28 C
Phnom Penh

រយៈពេល ៧​ខែ​ដើម​ឆ្នាំ​២០២១ សមត្ថកិច្ច​រឹបអូស​និង​បង្ក្រាប​អាល់កុល​ក្លែងក្លាយ​បាន​ចំនួន​៩៦​តោន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ ហៅ​កាត់​ថា ក.ប.ប បាន​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​កម្ទេច​ចោល និង​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ (មេតាណុល) ដែល​ចរាចរណ៍​លក់ដូរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ស្រប​ពេល​ដែល​តម្រូវការ​ប្រើប្រាស់​អាល់កុល​របស់​ពល​រដ្ឋកម្ពុជា​កាន់តែ​កើន​ឡើង។

ក.ប.ប បាន​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ថា អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ដង្កោ កម្ទេច​អាល់កុល​ក្លែងក្លាយ​ចំនួន ៧០១​ប៊ីដុង ដែល​ស្មើ​នឹង​ជាង ២​ម៉ឺន ១​ពាន់​លីត្រ (២១០៥២​លីត្រ) ដែល​បាន​មកពី​ការ​ចាប់ និង​ដកហូត​តាម​បណ្ដា​ទីផ្សារ​កន្លងមក​ស្ថិតនៅ​ទីលាន​ចាក់​សំរាម​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

នៅ​ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​ដែល​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 និង​ជា​ទីតាំង​ដែល​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ឆ្លងកាត់​ច្រើន​ជាង​គេ​នោះ ក៏​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ចុះ​ចាប់​អាល់កុល​ក្លែងក្លាយ​បាន​ជិត ១​តោន នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ដែរ។

ក.ប.ប បាន​បញ្ជាក់​ថា អាល់កុល​ក្លែងក្លាយ​ដែល​មាន​លាយ​សារធាតុ​មេតាណុល​ជិត ១​តោន ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ រឹបអូស​ពី​ឈ្មួញ​លក់ដូរ​នៅ​តាម​ទីផ្សារ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ចរាចរណ៍​លក់ដូរ​អាល់កុល​ក្លែងក្លាយ ឬ​អាល់កុល​មាន​លាយ​សារធាតុ​មេតាណុល ត្រូវ​សមត្ថកិច្ច​ជំនាញ​រក​ឃើញ និង​ចុះ​ចាប់​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ប្រទេស​កម្ពុជា​មាន​ករណី​ឆ្លង​មេរោគ Covid-19 មក ដែល​ពលរដ្ឋ​មាន​តម្រូវការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ច្រើន​ដើម្បី​បាញ់​សម្លាប់​មេរោគ។

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២១ នេះ ក.ប.ប បាន​រឹបអូស និង​បង្ក្រាប​បាន​អាល់កុល​ក្លែងក្លាយ​បាន​ចំនួន ៩៦​តោន ដែល​ឈ្មួញ​ដាក់​ចរាចរ​ខុសច្បាប់​ក្នុង​ទីផ្សារ​ទូទាំង​ប្រទេស។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ការ​ដាក់​លក់​អាល់កុល​ក្លែងក្លាយ​នេះ គឺជា​ការ​បំពាន​ទៅលើ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់ និង​បំពាន​លើ​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ Covid-19 របស់​រដ្ឋាភិបាល​កម្ពុជា។

ក.ប.ប បាន​បញ្ជាក់​ថា ការ​ប្រើប្រាស់​ទឹក​អាល់កុល​ក្លែងក្លាយ​នេះ នឹង​ធ្វើ​ឲ្យ​ខូច​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ប៉ះពាល់​ដល់​សុខភាព និង​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស