28 C
Phnom Penh

ពលករ​ខ្មែរ​រាប់​រយ​នាក់​កំពុង​ជាប់​គាំង​នៅ​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ពេល​បិទ​ខ្ទប់​២​សប្តាហ៍​ដើម្បី​ការពារ​វីរុស Covid-19 បំប្លែង​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ចំនួន ២​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 បំប្លែង​ខ្លួន​ថ្មី Delta បាន​រក​ឃើញ​ឆ្លង​រាតត្បាត​ចូល​មក​ដល់​កម្ពុជា​រួច​មក គឺ​មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅតែ​បន្ត​វិលត្រឡប់​ពី​ប្រទេស​ថៃ ក្នុង​បំណង​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា ស្ទើរ​ជា​រៀងរាល់​ថ្ងៃ។

អភិបាល​ស្រុក​ថ្មពួក លោក អែម សុខា បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា ថា ពលករ​ខ្មែរ​រាប់​រយ​នាក់​បាន​បន្ត​ធ្វើ​ដំណើរ​វិល​ពី​ប្រទេស​ថៃ ចូល​មក​កម្ពុជា ក្នុង​ដំណាក់កាល​បិទ​ខ្ទប់​ចាប់តាំង​ពី​ចុង​ខែ​កក្កដា មក។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពលករ​ទាំងនោះ​ឆ្លង​បន្ទាត់​ព្រំដែន​ទេ ដោយ​ក្រុម​ការងារ​ចម្រុះ​បាន​សម្របសម្រួល និង​រៀបចំ​កន្លែង​ឲ្យ​ពួកគាត់​សម្រាក​នៅ​តាម​ព្រំដែន​ក្នុង​តំបន់ “ស” ខាង​ទឹកដី​កម្ពុជា ជា​បណ្ដោះអាសន្ន​សិន។

លោក​អភិបាល​ស្រុក​ថ្មពួក បន្ថែម​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ជាង ២០០​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​ថៃ ដែល​ប៉ុនប៉ង​ឆ្លង​ព្រំដែន​ចូល​មក​កម្ពុជា​វិញ ប៉ុន្តែ​ត្រូវ​បាន​ជាប់​គាំង​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ ស្ថិតនៅ​ស្រុក​តាប្រាយ៉ា ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​ស្រុក​ថ្មពួក នៃ​ខេត្ត​បន្ទាយមានជ័យ។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ស្វាយ ជា អភិបាល​ស្តីទី​ស្រុក​ម៉ាឡៃ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មូលដ្ឋាន​នេះ​កងកម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​ចំនួន ៨​គោលដៅ ដើម្បី​យាមកាម​តាម​បន្ទាត់​ព្រំដែន ២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ពី​ថៃ ចូល​មក​កម្ពុជា ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ។

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​សីហា មាន​ពលករ​ខ្មែរ​ប្រមាណ ៨០​នាក់ បាន​វិល​ពី​ថៃ ចូល​មក​កម្ពុជា វិញ តាម​ច្រក​ព្រំដែន​ស្រុក​ម៉ាឡៃ ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​អនុញ្ញាត​ឲ្យ​ចូល​មក​កម្ពុជា ទេ។ ក្នុង​នោះ​ក្រុម​ការងារ​ចម្រុះ​ដែល​ប្រចាំការ​នៅ​ទីនោះ ក៏​បាន​ផ្តល់​តង់​សម្រាប់​សម្រាក​បណ្ដោះអាសន្ន និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដោយ​រង់ចាំ​បទបញ្ជា​ឲ្យ​បើក​ព្រំដែន​ជា​មុន​សិន។

លោក ស្វាយ ជា បន្ត​ថា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​បិទ​ខ្ទប់​នេះ ក៏​មាន​សប្បុរសជន​មួយ​ចំនួន​បាន​ចូលរួម​ឧបត្ថម្ភ​ជា​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​សម្រាប់​ចែក​ជូន​ពលករ​ខ្មែរ​ទាំងនោះ​ជា​បន្តបន្ទាប់​ដែរ។

ចំណែក​ឯ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ជាពិសេស​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​មាន​បំណង​ចង់​វិលត្រឡប់​ចូល​មក​កម្ពុជា​វិញ សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​មួយ​រយៈពេល​សិន ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល Covid-19 បំប្លែង​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ខេត្ត​បន្ទាយមានជ័យ ក៏​មាន​ករណី​រក​ឃើញ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ Delta នេះ​ជាច្រើន​ករណី​ផង​ដែរ។

បន្ថែម​លើ​នេះ លោក​អភិបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ក្រើន​រំឭក​ដល់​ពលរដ្ឋ ពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ទាំងអស់ ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស