពេល​នោះ សមត្ថកិច្ច​ចម្រុះ​ក៏​បាន​ឃាត់​ខ្លួន​អ្នកនាំ​ផ្លូវ ឬ​មេខ្យល់​ចំនួន ១​នាក់ ឈ្មោះ យ៉ើន ណារ៉ុង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទាំង​ពលករ​និង​មេខ្យល់ ក្រោយ​សមត្ថកិច្ច​ឃាត់​ខ្លួន ក៏​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​នាំ​យក​ទៅ​សាកសួរ និង​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។

ករណី​មួយ​ទៀត គឺ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ប៉ុស្តិ៍​ថ្នល់​បំបែក​នៃ​វរសេនាតូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ក៏​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ មាន​ស្ត្រី ២​នាក់ និង​កុមារ​តូច​អាយុ ៣​ឆ្នាំ​ម្នាក់ បម្រុង​លួច​ឆ្លង​ដែន​ទៅកាន់​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា នៅ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ល្បើកស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក។ ក្រោយ​បាន​ឃាត់​ខ្លួន​សួរនាំ​រួច កម្លាំង​ជំនាញ​ក៏​បាន​បញ្ជូន​ពលករ​ទាំងនោះ​ទៅ​ទីសំចត​នៅ​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ និង​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​បញ្ឈប់​សកម្មភាព​លួច​ឆ្លង​ដែន​ជាបន្ទាន់ ព្រោះ​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​តាម​បន្ទាត់​ព្រំដែន នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​លួច​ឆ្លង​ដែន​ទៅកាន់​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ជាដាច់ខាត។ ជាង​នេះ​ទៀត នៅ​ពេល​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន នឹង​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក និង​អាច​ឈាន​ដល់​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​ថែមទៀត​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស