26 C
Phnom Penh

ភាគ​១៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

បទវិភាគ

តាម​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​ជ្រើសរើស​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។

តើ​ការ​រៀបចំ និង​ការ​បង្កើន​នូវ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មាន​បំណង​អ្វី? តើ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នក​ណា​ជា​មេ​គំនិត?

គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រធាន​ថ្មី គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាម​ដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយ​ពី​លោក ជា ស៊ីម ប្រធាន​បក្ស​ពីមុន​បាន​ទទួល​មរណភាព​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ពង្រីក​ទំហំ​សមាជិកភាព​បក្ស​ឥត​ឈប់ឈរ ដោយ​ផ្តើម​ពី​ក្នុង​ប្រទេស ហើយ​បន្ត​ទៅ​ក្រៅ​ប្រទេស​ថែមទៀត។ ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា អាប់​កេរ្តិ៍​ឈ្មោះ​បាត់បង់​ប្រជាប្រិយភាព​មួយ​កម្រិត ព្រោះតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស រឹតត្បិត​សេរីភាព​ពលរដ្ឋ ការ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ អំពើពុករលួយ បំផ្លាញ​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅ​ឆ្នាំ​២០១៤ អ្នក​ដឹកនាំ​បក្ស​ផ្តើម​គំនិត​ពង្រីក​ឥទ្ធិពល​បក្ស​តាម​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​ធនធាន​បាន​មកពី​អំពើពុករលួយ លួច​ដោះដូរ​លក់​សម្បត្តិ​រដ្ឋ បង្ហិន​សម្បត្តិ​ធម្មជាតិ ទៅ​ទាក់ទាញ​មនុស្ស​តាមរយៈ​ការ​សន្យា​ផ្តល់​លាភសក្ការៈ មុខមាត់​លុយកាក់ បុណ្យស័ក្តិ ជួល ឬ​ទិញ​មនុស្ស​ឲ្យ​ធ្វើការ​ឲ្យ​គេ មាន​ដូចជា​យក​ការណ៍ ផ្តល់​ព័ត៌មាន​ឲ្យ​បក្ស​តាម​ខ្សែរយៈ គេ​ហៅថា​ខ្សែ​បណ្តោយ ឬ​ខ្សែ​ទទឹង។ នៅ​ក្នុង​ស្រុក​មាន​បណ្ដាញ​ជា​ក្រុមៗ​ដើរ​ចែក​អំណោយ ដើរ​ជួយ​ប្រជាពលរដ្ឋ មាន​ជន​រងគ្រោះ​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ ជាដើម។ អំពើ ឬ​ទង្វើ​សកម្មភាព​ជួយ​ពលរដ្ឋ មិនមែន​ជា​រឿង​ខុសឆ្គង​ទេ ប៉ុន្តែ​រឿង​ប្រើ​អំណាច ឬ​ឥទ្ធិពល​ក្នុង​នាម​ជា​បុគ្គលិក​ស្ថាប័ន​រដ្ឋ គឺជា​រឿង​ទំនាស់​ផលប្រយោជន៍ អង់គ្លេស​ហៅថា conflict of interests។

មុន​នឹង​ជម្រាប​ជូន​ពលរដ្ឋ​ខ្មែរ​អំពី​សកម្មភាព​សមាជិក ឬ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​បរទេស យើង​ខ្ញុំ​សូម​រំឭក​ឡើងវិញ​អំពី​សាវតារ​សង្ខេប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ឯកសារ​ប្រវត្តិសាស្ត្រ​និពន្ធ​ដោយ​អត្ថកោវិទ​បរទេស​អំពី​រឿង​ខ្មែរ។

ក្រោយ​ពី​ការ​បង្កើត​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដោយ​មេ​បដិវត្តន៍ ង្វៀង អៃគួក ហៅ ហូ ជីមិញបាក ហូ នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​១៩៣០ ព្រឹត្តិការណ៍​ទាក់ទិន​នឹង​ចលនា​ឥស្សរៈ ចលនា​រំដោះ​ជាតិ ចលនា​កុម្មុយនីស្ត​នៅ​ស្រុក​ខ្មែរ​ចាប់ផ្តើម​ពី​ចុង​ទសវត្ស​ឆ្នាំ​១៩៤០។ សមាជិក​ចលនា​សេរី​និយម​ដឹកនាំ​ដោយ ដាប ឈួន ឈ្មោះ «គណៈកម្មាធិការ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ» ហើយ​ក្រោយ​មក​ដូរ​ឈ្មោះ​ជា «គណៈកម្មាធិការ​រំដោះ​ជាតិ​ខ្មែរ» ដឹកនាំ​ដោយ ប៉ុក ឃុន

ចំណែក​ឯ​ចលនា​កុម្មុយនីស្ត​និយម​ខាង​ខ្មែរ ចាប់ផ្តើម​បង្រួបបង្រួម​សមាជិក​ចលនា​ឯទៀត​ក្នុង​ចលនា​ឥស្សរៈ​ដឹកនាំ​ដោយ សឺង ង៉ុកមិញ ដោយ​ដូរ​ឈ្មោះ​ពី «រណសិរ្ស​រួបរួម​ឥស្សរៈ» ទៅ​ជា «គណៈកម្មាធិការ​កណ្តាល​បណ្ដោះអាសន្ន​រំដោះ​ប្រជាពលរដ្ឋ»។ នៅ​ឆ្នាំ​១៩៥១ ភាគី​ខ្មែរ ៩​រូប​ជា​សមាជិក​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ជួប​ប្រជុំ​ជាមួយ​មេ​មនោគមវិជ្ជា​យៀកណាម ឡេ ឌឹកថ ថ្ងៃ​ទី​៨ កុម្ភៈ ហើយ​សម្រេច​បង្កើត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ បក្ស​នេះ​មាន​បញ្ហា​កំណត់​ថ្ងៃកំណើត​បក្ស ថា​តើ​ថ្ងៃ​ទី​១៩ កុម្ភៈ ថ្ងៃ​ទី​២៨ មិថុនា ឬ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥១។

នៅ​ថ្ងៃ​ទី​៣០ កញ្ញា គេ​បង្កើត​គណៈកម្មាធិការ​រៀបចំ និង​ឃោសនា ហើយ​និង​គណៈកម្មាធិការ​កណ្តាល​បណ្ដោះអាសន្ន​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ ខាង​ខ្មែរក្រហម​គេ​យក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៦០ ជា​ថ្ងៃកំណើត​បក្ស​កុម្មុយនីស្ត​កម្ពុជា ក្រោយ​មក​ដូរ​ឈ្មោះ​ជា បក្ស​ពលករ​កម្ពុជា។ រីឯ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ចាប់ពី​ខែ​មករា ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ដូរ​ទៅ​ជា​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា។ ចាប់ពី​ឆ្នាំ​១៩៩១ រហូត​មក​ដូរ​ជា​បក្ស​ប្រជាជន​កម្ពុជា។ មេដឹកនាំ​បក្ស​នេះ​បាន​ប្រកាស​ថា គេ​លែង​ដើរ​តាម​គន្លង​សង្គម​និយម​ហើយ​មុន​នឹង​បោះឆ្នោត​សកល​នៅ​ឆ្នាំ​១៩៩៣។

សព្វថ្ងៃ រចនាសម្ព័ន្ធ​បក្ស​តាម​បែប​កុម្មុយនីស្ត គេ​រក្សា​ទំនាក់ទំនង​ជាមួយ​បក្ស​កុម្មុយនីស្ត​យៀកណាម​នៅ​ដដែល រួច​បន្ថែម​បក្ស​កុម្មុយនីស្ត​ចិន​មួយ​ទៀត ព្រមទាំង​ធ្វើ​សមាហរណកម្ម​កងកម្លាំង​ប្រដាប់​អាវុធ​ជាតិ សេដ្ឋកិច្ច​ជាតិ បូរណភាព​ទឹកដី​ជា​ទ្រង់ទ្រាយ​បែប​សហព័ន្ធ​ឥណ្ឌូចិន ដែល​ជា​ផែនការ​បក្ស​កុម្មុយនីស្ត​យៀកណាម​ទៀត​ផង។

ប្រមាណ​ជាង​ម្ភៃ​ឆ្នាំ​មុន មាន​ពលរដ្ឋ​ខ្មែរ​តិចតួច​ណាស់​ដែល​ទ្រទ្រង់​បក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស។ នៅ​ខែ​មិថុនា ឆ្នាំ​២០១៥ ឯកអគ្គរាជទូត​ពី​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នានា​ត្រូវ​មាន​ភារកិច្ច​ជួយ​ធ្វើ​ការ​បញ្ចុះបញ្ចូល​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ជាពិសេស​យុវជន​ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​នឹង​កូនចៅ​មន្ត្រី​ជិតដិត​នឹង​លោក​នាយករដ្ឋមន្ត្រី។

លោក ហ៊ុន ម៉ាណែត កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ឯកអគ្គរាជទូត​ខ្មែរ ៧​រូប​ដែល​ទទួល​ការ​តែងតាំង​ថ្មី​នៅ​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៥ ហើយ​ត្រូវ​ធ្វើការ​ជាមួយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមមាន៖

  • លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​ប្រចាំ​សហរដ្ឋ​អាមេរិក
  • លោក ស្មាន ម៉ាណាន ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​គុយវ៉ែត
  • លោក នង សកល ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី
  • លោក ជា គិមថា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ជប៉ុន
  • លោក ជា ធីរៈ ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​បែលហ្សិក
  • លោក ពេជ្រ គុណបញ្ញា ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ឥណ្ឌា
  • លោក កូយ គង់ ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់។

ការងារ​ពង្រឹង​ពង្រីក​បក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​រហូត​ពី​ពេល​នោះ​មកដល់​បច្ចុប្បន្ន ពោល​គឺ​ឯកអគ្គរាជទូត​ថ្មី​ដែល​ត្រូវ​ទៅ​ចូល​កាន់​តំណែង​ជំនួស​ឯកអគ្គរាជទូត​ផុត​អាណត្តិ មាន​បេសកកម្ម​ដូច​គ្នា។

សមាជិក​រដ្ឋសភា​ខាង​បក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ផ្សាយ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៥ ថា៖ «ការ​បន្ថែម​ភារកិច្ច​ឲ្យ​ឯកអគ្គរាជទូត​ធ្វើការ​រើស​សមាជិក​ចូល​បក្ស​ជា​ការ​ខុសច្បាប់ បំពាន​ច្បាប់​ទាំងស្រុង ព្រោះថា​ឯកអគ្គរាជទូត​គឺ​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល មិនមែន​ត្រូវ​ធ្វើ​ជា​តំណាង​គណបក្ស​នយោបាយ​នោះ​ឡើយ»។ ចម្ងល់​បឋម​មួយ​សួរ​ថា៖ «តើ​ពិធីការ​កិច្ចការ​ទូត (diplomatic protocols) ពី​ប្រទេស​គ្រប់គ្រង​បែប​កុម្មុយនីស្ត ផ្ដាច់ការ ផ្ដាច់មុខ អនុញ្ញាត​ឲ្យ​មន្ត្រី​ការទូត​ខ្មែរ​អនុវត្ត​គម្រោង​រើស​សមាជិក​ឲ្យ​បក្ស​របស់​គេ​ដែរ​ឬ​យ៉ាងណា?»

លោក ហ៊ុន ម៉ានី កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

ចលនា​យុវជន​នៅ​ប្រទេស​កម្ពុជា​ដែល​ដើរ​តាម​មាគ៌ា​បក្ស​ប្រជាជន​កម្ពុជា ចង​សម្ព័ន្ធ​ជិតស្និទ្ធ​នឹង​បក្ស ឧបត្ថម្ភ​ជ្រោមជ្រែង​ការពារ​ដោយ​បក្ស មាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្ថិត​ក្រោម​អធិបតី​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ត​កំពង់ស្ពឺ កូនប្រុស​លោក ហ៊ុន សែន គឺ​ហ៊ុន ម៉ានី។ បណ្ដាញ​យុវជន​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​នេះ តាម​ការ​សង្កេត​ពី​អង្គការ​សិទ្ធិមនុស្ស មាន​បេសកកម្ម​រិះគិត ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ គាំទ្រ​បក្ស​កាន់​អំណាច និង​មេដឹកនាំ​បក្ស ដូចជា​ពន្យល់​អូសទាញ​យុវជន​យក​គោលការណ៍​នយោបាយ​បក្ស​ក្នុង​ស្រុក ជួយ​ជីវភាព និង​សន្យា​លាភសក្ការៈ​ផ្សេងៗ​ជាដើម បើ​ស្មោះស្ម័គ្រ​បម្រើ​បក្ស។ គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បោះ​ដៃ​ទៅ​បញ្ចុះបញ្ចូល​អូសទាញ​យុវជន​ចាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃឡង់ដ៍​ដែរ ឬ​ក៏​ជា​ភារកិច្ច​របស់​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត​នោះ​ទេ។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អះអាង​ថា ខ្លួន​មាន​កំណើត​តាំងពី​ឆ្នាំ​១៩៧៨។

ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​មួយ​ទៀត​ឈ្មោះ សហព័ន្ធ​យុវជន​សេនា​នាគ ដែល​មាន​អ្នក​ដឹកនាំ​ជា​នាយ​ទាហាន​ជាន់ខ្ពស់​ថ្នាក់​ឧត្តមសេនីយ៍ឯក​ឈ្មោះ ដៀង សារុន។ តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ក្នុង​ឆ្នាំ​២០១៦ ដៀង សារុន ធ្លាប់​ជា​ភូឈួយ​ឧត្តមសេនីយ៍ គន់ គីម ហើយ​បច្ចុប្បន្ន​ជា​មេបញ្ជាការ​រង​អង្គភាព​កង​អង្គរក្ស​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​កងពល​តូច​លេខ​៧០ ក្រោម​ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង

ឧត្តមសេនីយ៍ ដៀង សារុន ទទួល​បន្ទុក​ខាង​ហ្វឹកហ្វឺន​កង​អង្គរក្ស​ចេញពី​សេនាធិការដ្ឋាន​ស្វាយរលំ ឲ្យ​មាន​ជំនាញ​ខាង​ប្រយុទ្ធ​ខ្លួន​ទល់​ខ្លួន វិធី​បច្ចេកទេស​តទល់​នឹង​បាតុករ និង​បង្វឹក​កង​ជិះ​ម៉ូតូ។ កង​សហព័ន្ធ​យុវជន​សេនា​នាគ ចាប់​កំណើត​ក្រោយ​សម័យ​បោះឆ្នោត​ឆ្នាំ​២០១៣ ហើយ​ចេញ​ធ្វើ​សកម្មភាព​នៅ​ឆ្នាំ​២០១៥។ ក្រុម​នេះ​ដូរ​ឈ្មោះ​នៅ​ចុង​ឆ្នាំ​២០១៦ ទៅ​ជា​សហព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព

លោក ប៉ាន់ខែម ប៊ុនថន (រូប​មុខ​គេ) ស្ថាបនិក​សហព័ន្ធ​យុវជន​សេនា​នាគ និង​បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ជា សហព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ហើយ​ក៏​ជា​ទីប្រឹក្សា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង​ដែរ។

ស្ថាបនិក​សហព័ន្ធ​យុវជន​សេនា​នាគ បង្កើត​ឡើង​ដំបូង​ដោយ​ឈ្មោះ ប៉ាន់ខែម ប៊ុនថន ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ជា​ប្រធាន​ប្រតិបត្តិការ។ សហព័ន្ធ​យុវជន​សេនា​នាគ មាន​កូនចៅ​មន្ត្រី​ធំៗ​បក្ស ដូចជា​កូនប្រុស​ឧត្តមសេនីយ៍ ដៀង សារុន ឈ្មោះ ដៀង សារ៉ន ជា​អនុប្រធាន កូនស្រី ដៀង សុផាណា និង ដៀង សុផានី និង​កូនស្រី​លោក ឱម យ៉ិនទៀង មេ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឈ្មោះ ឱម រជ្ជនី។ ប៉ាន់ខែម ប៊ុនថន និង ដៀង សារ៉ន ជា​សមាជិក​បក្ស​ប្រជាជន​កម្ពុជា។

ឧត្តមសេនីយ៍ ដៀង សារុន ថ្លែង​ក្នុង​វីដេអូ​ឃ្លិប​ថា កង​សហព័ន្ធ​យុវជន​សេនា​នាគ​ដើរតួ​ជា​អង្គរក្ស​ស៊ីវិល​របស់​លោក ហ៊ុន សែន ហើយ​មាន​ផ្លាក​សញ្ញា​ជា​នាគ​ក្បាល​៧ ដូច​ផ្លាក​សញ្ញា​កង​អង្គភាព​អង្គរក្ស​នាយករដ្ឋមន្ត្រី​បេះបិទ។ កង​នេះ​មាន​បុគ្គលិក​របស់​ខ្លួន​ជំពាក់ជំពិន​នឹង​ករណី​វាយដំ​ច្រំ​ទាត់​ធាក់​សមាជិក​រដ្ឋសភា គង់ សភា និង ញ៉យ ចម្រើន ខាង​បក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​បរិវេណ​អគារ​រដ្ឋសភា​ជាតិ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

លោក ញ៉យ ចំរើន ត្រូវ​គេ​ទាញ​ចេញ​ពី​ឡាន​ចាប់​វ៉ៃ​ទាត់​ធាក់​ឲ្យ​សន្លប់​ក្បែរ​ច្រក​ចេញ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

ភាគ​បន្ត​នៃ​សកម្មភាព​បណ្ដាញ​យុវជន​បក្ស​ប្រជាជន​កម្ពុជា សូម​ជូន​នៅ​សប្តាហ៍​បន្ទាប់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស