29 C
Phnom Penh

មន្ត្រី​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ច្រានចោល​កង្វល់​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ច្រានចោល​លិខិត​ថ្កោលទោស​របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពាក់ព័ន្ធ​ករណី​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព និង​ការ​បង្ក្រាប​ជា​ប្រព័ន្ធ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស ថា​គ្រាន់តែ​ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ដែល​ពុំ​បាន​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ចំពោះ​សារសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ស្មើភាព​គ្នា​ចំពោះ​ពលរដ្ឋ​ទាំងអស់​នៅ​កម្ពុជា​នោះ​ទេ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អ្នក​រាយការណ៍​ពិសេស​មួយ​ក្រុម​តូច​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​ជា​ការ​លើកឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​ទាមទារ​ឲ្យ​លុបចោល​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា គឺ​ស្មើ​នឹង​ជំរុញ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ភាព​អនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ដល់​នីតិរដ្ឋ​របស់​ប្រទេស ហើយ​ការ​ចាត់ទុក​ការ​អនុវត្ត​ច្បាប់​ថា​ជា​ការ​គាបសង្កត់​សេរីភាព គឺជា​ការប្រមាថ​ចំពោះ​នីតិរដ្ឋ​របស់​កម្ពុជា​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

ច្បាប់​ក្រមព្រហ្មទណ្ឌ​ផ្នែក​ទី​៣ ស្ដីពី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ ចែង​ថា ដើម្បី​អនុវត្ត​ច្បាប់​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្ដន្ទាទោស កាល​បើ​អំពើ​ទាំងឡាយ​ត្រូវ​បាន​ប្រព្រឹត្ត ដូចជា​ការ​ប្រើ​សម្ដី​គ្រប់​ប្រភេទ​ប្រកាស​នៅ​ក្នុង​កន្លែង​សាធារណៈ ឬ​នៅ​ពេល​ប្រជុំ​ជា​សាធារណៈ បន្ថែម​ពី​នេះ ការ​ប្រើ​សំណេរ និង​គំនូរ​គ្រប់​ប្រភេទ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ចំណោម​សាធារណជន ជាដើម។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែបយ៉ាង​ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់​មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី។

រីឯ​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​លិខិត​រិះគន់​អាជ្ញាធរ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ជុំវិញ​ការ​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ​មួយ​រូប គឺ​លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​កាលពី​សប្តាហ៍​មុន គឺជា​ការ​សម្រេច​មិន​សម​ហេតុផល។

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងនោះ​រិះគន់​ថា អ្នក​ការពារ​សិទ្ធិមនុស្ស​មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន ឃុំ​ខ្លួន ឬ​ផ្ដន្ទាទោស​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកដទៃ​ឡើយ ព្រោះ​ថា​កម្ពុជា​ធ្លាប់​បាន​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ក្នុង​សម័យ​ប្រជុំ​ពិនិត្យ​របាយការណ៍​ជា​សកល​កាលពី​ឆ្នាំ​២០១៩ ថា​ខ្លួន​នឹង​បញ្ចប់​ការ​យាយី ការ​រំខាន និង​ការ​ចាប់​ខ្លួន​អ្នក​ការពារ​សិទ្ធិមនុស្ស​ដោយ​បំពាន​តទៅទៀត។

ក្រុម​អ្នកជំនាញ​ទាំងនោះ​បាន​សម្ដែង​នូវ​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រើ​មាត្រា​នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​៤៩៤ និង ៤៩៥ ស្ដីពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ថា​ជា​ការ​ប្រើ​ពាក្យ​ស្រពិចស្រពិល​ដើម្បី​បង្ក្រាប​មតិ​ជំទាស់ និង​បំបិទ​មាត់​ការ​បញ្ចេញ​មតិ​ដោយ​សេរី ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ប្រើ​ច្បាប់​នេះ​ដើម្បី​គាបសង្កត់​លើ​អ្នក​ធ្វើការ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​តទៅទៀត​នោះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​មាត្រា​៤៩៤ និង ៤៩៥ ដើម្បី​បិទបាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន និង​មាន​គោលបំណង​បំបិទ​សិទ្ធិ​មូលដ្ឋាន និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ការរំលោភ​លើ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។

ជាង​នេះ​ទៅទៀត ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លប់​មាត្រា​ទាំងនេះ​ចោល ដើម្បី​ចូលរួម​ក្នុង​លំហ​សេរីភាព និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស