26 C
Phnom Penh

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​លើក​ទឹកចិត្ត​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ថៃ ឲ្យ​ទទួល​បាន​ការពិនិត្យ​រក​វីរុស Covid-19 ឲ្យ​បាន​ហ្មត់ចត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខាង​ផ្នែក​សិទ្ធិ​ការងារ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ពលករ​ខ្មែរ​ដែល​បម្រើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ពលករ​ដែល​មាន​ឯកសារ​ត្រឹមត្រូវ និង​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ឲ្យ​ពួកគាត់​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ​ដោយ​ពុំ​មាន​ការ​ភ័យខ្លាច ដើម្បី​ទទួល​ការពិនិត្យ​រក​វីរុស Covid-19 ឲ្យ​បាន​ហ្មត់ចត់​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 បាន​ចេញ​លិខិត​ណែនាំ​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ Covid-19 បំប្លែង​ថ្មី​ដែល​កំពុង​ឆ្លង​លើ​ពលរដ្ឋ​ខ្មែរ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ថា លោក​ឯកភាព​ទៅ​នឹង​ចំណាត់ការ​របស់​អាជ្ញាធរ​ក្នុង​ការ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ Covid-19 បំប្លែង​ថ្មី​តាមរយៈ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា នៅ​ពេល​នេះ។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន បង្កើន​មណ្ឌល​ចត្តាឡីស័ក​ឲ្យ​បាន​ច្រើន និង​មាន​លក្ខណៈ​បច្ចេកទេស​សុខាភិបាល​ត្រឹមត្រូវ ចៀសវាង​នូវ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​យុទ្ធនាការ​នេះ ដែល​បណ្តាល​ឲ្យ​ការរៀបចំ​មណ្ឌល​ព្យាបាល​ទាំងនោះ​មិន​បាន​ល្អ និង​តាម​បច្ចេកទេស​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ពិបាក​រស់នៅ​រហូត​មាន​ការ​រត់​គេច​ពី​ការ​ព្យាបាល​ជាដើម។

លោក មឿន តុលា អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ទាំងអស់ ទោះ​ពួកគេ​ឆ្លងដែន​តាម​ច្រក​ព្រំដែន​ដោយ​ស្រប​ច្បាប់​ក្តី និង​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​តាម​ច្រក​របៀង​ក្តី សូម​នាំគ្នា​ទៅ​ជួប​អាជ្ញាធរ​ដើម្បី​ទទួល​ការពិនិត្យ​រក​មេរោគ Covid-19 ដើម្បី​ការពារ​អាយុ​ជីវិត​ខ្លួនឯង និង​ចូលរួម​ការពារ​កុំ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍។

ជាង​នេះ​ទៀត ក្នុង​យុទ្ធនាការ​នេះ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្តល់​ភាព​កក់ក្តៅ និង​ការ​លើក​ទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ទាំងនោះ ជាពិសេស​ពលករ​ដែល​ឆ្លងដែន​ដោយ​ខុស​ច្បាប់ មិន​ត្រូវ​បំភ័យ​ដែល​នាំ​ឲ្យ​មាន​ការ​ភ័យខ្លាច​ណាមួយ​ដល់​ពួកគេ​នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 បាន​ដាក់​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២១ អំពី​វិធានការ​ឆ្លើយតប​ទៅ​នឹង​ការ​វិវឌ្ឍ​ថ្មី​នៃ​ជំងឺ Covid-19។ វិធានការ​នេះ បាន​ដាក់​ចេញ​នូវ​ការពង្រីក​ការ​គ្រប់គ្រង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA ដែល​បាន​រក​ឃើញ​លើ​អ្នក​ដំណើរ​ចូល​ទៅ​ប្រទេស​កម្ពុជា តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ នា​ពេល​កន្លង​មក។

គណៈកម្មាធិការ​នេះ អះអាង​ថា ដើម្បី​គ្រប់គ្រង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ DELTA កុំ​ឲ្យ​ចូល​ទៅ​ក្នុង​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រៀបចំ​ជាបន្ទាន់​នូវ​មណ្ឌល​ចត្តាឡីស័ក​បន្ថែម​ទៀត​នៅ​តាម​មាត់ច្រក​ព្រំដែន​កម្ពុជា-ថៃ ជាពិសេស​ខេត្ត​ដែល​ពុំ​ទាន់​មាន​កន្លែង​ធ្វើ​ចត្តាឡីស័ក​គ្រប់គ្រាន់ និង​ត្រូវ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​អ្នក​ធ្វើ​ចត្តាឡីស័ក​ដែល​មកពី​ប្រទេស​ថៃ និង​អ្នក​ធ្វើ​ចត្តាឡីស័ក​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​សហគមន៍ ដើម្បី​បង្ការ​ការ​ចម្លង​មេរោគ​បំប្លែង​ថ្មី​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ទាំងនោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ក្នុង​សហគមន៍ និង​ការ​កើត​មាន​ឡើង​ជាយថាហេតុ​ដែល​បណ្តាល​មកពី​មេរោគ​បំប្លែង​ថ្មី គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ចាត់​វិធានការ​មុត​ស្រួច​បន្ថែម​ទៀត ទាំង​វិធានការ​ផ្នែក​រដ្ឋបាល វិធានការ​សុខាភិបាល និង​វិធានការ​ច្បាប់​ពី​លើ​ការអប់រំ និង​ការ​អំពាវនាវ​នា​ពេល​កន្លង​មក។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០២១ ថា ក្រសួង​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ជំងឺ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ចំនួន ៧​ករណី​លើ​អ្នក​ដំណើរ​ពី​ប្រទេស​ថៃ ចូល​ទៅ​កម្ពុជា ដែល​អ្នក​ទាំងនោះ​សុទ្ធសឹងតែ​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​ខេត្ត​កំពត កំពង់ចាម សៀមរាប ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ។

ជុំវិញ​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល បាន​អះអាង​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី ១១៣០​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៧០​នាក់ ខណៈ​អ្នក​ដែល​បាន​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន​ដល់​ទៅ ២៧​នាក់​ឯណោះ។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេល​នេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៥​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៤​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៦០២​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ សប្តាហ៍​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស