31 C
Phnom Penh

បទវិភាគ៖ តើ​អ្វី​ជា​ហានិភ័យ និង​ជា​ដំណោះស្រាយ​ចំពោះ​នយោបាយ​ការបរទេស​របស់​កម្ពុជា​បច្ចុប្បន្ន?

បទវិភាគ

នយោបាយ​ការបរទេស​របស់​របប​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​មើ​ឃើញ​ថា ជា​នយោបាយ​បម្រើ​បរទេស និង​បង្កើត​គ្រោះ​ធំ​ចំពោះ​ជាតិ។ អ្នកវិភាគ​សង្គម​ខ្លះ​មើលឃើញ​ថា ការ​គ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ដ៏​យូរលង់​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទន់ខ្សោយ និង​ក្លាយ​ជា​រដ្ឋ​បម្រើ​វៀតណាម ឬ​ចិន​ដាច់មុខ។

បន្ទាប់ពី​លើក​ទ័ព​លុកលុយ​ប្រទេស​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ក្នុង​ខែ​មករា ឆ្នាំ​១៩៧៩ មក វៀតណាម​បាន​រៀបចំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា និង​អនុវត្ត​នយោបាយ​លទ្ធិ​កុម្មុយនីស្ត​និយម។

ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា វៀតណាម​បាន​ផ្លាស់ប្ដូរ​នាយករដ្ឋមន្ត្រី​ខ្មែរ​ជាបន្តបន្ទាប់ និង​ដោយ​អាថ៌កំបាំង។ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​ទី​១ នា​ពេល​នោះ គឺ​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៨១ និង​បញ្ជូន​ទៅ​ដាក់​គុក​ងងឹត​ក្នុង​ទីក្រុង​ហាណូយ រហូត​ដល់​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា នា​ខែ​តុលា ឆ្នាំ​១៩៩១។ បន្ទាប់មក លោក ចាន់ ស៊ី ដែល​វៀតណាម​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នោះ ក៏​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​ក្នុង​ឆ្នាំ​១៩៨៤។

បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​ការ​លើក​ឡើង​របស់​សាក្សី និង​អ្នកវិភាគ​នានា​អំពី​បញ្ហា​នយោបាយ​ខ្មែរ គេ​អាច​សន្និដ្ឋាន​បាន​ថា ការ​ចាប់​ខ្លួន​លោក ប៉ែន សុវណ្ណ និង​ការ​ស្លាប់​របស់​លោក ចាន់ ស៊ី គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនាស់​នយោបាយ ឬ​ការ​មិន​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​វៀតណាម។

ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ លោក ប៉ែន សុវណ្ណ ដែល​ហៅ​ខ្លួនឯង​ថា​ជា​សាក្សី​រស់​នោះ​ធ្លាប់​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រុង​ហាណូយ​ចាប់​ខ្លួន​លោក ពីព្រោះ​លោក​មិន​យល់ព្រម​ឲ្យ​វៀតណាម​បញ្ជូន​ជនជាតិ​គេ​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​សេរី និង​ទាមទារ​ឲ្យ​វៀតណាម​គោរព​កិច្ចសន្យា​របស់​ខ្លួន​ដែល​ថា​មិន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

លោក ប៉ែន សុវណ្ណ ក៏​បាន​អះអាង​ដែរ​ថា លោក ហ៊ុន សែន អម​ដោយ​កងទ័ព​វៀតណាម បាន​សម្រុក​ចូល​ចាប់​ខ្លួន​លោក​ក្នុង​គេហដ្ឋាន​របស់​លោក​ទាំង​កម្រោល​តែម្តង។ លោក ប៉ែន សុវណ្ណ អះអាង​ថា ពេល​នោះ​គេ​បាន​ចង​ស្លាបសេក និង​បិទមុខ​របស់​លោក ហើយ​បាន​ច្រាន​លោក​ទម្លាក់​ចុះ​តាម​កាំជណ្តើរ។

ប៉ុន្តែ​សៀវភៅ Cambodia After The Khmer Rouge ឬ កម្ពុជា​ក្រោយ​របប​ខ្មែរក្រហម ដែល​និពន្ធ​ដោយ​លោក Evan Gottesman បាន​សរសេរ​ថា លោក ហ៊ុន សែន បាន​អាន​បទ​ចោទប្រកាន់​លោក ប៉ែន សុវណ្ណ ដែល​រួម​មាន៖

  • “គំនិត​ជាតិ​និយម​ចង្អៀតចង្អល់” និង
  • “ការ​យក​ពន្ធ​លើ​យន្តហោះ​វៀតណាម”។

ក្នុង​ខែ​តុលា ឆ្នាំ​២០១៦ សារព័ត៌មាន The Cambodia Daily បាន​ដកស្រង់​ប្រសាសន៍​លោក ដេវីត ឆេនល័រ ដែល​ជា​អ្នក​សរសេរ​ប្រវត្តិសាស្ត្រ​ខ្មែរ​ថា លោក ប៉ែន សុវណ្ណ គឺជា​ជន​រួម​ជាតិ (ខ្មែរ) ដ៏​ស្មោះត្រង់​ម្នាក់។

បើ​ការ​អះអាង​ខាងលើ​នេះ​ជា​ការពិត ដូច្នេះ​ទោស​កំហុស​របស់​លោក ប៉ែន សុវណ្ណ គឺ​គ្រាន់តែ​ដើម្បី​ការ​ការពារ​ផលប្រយោជន៍​ខ្មែរ និង​ស្មោះត្រង់​ចំពោះ​ជាតិ ហើយ​មិនព្រម​ធ្វើ​តាម​អ្វី​ដែល​ប្រទេស​វៀតណាម​ចង់​បាន​ប៉ុណ្ណោះ។

ត្រង់​ចំណុច​នេះ​មានន័យ​ថា នៅ​ពេល​ដែល​វៀតណាម លើក​បន្តុប​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ និង​កាង​អំណាច​របស់​លោក ហ៊ុន សែន ផង​នោះ ទំនង​លោក ហ៊ុន សែន អាច​យល់ព្រម​ធ្វើ​អ្វីៗ​តាម​ការ​ចង់​បាន​របស់​វៀតណាម។

សេចក្តី​រាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មករា ឆ្នាំ​២០១៥ ឲ្យ​ដឹង​ថា ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ផ្សេងៗ​ដែល​វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន នោះ​គឺ​ដោយសារ​លោក ហ៊ុន សែន ជា​មនុស្ស​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​អនុវត្ត​រាល់​បទបញ្ជា​របស់​ទីក្រុង​ហាណូយ។

បើ​គេ​សង្កេត​មើល​ព្រឹត្តិការណ៍​ខាងលើ គេ​អាច​សន្មត​បាន​ថា នយោបាយ​របស់​លោក ហ៊ុន សែន បង្កើត​ឡើង​ដោយ​វៀតណាម ធ្វើ​អ្វីៗ​ដើម្បី​វៀតណាម ដើម្បី​បំផ្លាញ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ។

ក្នុង​អំឡុង​ពេល​ស្ថិត​ក្រោម​ឥទ្ធិពល​វៀតណាម នយោបាយ​ការបរទេស​របស់​លោក ហ៊ុន សែន គឺជា​នយោបាយ​បម្រើ ឬ​មិន​ប៉ះពាល់​ផលប្រយោជន៍​វៀតណាម​នោះ​ទេ។

ហើយ​ចំណុច​នេះ វា​អាច​ជា​ហានិភ័យ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់គ្រង​ដោយ​កណ្ដាប់ដៃ​ដែក​របស់​លោក ហ៊ុន សែន ដើម្បី​បំបែក​ក្រុម​អ្នក​ស្នេហា​ជាតិ អ្នក​ស្នេហា​យុត្តិធម៌ អ្នក​ស្នេហា​ធនធាន​ធម្មជាតិ និង​អ្នក​ស្នេហា​ប្រជាធិបតេយ្យ។

ប៉ុន្តែ តើ​ឥទ្ធិពល​វៀតណាម លើ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អាច​ត្រូវ​បាន​បញ្ចប់​តាមរយៈ​ការ​រើ​បង្វេច​ងាក​ទៅ​សុំ​រស់ និង​សុំ​សេចក្តី​សុខ​ពី​ប្រទេស​ចិន​ដែរ​ឬ​ទេ?

បើ​គិត​មួយ​ភ្លែត វា​ហាក់ដូចជា​ងាយ​ក្នុង​ការ​ឆ្លើយ​ថា លោក ហ៊ុន សែន ឱប​ចិន​ដើម្បី​ទប់ទល់​ជាមួយ​វៀតណាម។ តែ​បើ​ពិចារណា​ឲ្យ​ស៊ីជម្រៅ​បន្តិច វា​ហាក់ដូចជា​មិនមែន​ដូច្នោះ​ទេ។ ជា​ឧទាហរណ៍ ក្រោយ​ពេល​លោក ហ៊ុន សែន ឱប​ចិន និង​អនុវត្ត​នយោបាយ​ការបរទេស​ដើម្បី​បម្រើ​ផលប្រយោជន៍​ចិន ប្រទេស​វៀតណាម ឯណោះ​វិញ នៅតែ​បន្ត​រំលោភ​លើ​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ហ៊ាន​ធ្វើ​អ្វី​ឡើយ​ក្រៅតែ​ពី​នៅ​ស្ងៀម ឬ​ធ្វើ​តាម​ការ​ចង់​បាន​របស់​វៀតណាម។

ជាក់ស្តែង ក្នុង​ពេល​ថ្មីៗ​នេះ វៀតណាម​បាន​សាងសង់​សំណង់​រឹងមាំ​ក្នុង​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន និង​ការ​រំឭក​ឲ្យ​លោក ហ៊ុន សែន មើល​ថែទាំ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​ថែមទៀត។

អ្នក​សង្កេតការណ៍​ជាច្រើន​និយាយ​ថា ប្រវត្តិ​នយោបាយ​របស់​លោក ហ៊ុន សែន គឺជា​ការ​ធ្វើ​នយោបាយ​បែប​ផ្ដេកផ្ដួល​ទាំងស្រុង​លើ​ប្រទេស​ណាមួយ​ជាជាង​នយោបាយ​សហការ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ដែល​ត្រូវការ​ប្រទេស​វៀតណាម លោក ហ៊ុន សែន ហ៊ាន​ធ្វើ​អ្វីៗ​ទៅតាម​ការ​ចង់​បាន​របស់​វៀតណាម​ទាំងអស់ ឲ្យ​តែ​វៀតណាម​ការពារ​អំណាច​របស់​លោក ហើយ​ពេល​ត្រូវការ​ប្រទេស​ចិន លោក ហ៊ុន សែន ក៏​ហ៊ាន​ធ្វើ​ដូច្នោះ​ដែរ។

កាលពី​ចុង​ខែ​ឧសភា ឆ្នាំ​២០២១ កន្លងទៅ លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា បើ​គាត់​មិន​ពឹង​ចិន តើ​ឱ្យ​គាត់​ទៅ​ពឹង​អ្នកណា?

តាមរយៈ​សារ​នេះ និង​តាមរយៈ​ប្រវត្តិ​នយោបាយ​របស់​លោក គេ​អាច​បញ្ជាក់​បាន​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ប្រទេស​ដែល​គ្មាន​សមត្ថភាព​ឈរ​ជើង ឬ​រស់​ដោយ​ខ្លួនឯង តែ​ត្រូវ​រស់ ឬ​ដកដង្ហើម​ទាំងស្រុង​ដោយ​ប្រទេស​ណាមួយ​ដាច់មុខ​តែម្តង។ ដូច្នេះ នយោបាយ​ការបរទេស​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​មិន​គ្រាន់​តែ​ជា​ការ​បម្រើ​ផលប្រយោជន៍​ចិន​ទាំងស្រុង​នោះ​ទេ តែ​ជា​ការ​បង្កើន​បន្ទុក​បន្ថែម​ទៅលើ​ប្រទេស​កម្ពុជា ដែល​លោក​កំពុងតែ​បម្រើ ឬ​សងគុណ​វៀតណាម ទាំង​នៅ​ពេល​ដែល​លោក​មិន​ទាន់​បាន​ទូទាត់​បញ្ចប់​នៅឡើយ​ផង​នោះ។

ជាក់ស្តែង​នៅ​ពេល​បម្រើ​ប្រទេស​វៀតណាម​ដាច់មុខ លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម ហូរ​ចូល​ប្រទេស​កម្ពុជា​ដោយ​សេរី។ ដូច​គ្នា​នេះ​ដែរ ពេល​លោក​បម្រើ​ចិន​ដាច់មុខ លោក ហ៊ុន សែន ក៏​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ហូរ​ចូល​ប្រទេស​កម្ពុជា​ដោយ​សេរី​ដែរ។

ដូច្នេះ បើ​លោក ហ៊ុន សែន នៅតែ​បន្ត​នយោបាយ​ការបរទេស​បែប​នេះ វា​ជា​ហានិភ័យ​ធំ​សម្រាប់​ប្រទេស​កម្ពុជា ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក​អាច​ក្លាយ​ជា​ជនជាតិ​ភាគតិច​លើ​ដី​កំណើត​របស់​ខ្លួន​ជាមិនខាន។

ក្រៅតែ​ហានិភ័យ​ដូច​ខាងលើ នយោបាយ​បម្រើ​ចិន​ដាច់មុខ​របស់​លោក ហ៊ុន សែន អាច​នាំ​ហានិភ័យ​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ដែរ នោះ​គឺ​កម្ពុជា​ក្លាយ​ជា​សត្រូវ​នៃ​បណ្តា​ប្រទេស​នានា ជាពិសេស​បណ្តា​ប្រទេស​នៃ​ប្លុក​លោក​សេរី ដែល​កំពុង​ប្រកួតប្រជែង និង​ទប់​ឥទ្ធិពល​របស់​ចិន។

ដូច្នេះ នយោបាយ​ចិន​និយម​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ គឺជា​នយោបាយ​បង្កើត​គ្រោះ​បី​ជាន់​សម្រាប់​ប្រទេស​កម្ពុជា ដែល​រួម​មាន៖

  • ការ​បន្ថែម​បន្ទុក​លើ​ការ​បន្ត​បម្រើ​ផលប្រយោជន៍​ប្រទេស​វៀតណាម
  • ការ​បម្រើ និង​បំពេញ​បំណង​ប្រទេស​ចិន
  • ការ​ធ្វើ​ជា​សត្រូវ​ជាមួយ​មហា​អំណាច​ធំៗ​ដទៃ​ទៀត ដូចជា​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដែល​កំពុង​ទប់ទល់​នឹង​ឥទ្ធិពល​ចិន​កុម្មុយនីស្ត​ក្នុង​ពិភពលោក។

ប៉ុន្តែ បើ​អ្វី​ដែល​លោក ហ៊ុន សែន កំពុងតែ​ដើរ​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​ប្រទេស​កម្ពុជា តើ​អ្វី​ទៅ​អាច​ជា​ផ្លូវ​នៃ​ដំណោះស្រាយ​ល្អ​សម្រាប់​ប្រទេស​កម្ពុជា?

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) គឺ​លោកប៉ា ងួនទៀង ធ្លាប់​បាន​ថ្លែង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កន្លង​ទៅ​ថា ភាព​ជោគជ័យ​នៃ​នយោបាយ​ការបរទេស​របស់​ជាតិ​មួយ គឺ​ទាល់តែ​ប្រទេស​នោះ​ជា​ប្រទេស​ខ្លាំង ហើយ​ដើម្បី​ឲ្យ​ប្រទេស​មួយ​ខ្លាំង លុះត្រាតែ​មាន​ប្រជាពលរដ្ឋ​ខ្លាំង និង​មាន​ការ​ឯកភាព​ផ្ទៃក្នុង​ជាតិ។ លោក​ថា ការ​ដឹកនាំ​បែប​ផ្ដាច់ការ និង​ការ​បង្ក្រាប​លើ​ពលរដ្ឋ​គ្រប់​បែបយ៉ាង​ដូច​រដ្ឋាភិបាល​លោក ហ៊ុន សែន បច្ចុប្បន្ន គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ពលរដ្ឋ​ទន់ខ្សោយ។ ដូច្នេះ​គេ​ត្រូវការ​មេដឹកនាំ​ដែល​ហ៊ាន​ប្រកួតប្រជែង​យក​អំណាច​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​មាន​ឆន្ទៈ​ក្នុង​ការ​បង្រួបបង្រួម​ជាតិ។

ស្រដៀង​គ្នា​នេះ លោក គឹម សុខ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ក៏​បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ដែរ​ថា លោក ហ៊ុន សែន ត្រូវ​ងាក​មក​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ឆ្នាំ​១៩៩១ ឡើងវិញ ដើម្បី​ជំរុញ​សហគមន៍​អន្តរជាតិ​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន​ក្នុង​ការគោរព​ឯករាជភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

បើ​តាម​ទស្សនៈ​អ្នកវិភាគ​ទាំង​ពីរ​រូប​ខាងលើ គេ​អាច​គិត​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​ជាតិ អាច​ជា​មធ្យោបាយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ខ្លាំង និង​មាន​ភាព​ឯករាជ្យ​នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន។

ក្នុង​ដំណើរ​ទស្សនកិច្ច​កន្លះ​ថ្ងៃ​របស់​អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ បាន​ជំរុញ​ឲ្យ​កម្ពុជា​ប្រកាន់​នយោបាយ​ការបរទេស​ឯករាជ្យ។ អ្នកស្រី​អះអាង​ថា ការ​ធ្វើ​នយោបាយ​ការបរទេស​ដោយ​ឯករាជ្យ​របស់​កម្ពុជា ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ គឺជា​កត្តា​សំខាន់ និង​មាន​ប្រយោជន៍​ធំ​សម្រាប់​ជាតិ។

អ្នកស្រី​បញ្ជាក់​ថា ការ​ប្រកាន់​ជំហរ​ឯករាជ្យ មិនមែន​ដោយសារតែ​ការ​ទាមទារ​របស់​អាមេរិក​នោះ​ទេ ប៉ុន្តែ​ជា​ការកំណត់​ដោយ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែង​ថា កម្ពុជា​ប្រកាន់​យក​គោលនយោបាយ​អព្យាក្រឹត។

ការ​ប្រកាន់​ជំហរ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​នយោបាយ​ការបរទេស អាច​ផ្តល់​លទ្ធភាព​ឲ្យ​កម្ពុជា​បង្កើត​បាន​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​ពហុភាគី​ដោយ​ស្មើ​មុខ ស្មើ​មាត់ និង​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ។

អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​ពហុភាគី ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​កម្ពុជា​អាច​ជៀស​ផុត​ពី​ការ​ពឹងពាក់ ឬ​បម្រើ​បរទេស​ណាមួយ​ដាច់មុខ​ដូច​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​សំណួរ​សួរ​ថា តើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាច​ឬ​មាន​ឆន្ទៈ​ប្រកាន់​ជំហរ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​នយោបាយ​ការបរទេស​ដែរ​ឬ​ទេ? ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ គេ​ត្រូវ​សិក្សា​អំពី​ជំហរ និង​ចរិត​នយោបាយ​របស់​លោក ហ៊ុន សែន។

បើ​តាម​ប្រវត្តិ​នយោបាយ​របស់​លោក​ដែល​បាន​លើកឡើង​ខាងលើ លោក ហ៊ុន សែន គឺជា​មេដឹកនាំ​នយោបាយ​ដ៏​ទន់ខ្សោយ​ម្នាក់​ដែល​បាន​អំណាច​តាមរយៈ​មធ្យោបាយ​ទុច្ចរិត​បី​យ៉ាង​ប៉ុណ្ណោះ៖

  • ទី​១ លោក​ធ្វើ​ជា​អ្នក​បម្រើ​ដាច់មុខ​របស់​ប្រទេស​វៀតណាម ឬ​ចិន។
  • ទី​២ បន្លំ​លទ្ធផល​បោះឆ្នោត​ដោយ​មិន​ដែល​ហ៊ាន​ប្រកួត​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
  • ទី​៣ ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​លើ​ជាតិសាសន៍​ឯង ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន។ ហេតុនេះ ល្គឹកណា​លោក ហ៊ុន សែន ឬ​គណបក្ស​របស់​លោក​នៅតែ​កាន់​អំណាច​ទៀត នោះ​ប្រទេស​កម្ពុជា ក៏​គ្មាន​អ្វី​ប្រែប្រួល​នោះ​ដែរ។

ដូច្នេះ ដើម្បី​ឱ្យ​កម្ពុជា​ជា​ប្រទេស​ខ្លាំង និង​អាច​អនុវត្ត​នយោបាយ​ការបរទេស​ដោយ​ឯករាជ្យ គេ​ត្រូវការ​មេដឹកនាំ​ខ្មែរ​ដ៏​ខ្លាំង​ម្នាក់​ដែល​ហ៊ាន​ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​មាន​ឆន្ទៈ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស