27 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​ពី​ការ​ឆ្លង​វីរុស Covid-19 បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក អំពាវនាវ​ឲ្យ​ពលរដ្ឋ​យកចិត្ត​ទុកដាក់​ការពារ​ពី​ការ​ឆ្លង​វីរុស Covid-19 ឲ្យ​កាន់តែ​ហ្មត់ចត់​ថែមទៀត ព្រោះ​វីរុស​នេះ​ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​ចេះ​បំប្លែង​ខ្លួន និង​មាន​លក្ខណៈ​កាច​សាហាវ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​អះអាង​ថា ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ហាក់​មាន​ការ​ធ្វេសប្រហែស និង​កំពុង​មើលស្រាល​អំពី​ការ​ឆ្លង​នៃ​វីរុស Covid-19 នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក​បាន​សង្កេត​ឃើញ​ថា​ពលរដ្ឋ​នៅ​តាម​តំបន់​មួយ​ចំនួន​មិនសូវ​បាន​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​ពី​ការ​ឆ្លង​វីរុស Covid-19 ប៉ុន្មាន​ទេ។

លោក​អះអាង​ថា មួយ​រយៈ​នេះ ការ​ជួបជុំ​ដើម្បី​ហូបចុក​នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​បន្ត​កើត​មាន​ឡើង​វិញ ដូច្នេះ​ការ​ឆ្លង​នៅតែ​អាច​កើត​មាន ទោះបីជា​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក៏ដោយ។ របាយការណ៍​របស់​ក្រសួង​សុខាភិបាល ធ្លាប់​បាន​បង្ហាញ​ពី​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ប៉ុន្តែ​ក្រោយមក​នៅតែ​រក​ឃើញ​ថា​បាន​ឆ្លង​វីរុស Covid-19 ដូច្នេះ​ដើម្បី​បញ្ឈប់​ការ​ចម្លង​នៃ​វីរុស​នេះ មាន​តែ​ពលរដ្ឋ​បន្ត​រក្សា​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ។

លោក មឿន តុលា បញ្ជាក់​ថា ស្របពេល​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ Covid-19 ដោយ​គោរព​នូវ​គោលការណ៍​សិទ្ធិមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ចៀសវាង​យក​ហេតុផល​នៃ​ការ​ឆ្លង​ជំងឺ Covid-19 ទៅ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ ជាង​នេះ​ទៀត​ក៏​មិន​ត្រូវ​ដាក់​ពលរដ្ឋ​ផ្នែក​ណាមួយ​ក្នុង​ហានិភ័យ​នោះ​ទេ ជាពិសេស​កម្មករ​និយោជិត​ដែល​ធ្វើការ​តាម​រោងចក្រ សហគ្រាស ដែល​ពួកគាត់​មិន​អាច​អនុវត្ត​តាម​គោលការណ៍​សុខាភិបាល​បាន ដូចជា​ការ​ដែល​មិន​អាច​អនុវត្ត​វិធានការ ៣​កុំ និង ៣​ការពារ ជាដើម។

កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ នេះ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​អះអាង​ថា ពលរដ្ឋ​មួយ​ចំនួន​កំពុងតែ​ធ្វេសប្រហែស និង​មើលស្រាល​លើ​ឥទ្ធិពល​នៃ​ការ​ឆ្លង​របស់​វីរុស Covid-19 នេះ​យ៉ាង​ខ្លាំង ដោយ​ពួកគេ​នៅតែ​បង្កើត​កម្មវិធី​ជួបជុំ​បរិភោគ​អាហារ​ជុំ​គ្នា​តាម​កន្លែង​មួយ​ចំនួន​ជាបន្តបន្ទាប់។

អ្នក​នាំពាក្យ​រូប​នេះ​អះអាង​ថា ពលរដ្ឋ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​វីរុស​នេះ ព្រោះ​ថា​វា​អាច​ចម្លង​ដោយ​ស្ងាត់ៗ និង​អាច​បំប្លែង​ខ្លួន​ថែមទៀត​ផង ជាង​នេះ​ទៀត វីរុស​នេះ​គ្មាន​ថ្នាំ​អាច​ព្យាបាល​នោះ​ទេ គឺ​មាន​តែ​ចាក់​វ៉ាក់សាំង​តែប៉ុណ្ណោះ ទើប​អាច​ទប់ស្កាត់​វីរុស Covid-19 នេះ​បាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អ្នកស្រី ឱ វណ្ណឌីន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ និង ៣​ការពារ​ឲ្យ​បាន​ហ្មត់ចត់ និង​ចៀសវាង​នូវ​ការ​ជួបជុំ​ដែល​មិន​ចាំបាច់ ឬ​ការ​ជួបជុំ​ដែល​អាច​នឹង​បង្ក​ហានិភ័យ​ក្នុង​ការ​ចម្លង​វីរុស Covid-19 នេះ។ បន្ថែម​ពី​នេះ អ្នកស្រី​ថា​មិន​ត្រូវ​នាំគ្នា​ជឿ​លើ​ការឃោសនា​ដែល​ថា មាន​ឱសថ​អាច​ព្យាបាល​ជំងឺ Covid-19 បាន​នោះ​ទេ ព្រោះ​នោះ​គ្រាន់តែ​ជា​ការឃោសនា​របស់​ជន​ខិលខូច​មួយ​ចំនួន​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ពលរដ្ឋ​បាន​ចំនួន​ជាង ៣​លាន ៧​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៣៧,១៦% ដោយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ នេះ។

នៅ​ថ្ងៃ​សុក្រ​នេះ ក្រសួង​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៦៩៩​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៧៥៩​នាក់ ខណៈ​អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន ១៦​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៤​ម៉ឺន ៦​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៧០០​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់​ទៅ ៥០៩​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​សុក្រ សប្តាហ៍​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស