27 C
Phnom Penh

សង់ត្រាល់​ស្នើ​រដ្ឋាភិបាល​រៀបចំ​វិធានការ​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ​ដល់​ពលករ​ដែល​ត្រឡប់​ពី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ និង​សុវត្ថិភាព​សុខមាលភាព​ដល់​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ​ក្នុង​ពេលនេះ។

អង្គការ​សង់ត្រាល់ បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​តាម​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​សីហា ឆ្នាំ​២០២១ មាន​ពលករ​ជាង ១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ឆ្លង​ដែន​ពី​ថៃ ចូល​មក​កម្ពុជា​វិញ។

ក្រុម​ការងារ​អង្គការ​សង់ត្រាល់ បាន​ចុះ​តាម​ខេត្ត​មួយ​ចំនួន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​សម្គាល់​ឃើញ​ថា ក្នុង​ចំណោម​ច្រក​តូច​ធំ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ចំនួន​ប្រមាណ ១១​ច្រក មាន​តែ ៥​ច្រក​ប៉ុណ្ណោះ​ដែល​មាន​ការ​រៀបចំ​ទទួល និង​ដឹកជញ្ជូន​ពលករ​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​ក្រោម​ការ​រៀបចំ​ដោយ​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​ក្រុម​គ្រូពេទ្យ។

ច្រក​ទាំងនោះ​រួម​មាន៖

  • ច្រក​អូស្មាច់ ស្ថិតនៅ​មូលដ្ឋាន​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ
  • ច្រក​បឹងត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ
  • ច្រក​អូរបីជាន់ និង​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ស្ថិត​ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ
  • និង​ច្រក​អូរអន្លក់ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។

ការ​សម្រុក​វិល​មក​កម្ពុជា​វិញ​របស់​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ គឺ​បន្ទាប់ពី​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ នៅ​ប្រទេស​ថៃ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។

ប្រភព​ពី​ពលករ​កម្ពុជា​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា នៅ​អាទិត្យ ទី​១៥ ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​ពលករ​កម្ពុជា​កំពុង​ធ្វើការ​នៅ​រោងចក្រ GFN ដ៏​ធំ​ដែល​ស្ថិតនៅ​ស្រុក​ណងយ៉ៃ ខេត្ត​ឈុនបុរី បាន​ស្លាប់​ចំនួន ៣​នាក់ និង​ដួល​សន្លប់​បន្តបន្ទាប់​ដោយ​មិន​ដឹង​មូលហេតុ​ពិតប្រាកដ។ ប្រភព​ដដែល​ថា ពលករ​បរទេស​ដែល​នៅ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ GFN មាន​រហូត​ដល់​ជាង ៤​ពាន់​នាក់ ក្នុង​នោះ​មាន​ពលករ​កម្ពុជា​ជាង ៣​ពាន់​នាក់។ បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​វិជ្ជមាន​ជំងឺ Covid-19 លើ​ពលករ​កម្ពុជា​ជាង ១​ពាន់​នាក់​ហើយ ស្រប​ពេល​ពលករ​ជាង ២​ពាន់​នាក់​ទៀត​កំពុងតែ​ជាប់​ពាក់ព័ន្ធ​ក្នុង​ពេល​រាលដាល​នៃ​ជំងឺ Covid-19 ផង​ដែរ។

ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ។ រូបថត​ដោយ​សង់ត្រាល់

អង្គការ​សង់ត្រាល់ ថា​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​ពលករ​កម្ពុជា​ជាច្រើន​ពាន់​នាក់​មាន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង និង​ចង់​វិល​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ។

ទោះ​យ៉ាងណា អង្គការ​សង់ត្រាល់​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំ​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀងអាហារ ការ​ស្នាក់នៅ និង​សុវត្ថិភាព​សុខមាលភាព​ដល់​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ​ក្នុង​ពេលនេះ។

អង្គការ​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​សិទ្ធិ​កម្មករ និង​ពលករ​ដដែល​នេះ បាន​សម្គាល់​ឃើញ​ថា ការ​រៀបចំ​ចាត់ចែង​ក្នុង​មណ្ឌល​ចត្តាឡីស័ក​នៅ​មាន​ការ​ខ្វះខាត​ផ្សេងៗ ដូចជា​បន្ទប់ទឹក​នៅ​មាន​កម្រិត ការ​ស្នាក់នៅ​របស់​ពលករ​មាន​ចំនួន​ច្រើន​លើសលប់ និង​មិន​អាច​ធានា​បាន​នូវ​សុវត្ថិភាព​ពេញលេញ​ស្រប​តាម​និយាម​សុវត្ថិភាព​សកល។

ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ។ រូបថត​ដោយ​សង់ត្រាល់

ចំណែក​ឯ​វិធានការ​ទទួល​ពលករ និង​ដឹកជញ្ជូន​ពលករ​តាម​ជាយដែន​ទៅកាន់​មណ្ឌល​ចត្តាឡីស័ក​នានា ក៏​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ ដោយ​ពលករ​មាន​ចំនួន​ច្រើន​កកកុញ​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​នៅ​ពេល​ពួកគេ​ជិះ​លើ​រថយន្ត ហើយ​ម្យ៉ាង​វិញ​ទៀត នៅ​ពេល​ពលករ​មកដល់​ច្រក​ព្រំដែន​ដើម្បី​រង់ចាំ​មធ្យោបាយ​ដឹកជញ្ជូន ក៏​មាន​លក្ខណៈ​ចង្អៀត​ណែនណាន់តាន់តាប់​ដែល​អាច​ធ្វើ​ឲ្យ​ហានិភ័យ​ឆ្លង​មេរោគ Covid-19 ក្នុង​កម្រិត​ខ្ពស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស