26 C
Phnom Penh

បក្ស​ក្រៅ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព គ.ជ.ប

បទវិភាគ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ស្នើ​ឲ្យ​រដ្ឋសភា​ជាតិ​កម្ពុជា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាសភាព​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ដើម្បី​ធានា​នូវ​ឯករាជភាព និង​អព្យាក្រឹត្យ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ហៅ​កាត់​ថា GDP បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ​ថា រដ្ឋសភា​ជាតិ​គួរ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​១៥១​ថ្មី (ពីរ) ស្ដីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មាន​សមាសភាព ៩​រូប ដែល​ទទួល​អាណត្តិ ៥​ឆ្នាំ នា​ពេល​កន្លងមក។

ប្រភព​ដដែល​អះអាង​ថា ក្នុង​ករណី​ដែល​កម្ពុជា​មាន​គណបក្ស​នយោបាយ​តែ​មួយ​ក្នុង​រដ្ឋសភា​ដូច​សព្វថ្ងៃ​នេះ គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​កំណត់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ៤​រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៥​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ចំហ និង​មាន​តម្លាភាព។

GDP បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បែប​នេះ ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ទទួល​បាន​នូវ​ការ​ទុកចិត្ត​ពី​គណបក្ស​នយោបាយ​នានា ពី​ប្រជាពលរដ្ឋ និង​បញ្ចៀស​ការ​ជាប់​គាំង​នយោបាយ​ផង​ដែរ។

ជុំវិញ​ការ​ស្នើ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​អាជ្ញាកណ្ដាល​របស់​កម្ពុជា អាច​ទទួល​បាន​នូវ​ការ​ទុកចិត្ត​ពី​បណ្តា​គណបក្ស​នយោបាយ​ដែល​នឹង​ចូលរួម​ប្រកួតប្រជែង​រក​ការ​គាំទ្រ និង​ការ​ទុកចិត្ត​ពី​ម្ចាស់​ឆ្នោត​ផង​ដែរ។

រដ្ឋធម្មនុញ្ញ​មាត្រា​១៥១​ថ្មី (ពីរ) បាន​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៤​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភាជាតិ​តែ​មិន​ចូល​រដ្ឋាភិបាល ចំណែក ១​រូប​ទៀត ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

ក្នុង​នោះ​រួម​មាន លោក ស៊ិក ប៊ុនហុក ដែល​ទើប​នឹង​លាលែង​ពី​តំណែង​ថ្មីៗ​នេះ លោក មាន សទី លោក ឌុច សុន និង​លោក ឯម សូផាត ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា។

ដោយឡែក​បួន​រូប​ផ្សេង​ទៀត​មាន លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន លោក ហ៊ីង ធីរិទ្ធិ និង​អ្នកស្រី តែ ម៉ានីរ៉ុង ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ រីឯ​លោក ហង្ស ពុទ្ធា ជា​សមាជិក​ដែល​គណបក្ស​ក្នុង​រដ្ឋសភា​ឯកភាព​ជ្រើសរើស​ចុងក្រោយ។

ជុំវិញ​បញ្ហា​នេះ ត្រូវ​គេ​មើលឃើញ​ថា​គណៈកម្មាធិការ​នេះ​លែង​មាន​ឯករាជភាព​ហើយ ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ និង​សមាជិក​ដែល​មកពី​បក្ស​ប្រឆាំង​នៃ​គណៈកម្មាធិការ​នេះ ត្រូវ​ចាប់​ដក​តំណែង និង​ចាប់​ខ្លួន ដូចជា​លោក រ៉ុង ឈុន ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​លិខិត​មួយ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​សុំ​ឲ្យ​លុបចោល​ការបោះឆ្នោត​សាកល្បង​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ខាងមុខ​នេះ ដោយ​លោក​អះអាង​ថា កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19។

ក្រុម​អ្នក​សង្កេតការណ៍ រិះគន់​ថា នីតិវិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​រៀបចំ​ការបោះឆ្នោត​សាកល្បង​ត្រូវ​បាន​ផ្សព្វផ្សាយ​អស់​ជាច្រើន​ខែ​មក​ហើយ លើស​ពី​នេះ​រាល់​កិច្ចការ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន សុទ្ធតែ​ធ្វើឡើង​តាម​នីតិវិធី​ទាំងអស់ ដូច្នេះ​មិន​គួរ​ផ្អាក​កណ្តាល​ទី​តាម​តែ​ការ​នឹក​ឃើញ​របស់​នាយករដ្ឋមន្ត្រី​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មិថុនា ថា សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​អាច​ជ្រើសរើស​ដោយ​ប្រើ​នីតិវិធី ៤​រូប​ជ្រើសរើស​មកពី​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​មកពី​បណ្តា​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល និង​មួយ​រូប​ចុងក្រោយ ត្រូវ​ចាត់តាំង​មកពី​ក្សត្រ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា នីតិវិធី​នេះ​ក៏​អាច​ប្រើ​ពី​ថ្នាក់​ជាតិ​ដល់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឃុំ ឬCEC ផង​ដែរ ដែល​ជា​ប្រព័ន្ធ​ធានា​នូវ​អព្យាក្រឹតភាព និង​ឯករាជភាព​សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ជាពិសេស​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ដូច​សព្វថ្ងៃ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស