27 C
Phnom Penh

លោក ហ៊ុន សែន ថា​អំណោយ​វ៉ាក់សាំង​របស់​អាមេរិក​គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​កម្ពុជា

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា អំណោយ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ជាបន្តបន្ទាប់​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ពលរដ្ឋ​ខ្មែរ និង​នៅ​ក្នុង​តំបន់ ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ប្រឹង​ងើប​ចេញពី​ជំងឺ​រាតត្បាត​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១ ថា វ៉ាក់សាំង Covid-19 Johnson & Johnson ដែល​ជា​ជំនួយ​របស់​អាមេរិក​ជំហាន​ទី​២ ជាង ៦០​ម៉ឺន​ដូស​បន្ថែម​ទៀត​បាន​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ។

កាលពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២១ កន្លងទៅ អាមេរិក​ក៏​បាន​ផ្តល់​វ៉ាក់សាំង​របស់​ខ្លួន​ចំនួន ៤​សែន ៥​ម៉ឺន ៥០០​ដូស​ដល់​កម្ពុជា​ដែរ ហើយ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​សរុប​ទាំង​ពីរ​លើក​នេះ​មាន​ចំនួន ១​លាន ៦​សែន ១០០​ដូស។

លោក ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ដែល​កំពុង​រីក​រាលដាល​លើ​ពិភពលោក ខណៈ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​ផ្តល់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដែល​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 នេះ​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ​ចាប់​ពី​អាយុ ១២​ឆ្នាំ​រហូដ​ដល់​ក្រោម​អាយុ ១៨​ឆ្នាំ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១។

គិត​ត្រឹម​ខែ​សីហា ឆ្នាំ​២០២១ នេះ បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ជាបន្តបន្ទាប់ រួម​មាន​ប្រទេស​ចិន ផ្តល់​វ៉ាក់សាំង ៣​លាន ២​សែន​ដូស ប្រទេស​ជប៉ុន ១​លាន​ដូស អាមេរិក ១​លាន​ដូស និង​អង់គ្លេស​ចំនួន ៤១​ម៉ឺន ៥​ពាន់​ដូស។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន បាន​អះអាង​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 ដល់​កុមារ និង​យុវវ័យ​អាយុ​ក្រោម ១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ថា នៅ​ពេលនេះ កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ចំនួន ១៩​លាន​ដូស​ហើយ​ដែល​កំពុង​ដំណើរការ​ចាក់​ជូន​ពលរដ្ឋ ខណៈ​វ៉ាក់សាំង​ដែល​នឹង​ទៅ​ដល់​កម្ពុជា​បន្ថែម​ទៀត​ទាំង​វ៉ាក់សាំង​ដែល​ជា​ជំនួយ​មនុស្សធម៌ និង​វ៉ាក់សាំង​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាទិញ​សរុប​ទាំងអស់​មាន​ចំនួន ២៦​លាន ៤​សែន ៩​ម៉ឺន ៩​ពាន់ ១០០​ដូស។

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣​សែន​នាក់​ហើយ ខណៈ​អ្នក​ដែល​បាន​ចាក់​ដូស​ទី​២ មាន​ចំនួន​ជាង ៤​លាន ៨​សែន​នាក់​ផង​ង​ដែរ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស