25 C
Phnom Penh

អ្នកវិភាគ៖ លោក ហ៊ុន សែន បញ្ជា​ឲ្យ​ផលិត​ក្តារមឈូស​គឺ​គ្រាន់តែ​ដើម្បី​រំដោះគ្រោះ​ឲ្យ​ខ្លួន​ឯង​តាម​អបិយ​ជំនឿ​តែប៉ុណ្ណោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ប្រមូល​ឈើ​ធ្វើ​ក្តារមឈូស​សម្រាប់​ដាក់​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19 នោះ គឺ​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ​ច្រើន ក្នុង​នោះ​ក៏​ប្រហែល​ជា​អាច​ការ​ធ្វើ​ពិធី​រំដោះគ្រោះ​ខ្លួនឯង​ផង​ដែរ ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក​បាន​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន ត្រូវ​បាន​មហាជន​មួយ​ចំនួន​ដាក់​ការ​សង្ស័យ​ថា លោក​បាន​ស្លាប់​ក្រោយ​ពេល​ដែល​លោក​មិន​បាន​ចេញ​មុខ ហើយ​ការ​ថ្លែង​សារ​ជា​សំឡេង​មួយ​ចំនួន​ដែល​បាន​ផ្សព្វផ្សាយ​កន្លងមក គឺជា​សំឡេង​របស់​លោក​ហាក់​កំពុង​ឈឺ​ដុនដាប ឬ​ជា​សំឡេង​មនុស្ស​ដែល​មិន​មាន​កម្លាំង​គ្រប់គ្រាន់។

ផ្ទុយពី​ការសង្ស័យ​របស់​មហាជន​មួយ​ចំនួន លោក ហ៊ុន សែន បាន​ជួប​ជាមួយ​មន្ត្រី​ការទូត​មួយ​ចំនួន ហើយ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​កាលពី​ពេល​ថ្មីៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ Covid-19 ដែល​មាន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន លោក​បាន​បញ្ជា​ឲ្យ​រៀបចំ​ក្ដារមឈូស​ឲ្យ​បាន​ច្រើន​ដើម្បី​ដាក់​សាកសព​ទាំងនោះ។

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ដោះស្រាយ​បញ្ហា Covid-19 របស់​លោក ហ៊ុន សែន គឺ​មាន​ចរិត​នយោបាយ ជាជាង​កិច្ចការងារ​បច្ចេកទេស​ដើម្បី​ធានា​សុខភាព​សាធារណៈ។ ក្នុង​នោះ ក៏​ប្រហែល​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​អាច​យក​ហេតុផល​នៃ​ការ​ធ្វើ​ក្ដារមឈូស​នេះ​ទៅ​កាប់​ព្រៃឈើ​បន្ថែម​ទៀត ដើម្បី​រក​លុយ ព្រោះ​ថា​ក្រោយ​ការ​ផ្ទុះ​ជំងឺ Covid-19 ជិត ២​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​កំពុង​ខ្វះ​លុយ​ធ្ងន់ធ្ងរ​ផង​ដែរ។

ពួកគេ​អះអាង​ថា ល្បែង Covid-19 នេះ ក៏​ជា​ផែនការ​មួយ​ដើម្បី​គំរាម​ពលរដ្ឋ​កុំ​ឲ្យ​រៀបចំ​បុណ្យ​ខួប ៥​ឆ្នាំ​បណ្ឌិត កែម ឡី និង​ការ​តវ៉ា​បញ្ហា​អយុត្តិធម៌​សង្គម​ផ្សេងៗ។ លើស​ពី​នេះ ក៏​ជា​ចេតនា​ដើម្បី​បង្វែរ​ភ្នែក​មហាជន​ឲ្យ​មក​គិត​រឿង Covid-19 ជាជាង​គិត​រឿង EBA និង GSP ដែល​ជា​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប និង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​ខាងមុខ​ចំពោះ​កម្ពុជា។

ប្រភព​ដដែល​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​នឹង​បន្ត​យន្តការ Covid-19 នេះ​រហូត​ដល់​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ ដើម្បី​ទប់ស្កាត់​ពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង ដូចជា​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្ទុះ​ការ​ឆ្លង​វីរុស Covid-19 នេះ​នៅ​តំបន់​នានា ហើយ​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬ​តម្រូវ​ឲ្យ​ព្យាបាល​នៅ​ផ្ទះ​គ្រប់ៗ​គ្នា​ជាដើម។

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ប្រកាស​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ក្នុង​ការដោះស្រាយ​បញ្ហា Covid-19 ថា ជំងឺ​សកល​នេះ​អាច​នឹង​បន្ត​ក្នុង​រយៈពេល​យូរ ខណៈ​ពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ត្រូវតែ​ផលិត​ក្ដារមឈូស​ឲ្យ​បាន​ច្រើន​ដើម្បី​បម្រុង​ទុក​ដាក់​សាកសព​ទាំងនោះ​ទៅតាម​ប្រពៃណី​ខ្មែរ។

លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វ៉េង សាខុន ព្រមទាំង​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ត្រូវ​សហការ​គ្នា​ប្រមូល​ឈើ​ដែល​បង្ក្រាប​បាន និង​ត្រូវ​រឹបអូស​ឈើ​ដែល​ខុសច្បាប់​ទាំងអស់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ផលិត​ក្ដារមឈូស​សម្រាប់​ដាក់​សាកសព​ដែល​ស្លាប់​ដោយ​ជំងឺ​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា។

កាលពី​អំឡុង​ដើម​ឆ្នាំ​២០១៨ ក្នុង​គ្រា​ដែល​លោក ហ៊ុន សែន ឈឺ និង​ទៅ​សម្រាក​ព្យាបាល​នៅ​ក្រៅ​ប្រទេស កូនៗ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា និង​លោក ហ៊ុន ម៉ានី ផង​បាន​ធ្វើ​ពិធី​ចែក​អំណោយ​ជា​ក្ដារមឈូស​ដល់​មនុស្ស​ចាស់ៗ​នៅ​ឯ​ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ដែល​នាំ​ឲ្យ​មាន​ការរិះគន់​ពី​មហាជន​ដែរ​ថា ពិធី​នោះ​ជា​ពិធី​រំដោះគ្រោះ​របស់​គ្រួសារ​ត្រកូល ហ៊ុន គឺ​មិនមែន​ជា​ការ​យកចិត្ត​ទុកដាក់​ដល់​ការ​ស្លាប់​របស់​ពលរដ្ឋ​ចាស់ជរា​នោះ​ទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស