27 C
Phnom Penh

អ្នកវិភាគ​ថា ​ការ​បង្កើត​បក្ស​នយោបាយ ត្រូវធ្វើ​ឡើង​ក្នុង​បំណង​ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​ធ្វើ​ជា​មុខរបរ​អាជីព​នោះ​ទេ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ដែល​ល្អ​ត្រឹមត្រូវ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​វត្ថុបំណង​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ដើម្បី​រៀបចំ​សង្គម និង​ការ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ដោយ​មិន​រំពឹង​យក​នយោបាយ​ជា​មុខរបរ​អាជីព​សម្រាប់​បក្ខពួក ឬ​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ថា អ្នក​នយោបាយ​ត្រូវតែ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស និង​បេក្ខជន​របស់​ខ្លួន ដើម្បី​ឈាន​ដល់​ការ​អនុវត្ត​គោលនយោបាយ​ដោះស្រាយ​បញ្ហា​សង្គម​ដែល​កើត​មាន​ទៅតាម​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឲ្យ។

លោក​អះអាង​ថា ដើម្បី​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ទាល់តែ​អ្នក​ដឹកនាំ​នយោបាយ​ជា​មនុស្ស​ដែល​មិន​ពេញចិត្ត​ចំពោះ​មេដឹកនាំ​ប្រទេស​ផ្ដាច់ការ ដែល​តែង​បង្កើត​បញ្ហា​ដល់​ពលរដ្ឋ​របស់​ខ្លួន។

លោក​បន្ត​ថា ជាង​នេះ​ទៀត​ក៏​ជា​មនុស្ស​ដែល​តែង​គិតគូរ​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​គណបក្ស​នយោបាយ​ខ្លួន​ដោះស្រាយ​បញ្ហា និង​រៀបចំ​សង្គមជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​រដ្ឋាភិបាល​ចាស់ មិនមែន​គ្រាន់តែ​ធ្វើ​នយោបាយ​ដើម្បី​រង់ចាំ​ទទួល​លាភសក្ការៈ ឬ​មុខតំណែង​ពី​មេដឹកនាំ​កាន់​អំណាច​ផ្ដាច់ការ​នោះ​ទេ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា គំនិត​អវិជ្ជមាន​ចំពោះ​ពលរដ្ឋ​ខ្មែរ​សព្វថ្ងៃ​នេះ​តែង​មាន​ការសង្ស័យ​លើ​អ្នកនយោបាយ​មួយ​ចំនួន​ថា ប្រហែលជា​ពួកគេ​បើក​បក្ស​នយោបាយ​គ្រាន់តែ​ជា​ស្ពាន​មួយ​ឈាន​ទៅ​រក​ការ​កេងប្រវ័ញ្ច​នូវ​ផល​ប្រយោជន៍​ជាតិ​មក​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សម្រាប់​គ្រួសារ និង​បក្ខពួក​របស់​ពួកគេ ដូច​តែ​មេដឹកនាំ​បច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ គឺ​ធ្វើឡើង​ដើម្បី​រិះគន់​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែល​បង្កើត​ឡើង​គ្រាន់តែ​បង្គ្រប់​កិច្ច ឬ​ធ្វើ​ជា​សួន​លម្អ​ឲ្យ​គណបក្ស​កាន់​អំណាច​ផ្ដាច់ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ។

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អះអាង​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ពួកគេ​នឹង​ទៅ​បង្កើត​បក្ស​ដោយ​ខ្លួន​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០២២ ខាងមុខ។ ខណៈ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨ មាន​ចំនួន​ដល់​ទៅ ២០​គណបក្ស​ទៅ​ហើយ​នោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា គណបក្ស​នយោបាយ​មួយ​ចំនួន​មិន​បាន​បំពេញ​តួនាទី​ជូន​ពលរដ្ឋ​ក្នុង​ការ​មើល​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​នោះ​ទេ ដូចជា​ការ​ជួយ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុសច្បាប់ ដែល​កំពុង​រស់នៅ​យ៉ាង​អណាធិបតេយ្យ​លើ​ទឹកដី​កម្ពុជា​សព្វថ្ងៃ​នេះ​ជាដើម។

ប៉ុន្តែ​ពួកគេ​បាន​ត្រឹមតែ​នាំគ្នា​ចែក​អំណោយ ឬ​នាំ​យក​បញ្ហា​ដីធ្លី​បន្តិចបន្តួច​ដាក់​ជូន​លោក ហ៊ុន សែន បង្កើត​ការពិភាក្សា​ក្នុង​ឧត្តម​ក្រុមប្រឹក្សា និង​ពិគ្រោះ​យោបល់​តែប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​ជាតិ​ធំៗ​ដូចជា​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​មោឃភាព​កិច្ចព្រមព្រៀង​ខុសច្បាប់​ជាមួយ​វៀតណាម ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា ពួកគេ​មិន​ដែល​បាន​លើកឡើង​ទាល់តែសោះ។

យ៉ាងណាក៏ដោយ អតីត​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​នាំគ្នា​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី តែង​អះអាង​ថា កា​របើក​គណបក្ស​នេះ គឺ​ក្នុង​គោលបំណង​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បង្កើត​វប្បធម៌​ប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ប៉ុណ្ណោះ។

ពួកគេ​បញ្ជាក់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ គឺ​ដើម្បី​បន្ត​ស្មារតី​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​រំលាយ និង​បង្កើត​ចរន្ត​ថ្មី​ក្នុង​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​នយោបាយ​ហើយ ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​ដោយ​ខ្លួនឯង​បន្ថែម​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស