26 C
Phnom Penh

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ អ្នក​ជួញដូរ​គ្រឿងញៀន អ្នក​ប្រើប្រាស់​អំពើ​ហិង្សា និង​ជន​ឧក្រិដ្ឋ​ជាច្រើន​ផ្សេង​ទៀត​នោះ គឺជា​សុភមង្គល​យ៉ាង​ធំធេង​សម្រាប់​ពលរដ្ឋ​ខ្មែរ។

លោក​បាន​ទាញ​ការ​ប្រៀបធៀប​ថា ដូច​ព្រះ​បរម​ពោធិសត្វ​អវលោកិតេស្វរៈ ដែល​មាន​ភ្នែក​មួយ​ពាន់ និង​ដៃ​មួយ​ពាន់ បាន​ជួយ​រំដោះ​ទុក្ខ​សត្វ​លោក​ឲ្យ​មាន​សុភមង្គល ដែល​ប្រសើរ​ជាង​ក្រុង​រាពណ៍ ដែល​មាន​ក្បាល​ច្រើន និង​ដៃ​ច្រើន ប៉ុន្តែ​ប្រព្រឹត្ត​តែ​អំពើ​អាក្រក់​មិន​បាន​ជួយ​រំដោះ​ទុក្ខ​ដល់​សត្វ​លោក​ឲ្យ​មាន​សុភមង្គល​ទេ បែរជា​បង្ក​បញ្ហា​ឲ្យ​សត្វ​លោក​ទៅវិញ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​មេដឹកនាំ​ខ្មែរ​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​សម្រាប់​សម្លឹង​រក​ប្រយោជន៍​ផ្ទាល់ខ្លួន គ្រួសារ និង​បក្ខពួក ឬ​ដើម្បី​បង្ក្រាប និង​គាបសង្កត់​អ្នក​ប្រើប្រាស់​សិទ្ធិ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ប្រទេស​ជាតិ​ជាដើម​នោះ ក៏​ជា​វិនាសកម្ម​ដ៏​ធំធេង​របស់​កម្ពុជា​ដែរ។

ការ​រិះគន់​របស់​អ្នកវិភាគ​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​គេ​រិះគន់​ថា កំពុង​ប្រើ​អំណាច​នយោបាយ​របស់​ខ្លួន​គាបសង្កត់​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​ធ្វើ​ឱ្យ​កាន់តែ​ចង្អៀត​ឡើងៗ។

កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា លោក​មាន​បណ្ដាញ​យក​ការណ៍​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ដើម្បី​តាមដាន​ក្រុម​ដែល​មាន​មតិ​ផ្ទុយ​ពី​ការ​ដឹកនាំ​របស់​លោក ដូច្នេះ​ទោះបីជា​ពួកគេ​ធ្វើ​អ្វី​ក៏ដោយ ក៏​លោក​អាច​ដឹង​បាន​ដែរ។

មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​លើ​លោក​រូប​នេះ​អះអាង​ថា ការ​តាមដាន​ព័ត៌មាន​របស់​ក្រុម​ប្រឆាំង មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល ឬ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ពួកគេ​នោះ​ទេ គឺ​ដើម្បី​តែ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​ជូន​ពលរដ្ឋ​តែប៉ុណ្ណោះ ព្រោះថា​ខ្សែ​បណ្ដាញ​របស់​អ្នក​ទាំងនោះ គឺ​ធ្វើឡើង​ក្នុង​ចេតនា​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ កម្ពុជា​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បច្ចុប្បន្ន។ ជាង​នេះ​ទៅទៀត រដ្ឋាភិបាល​មួយ​នេះ​កំពុង​មាន​ភាព​ល្បីល្បាញ​ខាង​ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​ផង​ដែរ ដូចជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​នយោបាយ និង​បណ្ឌិត​បញ្ញវន្ត​ខ្មែរ ជាដើម។

រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ពី​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ ហាក់​មិន​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ទេ ប៉ុន្តែ​លោក ហ៊ុន សែន បែរជា​ប្រើ​រដ្ឋធម្មនុញ្ញ​ជា​ឈ្នាន់​ការពារ​អំណាច និង​ធ្វើ​បាប​ពលរដ្ឋ​ខ្លួនឯង​ទៅវិញ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស