26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា ការ​បំផ្ទុះ​ឡើង​នូវ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ ដោយ​លោក ហ៊ុន សែន គឺ​ក្នុង​ចេតនា​ដើម្បី​ទម្លាក់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ពី​នាយករដ្ឋមន្ត្រី​ទី​១ និង​ជា​ការ​ប៉ុនប៉ង​រំលាយ​កម្លាំង​ទ័ព​រាជានិយម​របស់​ព្រះអង្គ​ផង​ដែរ។

លោក​អះអាង​ថា កម្លាំង​ទ័ព​រាជានិយម​រាប់​រយ​នាក់​ត្រូវ​បាន​គេ​សម្លាប់ ហើយ​យក​ទៅ​កប់​រាក់ៗ​ដើម្បី​បំបិទ​ភស្តុតាង​ដោយ​ដៃ​ទាំង​សងខាង​របស់​ពួកគេ​នៅ​ជាប់​ចំណង​នៅឡើយ។ លើស​ពី​នេះ អ្នក​ខ្លះ​ត្រូវ​គេ​អារ​ក និង​ខ្លះ​ទៀត​ត្រូវ​គេ​ខ្វេះ​គ្រាប់ភ្នែក​ទាំង​សងខាង ព្រមទាំង​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន​ដែល​បង្ហាញ​ថា​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​មុន​នឹង​គេ​សម្លាប់។

លោក គឹម សុខ បញ្ជាក់​ថា អំពើ​ព្រៃផ្សៃ​អមនុស្សធម៌ ការ​សម្លាប់​យ៉ាង​ឃោរឃៅ ការ​ធ្វើ​ទារុណកម្ម​ទៅលើ​ឈ្លើយសឹក​ដែល​បាន​ចុះចាញ់ និង​គ្មាន​អាវុធ​ក្នុង​ដៃ​ទាំងនោះ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​សុទ្ធសាធ ព្រោះ​អ្វី​ដែល​លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អ្នក​ក្រោម​បង្គាប់​ធ្វើ គឺ​ផ្ទុយ​ស្រឡះ​ពី​ច្បាប់​សង្គ្រាម​ទាំងស្រុង។

កាលពី ២៤​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​ពលរដ្ឋ​ខ្មែរ​ដ៏​ឃោរឃៅ​រវាង​គណបក្ស​រាជានិយម គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា អតីត​អ្នក​ស្នេហា​ជាតិ អ្នក​តស៊ូ​ដេញ​បរទេស​ឈ្លានពាន​ចេញពី​កម្ពុជា​ក្នុង​ទសវត្ស​៨០ ជាច្រើន​រូប​បាន​រងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​របស់​អ្នក​នយោបាយ​ទាំង​ពីរ​នេះ។

លោក​បញ្ជាក់​ថា ទង្វើ​អសីលធម៌​របស់​អ្នកនយោបាយ​មិន​គោរព​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត មិន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឯកភាព​ជាតិ​សាជាថ្មី។ ដោយសារ​រដ្ឋប្រហារ​នេះ បាន​នាំ​បញ្ហា​ដល់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន តែង​បដិសេធ​ថា​វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​វា​ជា​ហេតុការណ៍​មួយ​ដើម្បី​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថូម៉ាស ហាំម៉ាប៊ឺក និង​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​របាយការណ៍​របស់​ពួកគេ​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែ​តុលា ឆ្នាំ​១៩៩៧ ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា គឺជា “រដ្ឋប្រហារ” ពិតៗ​របស់​លោក ហ៊ុន សែន។

លោក ប្រ៊ែដ អាដាមស៍ ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នេះ បាន​អះអាង​ថា រដ្ឋប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស​ប្រមាណ​ជាង ២០០​នាក់ ក្នុង​នោះ​មាន​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូចជា​លោក ចៅ សម្បត្តិ និង​លោក ក្រូច យឿម ត្រូវ​បាន​គេ​សម្លាប់​ក្រោយ​ពេល​ពួកគេ​បាន​ដាក់​អាវុធ​ចុះចាញ់ ដោយឡែក លោក ហូ សុខ ត្រូវ​បាន​គេ​បាញ់​សម្លាប់​ខណៈ​លោក​កំពុង​ស្ថិតនៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៃ​ក្រសួង​មហាផ្ទៃ។

លោក ប្រ៊ែដ អាដាមស៍ បាន​អះអាង​ថា លោក ហ៊ុន សែន មិន​បាន​គោរព​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ស្តីអំពី​ច្បាប់​សង្គ្រាម​នោះ​ឡើយ។ បើ​ផ្អែក​តាម​អង្គ​ហេតុ​ដែល​ប្រមូល​បាន​ទាក់ទង​នឹង​ការ​សម្លាប់​ឈ្លើយសឹក​នៃ​មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា នោះ អាច​បញ្ជាក់​បាន​ថា លោក ហ៊ុន សែន គឺជា​អ្នក​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​នេះ​ទាំងស្រុង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ បាន​ជួយ​ឲ្យ​វៀតណាម អាច​អនុវត្ត​ផែនការ​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា​បាន​យ៉ាង​រលូន ដោយ​ការ​លើក​បន្តុប​នាយករដ្ឋមន្ត្រី​មួយ​រូប​ឲ្យ​ជួយ​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ​កម្ពុជា ដើម្បី​បើក​ផ្លូវ​ឲ្យ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​រវាង​កម្ពុជា-វៀតណាម ដែល​បាន​លួច​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​មុន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការ​បង្កើត​ឲ្យ​មាន​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ជាដើម អាច​មាន​សុពលភាព​ឡើងវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស