26 C
Phnom Penh

អ្នក​សង្កេតការណ៍៖ គ្រូបង្រៀន​បាន​ត្រឹមតែ​ជា​កម្មករ​បង្រៀន​ប៉ុណ្ណោះ​នៅ​ពេល​អ្នក​មាន​អំណាច​ចាប់​ពួកគេ​ធ្វើ​ជា​ចំណាប់ខ្មាំង​នយោបាយ

បទវិភាគ

អ្នក​សង្កេតការណ៍​រិះគន់​ថា គ្រូបង្រៀន​បាន​ត្រឹមតែ​ជា​កម្មករ​បង្រៀន​ប៉ុណ្ណោះ មិន​អាច​បំពេញ​តួនាទី​ជា​បុគ្គលិក​ក្នុង​វិស័យ​អប់រំ​ទេ​នៅ​ពេល​ដែល​អ្នក​នយោបាយ​ឱកាស​និយម នាំគ្នា​យក​គ្រឹះស្ថាន​អប់រំ​ជា​ទីតាំង​ឃុំឃាំង​គ្រូបង្រៀន ហើយ​យក​គ្រូបង្រៀន​ធ្វើជា​ចំណាប់ខ្មាំង​នយោបាយ​របស់​ពួកគេ​នោះ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ថា បច្ចុប្បន្ន​នេះ មន្ត្រី​ដែល​ទទួល​បន្ទុក​ខាង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​មួយ​ចំនួន បាន​ត្រឹម​រង់ចាំ​ស្តាប់​បញ្ជា​ពី​មន្ត្រី​នយោបាយ​កំប៉ិកកំប៉ុក និង​ព្យាយាម​អែបអប​អ្នក​ទាំងនោះ​តែប៉ុណ្ណោះ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​អំណាច ធ្វើ​បាប​គ្រូបង្រៀន​ដូចគ្នា ខណៈ​អ្នក​ទាំងនោះ​ក៏​ជា​ជនរងគ្រោះ​នៃ​អ្នក​នយោបាយ​ឱកាស​និយម​ទាំងនោះ​ផង​ដែរ។

បណ្ឌិត សេង សារី អះអាង​ថា តាំងពី​អ្នក​នយោបាយ​ឱកាស​និយម​ចង​បណ្ដាញ​បក្ខពួក​ដើម្បី​ផលប្រយោជន៍​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​អប់រំ​របស់​រដ្ឋ​មក បាន​ធ្វើ​ឲ្យ​គ្រូបង្រៀន​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ទាំងស្រុង​ក្នុង​នាម​ជា​អ្នក​បណ្តុះបណ្តាល​ធនធាន​មនុស្ស ខណៈ​កូនសិស្ស​ដែល​ជា​កូន​អ្នក​មាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន​ខ្លះ បាន​បន្ទាបបន្ថោក​លើ​សមត្ថភាព​គ្រូបង្រៀន​ដែល​មិន​មាន​បណ្ដាញ​បក្ខពួក​ជាមួយ​មន្ត្រី​នយោបាយ​ឱកាស​និយម​ទាំងនោះ។

បណ្ឌិត សេង សារី បញ្ជាក់​ថា ដោយសារ​ការឈ្លានពាន​លើ​សិទ្ធិ​សេរីភាព​របស់​គ្រូបង្រៀន​ពី​សំណាក់​មន្ត្រី​នយោបាយ​ឱកាស​និយម​ទាំងនោះ បាន​ធ្វើ​ឲ្យ​គ្រូបង្រៀន​មួយ​ចំនួន​បាត់បង់​នូវ​មោទកភាព​លើ​វិជ្ជាជីវៈ​របស់​ខ្លួន ខណៈ​ការ​រឹតត្បិត​ចេះតែ​បន្ត​កើតមាន​លើ​ពួកគេ រហូត​បង្ខំ​ឲ្យ​បុគ្គលិក​អប់រំ​ខ្លះ​សុខចិត្ត​យក​ការងារ​គណបក្ស​សំខាន់​ជាង​ការងារ​អប់រំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ជាតិ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី

ការ​លើកឡើង​របស់​បណ្ឌិត សេង សារី ធ្វើឡើង​ស្រប​ពេល​ដែល​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រើ​ជា​កន្លែង​កសាង​រចនាសម្ព័ន្ធ​របស់​គណបក្ស​កាន់​អំណាច ជាជាង​កន្លែង​កសាង​ធនធាន​មនុស្ស​របស់​សង្គម​ជាតិ។

កាលពី​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឲ្យ​មាន​ទិវា​រំឭក​គុណ​គ្រូបង្រៀន​ក្នុង​គោលបំណង​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​នៃ​ការ​រំឭក​គុណូបការៈ​របស់​សិស្ស​ចំពោះ​គ្រូបង្រៀន​នៅ​ទូទាំង​ប្រទេស ដែល​បាន​អប់រំ​បណ្តុះបណ្តាល​កូនសិស្ស​ឲ្យ​មាន​ក្រម​សីលធម៌ ស្គាល់​ខុស​ស្គាល់​ត្រូវ​សម្រាប់​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​របស់​ប្រទេស​ជាតិ។

យ៉ាងណាក៏ដោយ កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើលឃើញ​ថា​មិន​បាន​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​គ្រូបង្រៀន​អាច​បញ្ចេញ​មតិ​បាន​ពេញលេញ​នោះ​ទេ។ ករណី​នេះ ត្រូវ​គេ​មើលឃើញ​ថា នៅ​ពេល​គ្រូ​លើកឡើង​អំពី​បញ្ហា​សង្គម​ជាក់ស្តែង​ដែល​ដឹកនាំ​មិន​ត្រឹមត្រូវ​ដោយ​បក្ស​កាន់​អំណាច ត្រូវ​ប្រឈម​នឹង​ការ​តាមដាន​ពី​មន្ត្រី​ថ្នាក់​លើ ឬ​ត្រូវ​ឃាត់​ខ្លួន​ជាដើម ក្រោម​ហេតុផល​ថា​មាន​និន្នាការ​នយោបាយ​នៅ​តាម​សាលារៀន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ ថា លោក ហ៊ុន សែន បាន​រៀបចំ​បណ្ដាញ​សមាជិក​បក្ស​របស់​ខ្លួន​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំងអស់​ដើម្បី​គ្រប់គ្រង​មន្ត្រី​រាជការ​តាំងពី​ថ្នាក់​ជាតិ​រហូតដល់​មូលដ្ឋាន ដើម្បី​ចង​បណ្ដាញ​សេណារីយោ​នយោបាយ​របស់​ខ្លួន ជាជាង​ការ​គិតគូរ​ពី​ប្រទេស​ជាតិ។

ក្រោយ​រំលាយ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លុប​ឈ្មោះ​គ្រូបង្រៀន​ជាង ១០​នាក់​ដែល​មាន​និន្នាការ​មិន​ស្រប​នឹង​បក្ស​កាន់​អំណាច ដូចជា​លោក រ៉ុង ឈុន ជាដើម ចេញពី​ក្របខ័ណ្ឌ​របស់​រដ្ឋ ក្រោម​ហេតុផល​ថា ពួកគេ​បាន​បោះបង់​ការងារ និង​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​គ្រូបង្រៀន​ទាំងនោះ​អះអាង​ថា ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​អប់រំ​នេះ គឺ​ដោយសារ​ពួកគាត់​មិនព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​ផ្សាយ​សៀវភៅ​ស្ថិតិ​អប់រំ​សិក្សា​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១ កាលពី​ដើម​ឆ្នាំ​២០២១ ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ជ្រើសរើស​មន្ត្រី​រាជការ​ខាង​វិស័យ​អប់រំ​សម្រាប់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​មាន​ចំនួន​ជាង ១​លាន​នាក់ និង​បាន​កសាង​អគារ​សិក្សា​ប្រមាណ​ជាង ១​ម៉ឺន​កន្លែង​នៅ​ទូទាំង​ប្រទេស៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស