27 C
Phnom Penh

ក្រុម​អ្នក​តស៊ូ​មតិ៖ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ពិតជា​មិន​យល់​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន

បទវិភាគ

ក្រុម​អ្នក​រិះគន់​និយាយ​ថា លោក ហ៊ុន សែន ពិតជា​មិន​យល់​អំពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​ប្រាកដ​មែន ទោះបីជា​គាត់​ខំ​ប្រតិកម្ម​តប​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្លាប់​រិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២ សីហា ថា សិទ្ធិមនុស្ស​ដែល​លោក ហ៊ុន សែន បាន​លើកឡើង​គឺជា​សិទ្ធិ​ដែល​ត្រូវ​អនុវត្ត​ក្រោម​អំណាច​របស់​លោក​តែប៉ុណ្ណោះ មិនមែន​ជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ចំណុច​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​នៅតែ​មិន​អាច​បែងចែក​បាន​ពី​ការ​អនុវត្ត​សិទ្ធិ និង​ការ​អនុវត្ត​អំណាច​បាន​នៅឡើយ។

លោក​អះអាង​ថា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ លុះត្រាតែ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ​ដោយ​គ្មាន​ការ​គំរាមកំហែង ប៉ុន្តែ​ប្រសិនបើ​មាន​ការ​បង្ក្រាប​ពី​សំណាក់​រដ្ឋាភិបាល នោះ​មានន័យ​ថា ការប្រើប្រាស់​សិទ្ធិ​នោះ​គឺ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​មាន​ការ​អនុវត្ត​អំណាច​ដែល​បាន​រំលោភ​លើ​ច្បាប់​ដែល​បាន​ចែង​ពី​ការប្រើប្រាស់​សិទ្ធិ​ទាំងនោះ។

លោក​បន្ត​ថា ការប្រើ​អំណាច​គាប​សង្កត់​អ្នក​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដោយ​ស្រប​ច្បាប់ គឺ​មាន​ន័យ​ថា អ្នក​គាប​សង្កត់​នោះ​កំពុងតែ​រំលោភ​ច្បាប់​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ ព្រោះ​ថា​ការ​ប្រើប្រាស់​សិទ្ធិ​ដោយ​ស្រប​ច្បាប់ មិន​ត្រូវ​បាន​ហាមប្រាម​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន នៅតែ​មានះ​បង្ក្រាប​អ្នក​ប្រើប្រាស់​សិទ្ធិ​ដោយ​ស្រប​ច្បាប់​ទាំងនោះ។ លោក​បន្ត​ថា ត្រង់​ចំណុច​នេះ​ហើយ​ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​មិន​យល់​ច្បាស់​ពី​សិទ្ធិ​ពលរដ្ឋ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​រិះគន់​ខ្លាំងៗ​ក្នុង​កម្មវិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​វិស័យ​ការពារ​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា ថា​បើ​អ្នកវិភាគ ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​គ្មាន​សិទ្ធិ​បញ្ចេញមតិ ប្រហែល​អ្នក​ទាំងនោះ​ត្រូវ​​​ជាប់​ខ្នោះ​អស់​ហើយ​នៅ​ពេល​ពួកគេ​កំពុង​រិះគន់​រដ្ឋាភិបាល​របស់​លោក​នោះ។ លោក ហ៊ុន សែន អះអាង​ថា អ្នក​ដែល​កំពុង​ស្រែក​ថា​គ្មាន​សិទ្ធិ​បញ្ចេញមតិ​នោះ គឺ​កំពុង​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​កំពុង​មាន​សិទ្ធិ​បញ្ចេញមតិ​ហើយ ត្បិត​ពួកគេ​កំពុងតែ​បញ្ចេញមតិ​នូវ​អ្វី​ដែល​គេ​ចង់​និយាយ​បាន​ដោយ​សេរី ដូច្នេះ​ករណី​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្ដែង​មតិ​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម ប្រតិកម្ម​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គ្រាន់តែ​មាន​បំណង​បន្លប់​សាធារណមតិ​ប៉ុណ្ណោះ ខណៈ​លោក​កំពុង​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល​ជាបន្តបន្ទាប់​ដែល​ជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ Covid-19 នេះ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​នេះ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​រិះគន់​លើ​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដែល​បាន​ដាក់​ចេញ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ​នៃ​លិខិតុបករណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ជាពិសេស​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​កម្ពុជា​ជា​រដ្ឋ​ភាគី​បាន​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​ទាំងនេះ។

កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា កន្លងទៅ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​កាតព្វកិច្ច​ក្នុង​ការ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដែល​បាន​ចែង​ពី​ការ​ដាក់​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​គេចវេស​មិនព្រម​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19។

ជាង​នេះ​ទៀត លោក​ក៏​ធ្លាប់​គំរាម​ដក​តំណែង​ចំពោះ​មន្ត្រី​រាជការ​ណា​ដែល​មាន​បំណង​គេចវេស​ពី​ការ​ចាក់​វ៉ាក់សាំង​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ផង​ដែរ។

មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ថា កម្ពុជា​ទទួល​ស្គាល់ និង​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស សិទ្ធិ​នារី និង​សិទ្ធិ​កុមារ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស