26 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​ណា​កំណត់​ថា​លោក ស ខេង ស្កាត់​ទៅ​ជួប​លោក សម រង្ស៊ី នៅ​បារាំង​ទេ

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​អះអាង​ថា ប្រសិនបើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្កាត់​ទៅ​ជួប​និយាយ​គ្នា​ជាមួយ​ក្រុម​លោក សម រង្ស៊ី ដល់​ប្រទេស​បារាំង មែន លុះត្រាតែ​ចាប់ពី​ពេល​នេះ​ទៅ​ភាគី​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​មនុស្ស​មាន​គោលដៅ​តែ​មួយ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ថា គ្មាន​ហេតុផល​វិទ្យាសាស្ត្រ​នយោបាយ​ណា​អាច​កំណត់​ថា លោក ស ខេង ជិះ​យន្តហោះ​ទៅ​ជួប​ក្រុម​លោក សម រង្ស៊ី ដល់​ប្រទេស​បារាំង ទាល​តែ​សោះ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​គ្រាន់តែ​ជា​ភ្លើង​នយោបាយ​ដុត​កម្ទេច​លោក ស ខេង ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ។

លោក​អះអាង​ថា អាច​មាន​ករណី​ដែល​លោក ស ខេង ទៅ​ដល់​ប្រទេស​បារាំង ក្នុង​គោលដៅ​ការងារ​ផ្សេង​របស់​លោក ហើយ​ក្រុម​លោក សម រង្ស៊ី ជា​អ្នក​ស្នើ​ស្កាត់​ទៅ​ជួប។ ប៉ុន្តែ​ការ​បំផុស​បំផុល​ការ​សង្ស័យ​ថា​មាន​ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី នេះ គ្រាន់តែ​ជា​ការ​បំប៉ោង​ព្រឹត្តិការណ៍​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​មុខ​នាទី​របស់​លោក ស ខេង ក្នុង​ពេល​នេះ​មិន​ចេះ​តែ​អាច​ជួប​បាន​ងាយៗ​នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា ការ​អះអាង​ពី​ក្រសួង​មហាផ្ទៃ ថា​លោក ស ខេង ចេញ​ទៅ​ប្រទេស​បារាំង ព្រោះតែ​ធុរៈ​ផ្ទាល់ខ្លួន​នោះ គឺ​អាច​កត់សម្គាល់​បាន​ថា ធុរៈ​ផ្ទាល់ខ្លួន​សម្រាប់​មេដឹកនាំ​នយោបាយ​កំពូលៗ គឺ​សំដៅ​លើ​សុខភាព​ជា​ចម្បង ក្នុង​នោះ​អាច​លោក​ទទួល​ការ​ពិនិត្យ​លើ​សុខភាព​រាងកាយ​ប្រសិនបើ​លោក ស ខេង ពិតជា​ត្រូវ​តាមដាន​សុខភាព​មែន​នោះ។ បើ​មិន​ដូច្នោះ​ទេ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក ស ខេង គឺជា​ការ​ដកឃ្លា​ពី​ទំនាស់​ផ្ទៃក្នុង​នយោបាយ​បក្ស​កាន់​អំណាច​ក្រោយ​ការ​តែងតាំង​កូនប្រសា​លោក ហ៊ុន សែន ដែល​បាន​រំលោភ​អំណាច​របស់​លោក​ប៉ុណ្ណោះ។

លោក គឹម សុខ អះអាង​ថា លោក​នៅតែ​មើល​មិន​ឃើញ​អំពី​ហេតុផល​ដែល​លោក ស ខេង ត្រូវ​ទៅ​ជួប​លោក សម រង្ស៊ី នោះ​ទាល់តែសោះ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ការ​ចាកចេញ​ទៅ​ប្រទេស​បារាំង របស់​លោក ស ខេង ក្នុង​អំឡុង​វិបត្តិ Covid-19 នេះ ទំនង​ជា​ការ​ជួប​ជជែក​ពិភាក្សា​រវាង​មេដឹកនាំ​កំពូលៗ​នៃ​ប្រទេស​នីមួយៗ​ដែល​ត្រូវ​ជួប​និយាយ​គ្នា​រក​ចំណុច​ប្រសព្វ​មួយ មុន​នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី​២៥-២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង

កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២១ ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តី​ជូនដំណឹង​ផង​ដែរ​ថា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង ចាប់ពី​ថ្ងៃ​ទី​២២ ខែ​សីហា រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយសារ​មាន​ធុរៈ​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​ជំនួប​ណាមួយ​កើតឡើង​ដែរ។

ករណី​នេះ អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​បំផុស​ការ​សង្ស័យ​ថា​លោក ស ខេង នឹង​មាន​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នោះ គឺ​គ្រាន់តែ​ជា​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ។

ពួកគេ​អះអាង​ថា អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កំពុង​ប្រឹង​ស្ដារ​ជីវិត​នយោបាយ​របស់​ខ្លួន​ឡើងវិញ​តាម​រូបភាព​ផ្សេងៗ ដូចជា​បំប៉ោង​ស្ថានការណ៍​នយោបាយ​ដែល​អាច​ចំណេញ​ដល់​ខ្លួន ខណៈ​ការ​បំផុស​ពី​ការ​ជួប​លោក ស ខេង ក៏​គ្រាន់តែ​ជា​រូបភាព​កេង​ចំណេញ​នយោបាយ​មួយ​ដែរ។ ចំណែក​ឯ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​លោក​អះអាង​ថា ដើម្បី​ជំរុញ​ឲ្យ​សភា​អាមេរិក​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា និង​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អាជ្ញាធរ​ខ្មែរ ក៏​ដើម្បី​បង្កើត​រូបភាព​បំប៉ោង​ព្រឹត្តិការណ៍​នយោបាយ​ដូចគ្នា​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​សហគមន៍​ខ្មែរ​អាមេរិកាំង (CACC) អ្នកស្រី ស៊ូ ឡាក់ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ការ​ជំរុញ​ឲ្យ​សភា​អាមេរិក​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា (Cambodia Democracy Act) គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ប៉ុណ្ណោះ មិនមែន​ដោយសារ​វត្តមាន​របស់​លោក សម រង្ស៊ី មក​កាន់​សហរដ្ឋ​អាមេរិក​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស