27 C
Phnom Penh

ពលរដ្ឋ​បារម្ភ​ពី​អ្នក​ទៅ​ចាក់​វ៉ាក់សាំង Covid-19 នៅ​ខេត្ត​ព្រះសីហនុ​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ឈរ​ប្រជ្រៀត​គ្នា​ដើម្បី​រង់ចាំ​ការ​ចាក់​វ៉ាក់សាំង អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​នោះ​ទៅវិញ ប្រសិនបើ​ពលរដ្ឋ​ទាំងនោះ​មិន​ស្ដាប់​ការ​ណែនាំ​របស់​អ្នក​រៀបចំ​នោះ​ទេ។

ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា វត្តមាន​ប្រជាពលរដ្ឋ​ដែល​ទៅ​ឈរ​រង់ចាំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 នៅ​តាម​ទីតាំង​ភាគច្រើន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ពួកគាត់​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ពោល​គឺ​បាន​ឈរ​ប្រជ្រៀត​គ្នា​ញឹកស្អេក​ដូច​ម្រាមដៃ។

ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ ស្ទើរ​គ្រប់​ទីតាំង​ទាំងអស់​ដែល​រៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ-១៩ ជូន​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ រួម​មាន​ទីតាំង​សាលា ហ៊ុន សែន កម្មករ សាលា​ឃ្លាំង​លើ សាលា​សម្ដេចឪ សាលា​មិត្តភាព និង​សាលា​សាគូរ៉ា ជាដើម គឺ​ឃើញ​ពលរដ្ឋ​ភាគច្រើន​ហាក់​មិន​បាន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ ក៏ដូចជា​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិបាល ស្ដីពី​ការ​រក្សា​គម្លាត​សុវត្ថិភាព​នោះ​ទេ។

ពលរដ្ឋ​បារម្ភ​ថា ប្រសិនបើ​មាន​ពលរដ្ឋ​ណា​ម្នាក់​មាន​វិជ្ជមាន​ជំងឺ Covid-19 ទំនង​ជា​នឹង​អាច​ចម្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ដែល​ឈរ​តម្រង់​ជួរ​ប្រជ្រៀត​គ្នា​នៅ​តាម​ទីតាំង​ចាក់​វ៉ាក់សាំង​នីមួយៗ ព្រោះ​ដោយសារតែ​ពួកគាត់​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

យ៉ាងនេះ​ក្តី លោក អ៊ី សុខឡេង អភិបាល​ក្រុង​ព្រះសីហនុ បាន​បង្ហោះ​សារ​នៅ​តាម Facebook របស់​លោក ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ត្រូវ​ទៅ​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ឲ្យ​បាន​គ្រប់​គ្នា​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​បាន​រៀបចំ​រួចរាល់។

ទោះ​ជា​បែប​នេះ​ក្តី លោក​អភិបាល​ក្រុង​ព្រះសីហនុ មិន​ទាន់​បាន​បញ្ជាក់​ពី​អត្រា​ពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ចំនួន​សរុប​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅ​តាម​ទីតាំង​នីមួយៗ គឺ​ដំណើរការ​ល្អ ហើយ​ពលរដ្ឋ​បាន​មក​ចូលរួម​ច្រើន។

ចំពោះ​ការងារ​ចាក់​វ៉ាក់សាំង​នេះ​ដែរ កន្លងមក​នេះ​នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ក៏​មាន​លេចឮ​ព័ត៌មាន​ចចាមអារ៉ាម​មក​ថា មាន​សកម្មភាព​ចាក់​វ៉ាក់សាំង​ជំងឺ Covid-19 យក​លុយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ ជាពិសេស​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ ឬ​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ តែ​ម្តង។ ប្រភព​បញ្ជាក់​ថា ក្រុម​ការងារ​ដែល​ដើរ​ស្រង់​ឈ្មោះ​អ្នក​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ជាពិសេស​ជនជាតិ​ចិន គឺជា​ក្រុម​មនុស្ស ឬ​បុគ្គល​ដែល​ស្និទ្ធ​ជាមួយ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ តែ​ម្តង។

ប្រភព​ដដែល​បញ្ជាក់​ថា កាលពី​ក្នុង​ដំណាក់កាល​នៃ​ការ​ចាក់​វ៉ាក់សាំង​ដំបូង ឬ​វគ្គ​លើក​ទី​១ ក្នុង​ប៉ុន្មាន​ខែ​មុន​នេះ គឺ​មាន​ព័ត៌មាន​មក​ថា ជនជាតិ​ចិន​ម្នាក់​បាន​ចំណាយ​លុយ​ចាប់ពី ៣០០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ដើម្បី​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 នេះ។ ដោយឡែក​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ចង់​មាន​ឈ្មោះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នេះ​បាន​ឆាប់​រហ័ស ក៏​ត្រូវ​ចំណាយ​លុយ​អស់​មួយ​ចំនួន​ដែរ គឺ​មាន​អ្នក​ខ្លះ​ត្រូវ​ចំណាយ​លុយ​យ៉ាងហោចណាស់ ៥០​ដុល្លារ។

ចំពោះ​ពាក្យ​ចចាមអារ៉ាម​ដែល​ចោទ​ថា មាន​ករណី​យក​លុយ​ពី​ពលរដ្ឋ​ខាងលើ​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ក្រសួង​សុខាភិបាល ចេញ​មក​ច្រានចោល​ជាបន្តបន្ទាប់ ដោយ​ចាត់​ទុក​ការផ្សាយ​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​ថា​ជា​ការផ្សាយ​បំផ្លើស​ការពិត​ពី​ក្រុម​ជន​អគតិ​មួយ​ចំនួន ដែល​មាន​បំណង​មិន​ល្អ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​យកចិត្ត​ទុកដាក់​លើ​ការងារ​ស្វែងរក​ចាក់​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ឲ្យ​បាន​តាម​ផែនការ​គ្រោងទុក ១០​លាន​នាក់​នៅ​ចុង​ឆ្នាំ​២០២១ ឬ​ដើម​ឆ្នាំ​២០២២ តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស