28 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ក្រសួង​សុខាភិបាល​រៀបចំ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​បាន​ល្អ​ប្រសើរ​ជាង​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ការ​កែប្រែ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរៀបចំ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ យក​ទៅ​បូជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អ្វី​ដែល​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកំណត់​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លង​មក ថា​តើ​ពួកគេ​មាន​ជំងឺ​ឱកាស​និយម​អ្វី​ខ្លះ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ-១៩ នោះ​ឈាន​ទៅដល់​ការ​បាត់បង់​ជីវិត។

លោក​អះអាង​ថា បន្ថែម​ពី​ការកំណត់​ជំងឺ​ឱកាស​និយម​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កូវីដ-១៩ ងាយ​នឹង​ស្លាប់ ក្រសួង​ក៏​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្បាស់​ផង​ដែរ​រយៈពេល​នៃ​ការ​ឆ្លង​របស់​វីរុស​កូវីដ-១៩​នេះ​ឲ្យ​ជាក់ច្បាស់ ថា​តើ​នៅ​ពេល​ដែល​អ្នក​ដែល​ឆ្លង​វីរុស​កូវីដ-១៩​ហើយ ទទួល​ការ​ព្យាបាល​យឺត​ពេល​រយៈពេល​ប៉ុន្មាន​ថ្ងៃ ទើប​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​ដែល​វិជ្ជមាន​វីរុស​នេះ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​ពួកគេ​ស្លាប់​បាន។

លោក​ថា ការ​ធ្វើ​បែប​នេះ គឺជា​វិធី​មួយ​ដែល​ជួយ​ដាស់តឿន​ឲ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​ពី​ការ​ឆ្លង​នៃ​ជំងឺ​នេះ។

បណ្ឌិត យ៉ង សាំងកុមារ អំពាវនាវ​ឲ្យ​ពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩​នេះ ជាពិសេស​ជំងឺ​កូវីដ-១៩ បំប្លែង​ខ្លួន​ប្រភេទ​ថ្មី DELTA ដែល​មាន​លក្ខណៈ​កាច​សាហាវ​ជាង​ជំងឺ​កូវីដ-១៩ ដែល​ធ្លាប់​កើត​មាន​កន្លងមក។

កាលពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង និង​ចាត់ចែង​សាកសព​ដែល​មាន​ផ្ទុក​វីរុស​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព បង្ការ ទប់ស្កាត់​ការ​ចម្លង​នៃ​វីរុស​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ហានិភ័យ​សុខភាព​សាធារណៈ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា គ្រប់​សាកសព​អ្នកជំងឺ​កូវីដ-១៩ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​កោសល្យវិច័យ ឬ​វះកាត់​សាកសព​ឡើយ ហើយ​សាកសព​ទាំងនោះ​ត្រូវ​រុំ​ក្រណាត់ រួច​ដាក់​ក្នុង​ថង់​ប្លាស្ទិក​បិទ​ជិត​យ៉ាង​ត្រឹមត្រូវ​ដោយ​បុគ្គលិក​ក្នុង​មន្ទីរពេទ្យ ចំណែក​សាកសព​ខ្លះ​ត្រូវ​បាន​ដាក់​បង្កក​រក្សា​ទុក​មុន​ពេល​ដាក់​ទៅ​ក្នុង​មឈូស មុន​នឹង​យក​ទៅ​បូជា ឬ​យក​ទៅ​បញ្ចុះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អះអាង​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​កូវីដ-១៩ ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា ប្រសិន​ក្រសួង​សុខាភិបាល​មិន​បាន​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ទាន់​ពេល​ទេ នោះ​ពលរដ្ឋ​ខ្មែរ​នឹង​ស្លាប់​យ៉ាង​អាណោចអាធម្ម​ជាង​សម័យ ប៉ុល ពត ទៀត។

បញ្ហា​នេះ អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹម សុខ ធ្លាប់​បាន​ព្រមាន​តាំងពី​ដើម​ឆ្នាំ​២០២០ មក​ម្ល៉េះ​ថា ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​យក​ជំងឺ​កូវីដ-១៩ លេង​ល្បែង​យក​មុខ​ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន​បន្ត​ទៀត នោះ​កម្ពុជា​នឹង​ជួប​វិនាសកម្ម​ធំ​ទី​៤ បន្ទាប់ពី​ការ​បាត់បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​សាធារណរដ្ឋ លន់ នល់ សម័យ ប៉ុល ពត និង​សម័យ «ក៥» កាលពី​ឆ្នាំ​១៩៨៥ កន្លង​ទៅ​នោះ។

ដោយឡែក​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី លី អែលឡែន (Li Ailan) បាន​សរសេរ​លើ Twitter របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២១ ថា កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ឆ្លង​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ និង​វាយ​សន្ធប់​ធ្ងន់ធ្ងរ​លើ​សមត្ថភាព​ថែទាំ​របស់​មន្ទីរពេទ្យ។

អ្នកស្រី​អះអាង​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ លុះត្រាតែ​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​បុគ្គល និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ និង​បន្ទាន់​ជាទីបំផុត ដោយ​ទទួល​ខុសត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ពេលនេះ។

ជុំវិញ​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ខ្លួន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៩១១​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ១០០២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ២៣​នាក់​ផង​ដែរ។

ក្រសួង​បញ្ជាក់​ថា មក​ទល់​នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៦​ម៉ឺន ១​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៥​ម៉ឺន ៣​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ដល់ ៩២៥​នាក់​ហើយ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស