26 C
Phnom Penh

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​អនុវត្ត​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ឆ្នាំ​២០២២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ ទី​២៥ សីហា ប្រកាស​អនុវត្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​ដល់​ពលរដ្ឋ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​ខែ​សីហា ឆ្នាំ​២០២១ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​២០២២។

រដ្ឋាភិបាល​ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​សំខាន់​ជាងគេ​ទី​១ ដើម្បី​រស់នៅ​ជាមួយ​នឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី។

លោក ហ៊ុន សែន អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ​ជាច្រើន​តាមរយៈ​ការ​កាត់បន្ថយ​ករណី​ឆ្លង និង​អាច​បញ្ចៀស​កម្ពុជា​ពី​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មកពី​ជំងឺ Covid-19 ព្រមទាំង​ធ្វើ​ឲ្យ​សភាពការណ៍​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ឲ្យ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន​ផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​នូវ​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​នេះ​តាម​គោលការណ៍​មួយ​ចំនួន ដូចជា​គោលការណ៍​ស្ម័គ្រចិត្ត គោលការណ៍​ឥត​គិតថ្លៃ ការ​ធ្វើ​អាទិភាវូបនីយកម្ម (គឺ​ការ​ធ្វើឡើង​ឲ្យ​បាន​មុន) នៃ​ការ​ចាក់​វ៉ាក់សាំង​តាម​ក្រុម​មនុស្ស និង​តាម​ភូមិសាស្ត្រ និង​គោលការណ៍​មួយ​ចំនួន​ទៀត។

ការ​ប្រកាស​អនុវត្ត​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ជំរុញ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​រលក​ទី​៣ នៃ​មេរោគ Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ជា​ប្រភេទ​វីរុស​ឆ្លង​លឿន​មាន​កម្រិត​ធ្ងន់ធ្ងរ​ជាង​មុន ព្រមទាំង​អាច​កាត់បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ថែមទៀត។

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ខ្លួន​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ DELTA ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ មាន​ចំនួន​ជាង ១៣០០​នាក់​ហើយ​ដែល​បាន​កើត​លើ​ជនបរទេស កម្មករ​រោងចក្រ និង​បុគ្គលិក​ធនាគារ ជាដើម។ ក្រសួង​ឲ្យ​ដឹង​ថា នៅ​ពេលនេះ​មាន​តែ​ខេត្ត​ពីរ​ប៉ុណ្ណោះ​ដែល​ជំងឺ​បំប្លែង​ថ្មី​នេះ​នៅ​មិនទាន់​រក​ឃើញ​នៅឡើយ គឺ​ខេត្ត​កែប និង​ខេត្ត​ក្រចេះ។

ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​ដូស​ទី​១ បាន​ចំនួន​ជាង ៩​លាន ៩​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ មាន​ចំនួន​ជាង ៨​លាន ៥​ពាន់​នាក់ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ៥​សែន ២​ម៉ឺន​នាក់ ខណៈ​កុមារ​ចាក់​បាន ៥៩,០១​ភាគរយ​ផង​ដែរ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៤២៨​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៥៧២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៤​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៩​ម៉ឺន​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ៦​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ១៨០០​នាក់​គិត​ត្រឹម​ថ្ងៃ​ពុធ សប្តាហ៍​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស