26 C
Phnom Penh

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ថា​បក្ស​ប្រជាជន​កម្ពុជា​គ្រាន់តែ​ជា​ឧបករណ៍​របស់​វៀតណាម​តែប៉ុណ្ណោះ

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) បាន​ចាត់ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ ៧០​ឆ្នាំ​នេះ​ជា​គណបក្ស​ដែល​កើត​ពី​វៀតណាម បម្រើ​វៀតណាម ហើយ​បំផ្លាញ​ខ្មែរ។

ក្រុម​នេះ​ចាត់ទុក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​សម្រេច​វត្ថុបំណង​លុកលុយ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម ចូល​កាន់កាប់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ ដែល​សមាជិក​នៃ​បក្ស​នេះ​បាន​ធ្វើ​ពិធី​អបអរ​សាទរ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ យ៉ាង​គគ្រឹកគគ្រេង។

សេចក្តី​ថ្លែងការណ៍​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា «បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» បាន​ដើរ​តួនាទី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ផលប្រយោជន៍​ជាតិ​ខ្មែរ ដើម្បី​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម មក​លើ​ទឹកដី​កម្ពុជា ដែល​ធ្វើ​ឲ្យ​កម្ពុជា​រអិល​ចូល​ក្នុង​វិបត្តិ​គ្រប់​បែបយ៉ាង ពិបាក​នឹង​ដក​ខ្លួន​ដូច​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​ជា​អាយ៉ង​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ជួយ​សម្រេច​មហិច្ឆតា​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ យ៉ាង​ច្រើន​មហិមា ដែល​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​យ៉ាង​ច្បាស់​ថា ពួកគេ​ពិតជា​បម្រើ​បរទេស​ឈ្លានពាន​បាន​យ៉ាង​ល្អ​ឥតខ្ចោះ ដែល​ជា​ការ​បង្កើត​ស្នាដៃ​បំផ្លាញ​កម្ពុជា​គួរ​ឲ្យ​រន្ធត់​ទៅវិញ។

សេចក្តី​ថ្លែងការណ៍​ខាងលើ​បញ្ជាក់​ថា ដើម្បី​រក្សា​ផែនការ​បម្រើ​មហិច្ឆតា​របស់​វៀតណាម ឲ្យ​បាន​រលូន​តាម​អំពើ​ចិត្ត​ទៅ​ថ្ងៃមុខ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​លោក ហ៊ុន សែន បាន​រៀបចំ​ស្ថាប័ន​រដ្ឋ​ទាំងអស់ ដូចជា​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា តុលាការ ក្រុមប្រឹក្សា​ធម្មនុញ្ញ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជាដើម ធ្វើ​ជា​សេនាធិការ​របស់​ខ្លួន​ដើម្បី​ជួយ​ជ្រោមជ្រែង​សម្រេច​ផែនការ​ឈ្លានពាន​នោះ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា «គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា» ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥១ ដោយ​លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) ប៉ុន្តែ​លោក ផាម យ៉ាំង ហួ ឬ​អាចារ្យ មៀន នេះ​មាន​ប្រវត្តិ​ពិត គឺជា​អតីត​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ (Ho Chi Minh) តាំងពី​ឆ្នាំ​១៩៣០ មក​ម្ល៉េះ។

នៅ​ឆ្នាំ​១៩៩១ ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្ដូរ​ទៅជា​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​វិញ បន្ទាប់ពី​អតីត​កម្មាភិបាល​ខ្មែរក្រហម ដូចជា​លោក ហ៊ុន សែន លោក ហេង សំរិន និង​លោក ជា ស៊ីម ជាដើម បាន​នាំគ្នា​រត់​ទៅ​ពឹង​វៀតណាម ឲ្យ​ជ្រោមជ្រែង​ពួកគេ​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វាយបក​លើ​កម្លាំង ប៉ុល ពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ រួច​មក។

នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២១ នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សារ​ក្នុង​ទិវា​រំឭក​ខួប​ទី​៧០ នៃ​ថ្ងៃ​បង្កើត​គណបក្ស​នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ គឺ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​អាណានិគម​និយម​ដើម្បី​ឯករាជ្យ។

ប្រភព​ដដែល​អះអាង​ថា រយៈពេល ៤២​ឆ្នាំ​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ដ៏​ធំធេង ដោយ​ការ​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​អនុវត្ត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ការ​រីកចម្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល។

យ៉ាងណាក៏ដោយ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា នេះ​ថា ការ​បង្កើត​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា គឺជា​ការ​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​ក្រោម​ការរៀបចំ​ដោយ​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​របស់ ហូ ជីមិញ ក្នុង​គោលបំណង​លេប​យក​ទឹកដី​ខ្មែរ​ឲ្យ​បាន។

លោក​អះអាង​ថា ការ​រំឭក​ខួប​ឆ្នាំ​ទី​៧០ របស់​បក្ស​កាន់​អំណាច គឺជា​ការ​អបអរ​សាទរ និង​ជា​ការ​រំឭក​នូវ​ចរិត​វាទី​និយម និង​មហិច្ឆតា​របស់ ហូ ជីមិញ ដើម្បី​គ្រប់គ្រង​កម្ពុជា​ទៅ​ថ្ងៃ​មុខ ហើយ​ក៏​ជា​ចេតនា​ដ៏​ទុច្ចរិត​ដើម្បី​ចង​ព្រលឹង​ពូជពង្ស​ខ្មែរ​ឲ្យ​ដឹង​គុណ​វៀតណាម​ទៀត​ផង ដូចជា​ការ​សង់​ស្តូប​ដឹងគុណ​វៀតណាម​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ជាដើម។

ចំណែក​អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា លោក​ចង់​ឃើញ​សារ​មួយ​ផ្ដោត​លើ​ខ្លឹមសារ​ដែល​មាន​សារសំខាន់​ចំពោះ​ការគោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ឱកាស​ទិវា​រដ្ឋធម្មនុញ្ញ ២៤ កញ្ញា ជំនួស​វិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ក្រោយ​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មក ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា និង​ឯកសារ​ខុសច្បាប់​គ្រប់​បែបយ៉ាង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​សុទ្ធសឹងតែ​ជា​លក្ខខណ្ឌ​ក្នុង​ការ​កាត់​ទឹកដី និង​ដាក់​អធិបតេយ្យភាព​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ទាំងស្រុង។

ក្នុង​នោះ​រួម​មាន៖

  • ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិត្តភាព សន្តិភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម ដែល​ដាក់​កម្ពុជា ឲ្យ​ទៅ​ជា​ចំណុះ​ក្រោម​ការត្រួតត្រា​របស់​វៀតណាម នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩
  • កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២
  • សារាចរ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម អាច​ចូល​កម្ពុជា​ទាំង​ខុស​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៨៦
  • កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​ឆ្នាំ​១៩៨៣
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម។

ក្រោម​កិច្ចព្រមព្រៀង​ខុសច្បាប់​ទាំងនេះ ប្រទេស​វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ក្នុង​នោះ​មាន៖

  • កោះត្រល់
  • ចង្កោម​កោះក្រចកសេះ
  • គ្រប់គ្រង​ដែនអាកាស
  • ព្រមទាំង​ដាក់​ផ្ទៃ​សមុទ្រ​ទំហំ ១​ម៉ឺន​គីឡូ​ម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែន​ទឹក​រួម​គ្នា​ជាមួយ​វៀតណាម ផង​ដែរ។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិម​បក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស