26 C
Phnom Penh

សកម្មជន​បក្ស​ប្រឆាំង៖ ការ​ធ្វើ​សមាជ​បក្ស​ភ្លើង​ទៀន​ជា​សញ្ញា​នៃ​ការ​ដើរ​ចេញ​ពី​បក្ស​សង្គ្រោះ​ជាតិ

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង​អះអាង​ថា គណបក្ស​ភ្លើង​ទៀន ដែល​បាន​ប្រកាស​គម្រោង​ធ្វើ​សមាជ​របស់​ខ្លួន គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គណបក្ស​នេះ​គ្មាន​ឆន្ទៈ​រួបរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​នោះ​ទេ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោ ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​អះអាង​ថា កឹម សុខា និង សម រង្ស៊ី ជា​មនុស្ស​តែ​មួយ​ដែល​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី តែង​លើកឡើង​កន្លងមក​នោះ គ្រាន់តែ​ការ​ភូត​កុហក​អ្នក​គាំទ្រ​របស់​ខ្លួនឯង​ប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​រួបរួម​រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស ប៉ុន្តែ​ការ​បែក​ចេញ​ពី​ស្មារតី​រួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ គឺ​មានន័យ​ថា សមាជិក​អតីត​បក្ស​ប្រឆាំង​បាន​យល់ព្រម​ចូលរួម​កំដរ​ល្បែង​នយោបាយ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ដើម្បី​បង្ហាញ​ជំហរ​រួបរួម​ដ៏​ស្មោះត្រង់ និង​គោរព​តាម​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​នយោបាយ​ខាង​គណបក្ស​សិទ្ធិមនុស្ស បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ប្រកាស​រំលាយ​បក្ស​នេះ​ចេញពី​ឆាក​នយោបាយ​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ដោយឡែក​ភាគី​នយោបាយ​គណបក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី មិន​បាន​អនុវត្ត​ប្រកាស​រំលាយ​គណបក្ស​របស់​ខ្លួន​បែប​នេះ​ទេ​រហូត​មក​ទល់​នឹង​ពេលនេះ។

គណបក្ស​ភ្លើង​ទៀន​ដែល​ជា​អតីត​គណបក្ស​របស់​លោក សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​បើក​សមាជ​របស់​ខ្លួន​នៅ​ចុង​ខែ​សីហា ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ស្ដីពី​សេចក្តី​សម្រេច​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស សម្រេច​ធ្វើ​សមាជ​សាមញ្ញ​របស់​គណបក្ស​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ ដើម្បី​ជ្រើសរើស​សមាសភាព និង​កំណត់​យុទ្ធសាស្ត្រ​ថ្មី​របស់​គណបក្ស​ផង​ដែរ។

ការ​ប្រកាស​ធ្វើ​សមាជ​គណបក្ស​ភ្លើង​ទៀន​នេះ ត្រូវ​គេ​សង្ស័យ​ថា​ជា​សេណារីយ៉ូ​នយោបាយ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ជា​អ្នក​នៅ​បញ្ជា​ពីក្រោយ​ក្នុង​គោលបំណង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ ស្រប​ពេល​ដែល​មហាជន​មើល​ឃើញ​ថា លោក សម រង្ស៊ី កំពុងតែ​រក​ច្រក​ចូល​ស្រុក​ដើម្បី​បន្ត​ជីវិត​នយោបាយ​របស់​ខ្លួន​ដែរ​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា និង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី ដែល​បាន​ប្តូរ​ទៅជា​គណបក្ស​ភ្លើង​ទៀន ក្នុង​ពេល​បច្ចុប្បន្ន​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

គិត​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​អាយុ​ជិត ៥​ឆ្នាំ​កន្លះ​ហើយ ប៉ុន្តែ​ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ​ទាំង​អយុត្តិធម៌​ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​លោក ហ៊ុន សែន និង​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ចំនួន ១១៨​រូប​ផង​ដែរ។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ហាក់​លែង​មាន​ភាព​អត់ធ្មត់ និង​ទាមទារ​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៀត​ហើយ ស្រប​ពេល​ដែល​គណបក្ស​នយោបាយ​ដែល​ទើប​នឹង​បង្កើត​ថ្មី និង​គណបក្ស​ចាស់​ដែល​កំពុង​រៀបចំ​កំណែ​ទម្រង់​ថ្មី ដែល​គេ​សង្ស័យ​ថា​ជា​ការរៀបចំ​របស់​លោក សម រង្ស៊ី បាន​ចេញ​មក​ជា​បន្តបន្ទាប់ ខណៈ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កំពុងតែ​ខិត​ជិត​មក​ដល់​ដែរ​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស