27 C
Phnom Penh

លោក ហ៊ុន សែន ប្រតិកម្ម​ខ្លាំងៗ​លើ​ក្រសួង​សុខាភិបាល​ដែល​មិន​បញ្ចេញ​បរិក្ខារ​សុខាភិបាល​ទៅ​តាម​បណ្តា​ខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​ថា ក្រសួង​សុខាភិបាល​ជាប់​អារម្មណ៍​អភិរក្ស​និយម មិនព្រម​បញ្ចេញ​ឧបករណ៍​តេស្ដ​រហ័ស​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ទប់ស្កាត់​ជំងឺ Covid-19 ខណៈ​ជំងឺ Covid-19បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA កំពុង​ឆ្លង​ចូល​កម្ពុជា​ទៅ​ហើយ​នោះ។

ការព្រមាន​នេះ ធ្វើឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​កំពុង​រីករាលដាល​នៅ​កម្ពុជា តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង និង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ យ៉ាង​ចាស់​ដៃ​ថា ក្រសួង​សុខាភិបាល​ត្រូវ​មាន​ការទទួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​ថា​បរិក្ខារ​សុខាភិបាល​មិនមែន​យក​មក​ដេក​ឱប​នោះ​ទេ ប៉ុន្តែ​ត្រូវ​បញ្ជូន​ទៅតាម​បណ្តា​ខេត្ត​ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​ទាន់​ពេលវេលា។

លោក​អះអាង​ថា កម្ពុជា​មិន​ខ្វះ​លុយ​នោះ​ទេ ដូច្នេះ​ក្រសួង​សុខាភិបាល​ត្រូវ​ពិនិត្យ​មើល​កិច្ចការ​របស់​ខ្លួន​ថា តើ​ក្រសួង​មាន​តម្រូវការ​អ្វី​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​នូវ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ទាន់​ខ្វះ​លុយ​ដល់​កម្រិត​ដួល​រលំ​ដោយសារ​ជំងឺ Covid-19 ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក​នេះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា តើ​មន្ត្រី​សុខាភិបាល​ទាំងនោះ​ធ្វើ​ជា​មន្ត្រី​បច្ចេកទេស​របៀប​ម៉េច ព្រោះ​ការងារ​កន្លងមក​ទាល់តែ​លោក​បញ្ជា​បាន​នាំគ្នា​ធ្វើ លោក​បញ្ជា​ម្តង​ធ្វើ​ការ​ម្តង លោក​បញ្ជា​ពីរ​ដង​ធ្វើ​ការ​ពីរ​ដង​បែប​នេះ។

លោក​គូស​បញ្ជាក់​ថា ការ​ពិនិត្យ និង​ធ្វើ​តេស្ដ​បាន​កាន់តែ​ឆាប់ គឺ​អាច​គ្រប់គ្រង​ការ​ឆ្លង​នៃ​ជំងឺ​នេះ​បាន​កាន់តែ​លឿន ហេតុ​អ្វី​មន្ត្រី​សុខាភិបាល​ទាំងនោះ​ធ្វើការ​យូរ​ហើយ​មិន​យល់​ពី​បញ្ហា​នេះ។

បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ​ថា លោក ហ៊ុន សែន យក​នយោបាយ​មុខមាត់​ខ្លួនឯង​ទៅ​សង្កត់​បច្ចេកទេស​សុខាភិបាល ប៉ុន្តែ​បែរ​ទម្លាក់​កំហុស​លើ​ក្រសួង​សុខាភិបាល​ដែល​គាត់​មិន​ផ្ដល់​អំណាច​ឲ្យ​ចាត់ចែង​ការងារ​នោះ​ទាំងស្រុង​ទៅវិញ។

លោក​អះអាង​ថា ក្នុង​ការ​ចែកចាយ​បរិក្ខារ​សុខាភិបាល​នេះ លោក ហ៊ុន សែន មិន​គួរ​បន្ទោស​ទៅលើ​ក្រសួង​សុខាភិបាល​ទាំងស្រុង​បែប​នេះ​ទេ ព្រោះ​ថា​ការទទួល​ខុសត្រូវ​លើ​កិច្ចការ​នេះ គឺ​ស្ថិត​លើ​ខ្លួន​ផ្ទាល់​តែម្តង ត្បិត​លោក ហ៊ុន សែន គឺជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ខណៈ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង គ្រាន់តែ​ជា​អនុប្រធាន​នៃ​គណៈកម្មការ​នេះ​ប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា តាម​លោក​សង្កេត​កន្លងមក បរិក្ខារ​បច្ចេកទេស​សុខាភិបាល​ដែល​ទាក់ទង​នឹង​ការ​ព្យាបាល​ជំងឺ Covid-19 គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួង​សុខាភិបាល ប៉ុន្តែ​នៅ​ក្រោម​ឥទ្ធិពល​ជំនួញ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ជាពិសេស​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន ម៉ាណែត និង​ភរិយា​របស់​គាត់​តែម្តង។ ដូច្នេះ ការ​ចែកចាយ​បរិក្ខារ​សុខាភិបាល​ដែល​ប៉ះពាល់​ប្រយោជន៍​គ្រួសារ​ត្រកូល ហ៊ុន គឺ​ច្បាស់​ជា​មន្ត្រី​ទាំងនោះ​មិន​ហ៊ាន​សម្រេច​នោះ​ទេ។

លោក​គូស​បញ្ជាក់​ថា លោក ហ៊ុន សែន សម្រេច​ចិត្ត​ខុស​ដោយខ្លួន​តាំងពី​ជំហាន​ដំបូង​មក​ម្ល៉េះ ព្រោះ​ថា​គាត់​មាន​គំនិត​ទុច្ចរិត​ប្រើ​ឱកាស​ជំងឺ Covid-19 ដើម្បី​ជា​ប្រយោជន៍​មុខមាត់​នយោបាយ​របស់​គាត់​ផង និង​ប្រមូល​លុយ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ផង ប៉ុន្តែ​នៅ​ពេល​ដែល​ស្ថានការណ៍​ជ្រុល​ហួស គាត់​បែរជា​ទម្លាក់​កំហុស​ទៅលើ​អ្នក​ដទៃ ឬ​ក្រសួង​សុខាភិបាល​ដូច​ក្នុង​ពេលនេះ​ជាដើម។

កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន លោក ស ខេង លោក ទៀ បាញ់ លោក ប៊ិន ឈិន ជា​អនុប្រធាន ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ជា​អនុប្រធាន​ប្រចាំការ និង​លោក ម៉ម ប៊ុនហេង ជា​អនុប្រធាន​ផង​ដែរ។

ជុំវិញ​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៩៩៩​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៧១៥​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២៦​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៥​ម៉ឺន ១​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៤​ម៉ឺន ៤​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៦២៨​នាក់​ហើយ​នៅ​ពេល​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស