26 C
Phnom Penh

អភិបាល​ស្រុក​បន្ទាយស្រី៖ សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង​៥​ពាន់​ក្បាលដី​ទៀត​ដែល​គ្រោង​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២

បទវិភាគ

គណៈ​អភិបាល​ស្រុក​មួយ​រូប​នៃ​ខេត្ត​សៀមរាប អះអាង​ថា ខេត្ត​សៀមរាប​នៅ​សល់​ដី​រដ្ឋ​តែ​ជាង ៥​ពាន់​ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច និង​ធ្វើការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ប្រសិនបើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់។

មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​លើកឡើង​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន​តាម​បណ្តេញ​សង្គម​យ៉ាង​ច្រើន​ក្រោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ស្រុក​បន្ទាយស្រី ជិត ២០០​ហិកតារ​ឱ្យ​ទៅ​ឧកញ៉ា ឡេង ណាវ៉ាត្រា កាលពី​ពេល​ថ្មីៗ​នេះ។

អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅជា​ដី​ឯកជន​របស់​រដ្ឋ ហើយ​ធ្វើ​ប្រទានកម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ​ណាមួយ មិនមែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃឈើ ឬ​យក​ដី​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ​នៅឡើយ ដើម្បី​កាត់​ឆ្វៀល​ជូន​អ្នក​ស្នើសុំ​នោះ​ទេ។

លោក​អះអាង​ថា គោលនយោបាយ​លើ​បញ្ហា​ដីធ្លី​របស់​រាជរដ្ឋាភិបាល​តែង​ធ្វើការ​កាត់​ឆ្វៀល​ដី​រដ្ឋ​ដែល​លែង​មាន​ព្រៃឈើ និង​ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​កាន់កាប់​អាស្រ័យផល​ជាក់ស្តែង​ជា​យូរ​មក​ហើយ ដើម្បី​ផ្តល់​កម្មសិទ្ធិ​រឹងមាំ​ជូន​ពួកគាត់​អាច​យក​ទៅ​ចាត់ចែង​បាន​ពេញលេញ និង​ស្រប​ច្បាប់។

លោក ឃឹម ហ្វីណង់ បញ្ជាក់​ថា ដី​ដែល​ជា​គោលដៅ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ ដាច់ខាត​ត្រូវតែ​ជា​ដី​ដែល​បាន​កាន់កាប់​អាស្រ័យផល​យូរ​មក​ហើយ មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់ មិន​មាន​ព្រៃឈើ និង​មិនមែន​ជា​ដី​ដែល​កំពុង​មាន​វិវាទ​នោះ​ទេ។ ចំណែក​ដី​រដ្ឋ​ដែល​ត្រូវ​បាន​ទន្ទ្រាន​យក​ថ្មីៗ ឬ​រំលោភ​យក​មក​ដោយ​ខុសច្បាប់ មិន​អាច​ដាក់​ស្នើសុំ​កាត់​ឆ្វៀល​ឡើយ។

កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កាត់​ឆ្វៀល​ដី​ជាង ១៧០​ហិកតារ​ចេញពី​ដែន​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​ស្ថិត​ក្នុង​ភូមិ​រំចេក ឃុំ​រំចេក និង​ភូមិ​ខ្នារ ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ឱ្យ​ទៅ​លោក ឡេង ភត្រា ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​បញ្ហា​នេះ សកម្មជន​ព្រៃឈើ លោក ហេង ស្រស់ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ពេល​ថ្មីៗ​នេះ​ថា រាល់​ជំនួយ​របស់​ឧកញ៉ា​ទាំងឡាយ បើ​ជួយ​ហើយ​មិន​បាន​ផល​ប្រយោជន៍​ដល់​ខ្លួន​វិញ​ទេ គឺ​គេ​មិន​ខ្ចី​ជួយ​ជាដាច់ខាត។

លោក ហេង ស្រស់ បាន​លើកឡើង​បែប​នេះ គឺ​ក្នុង​គ្រា​ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ផ្តល់​លុយ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រាប់​លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញ​វ៉ាក់សាំង និង​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាដើម ប៉ុន្តែ​ឧកញ៉ា​រូប​នេះ​ក៏​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​សម្បទាន​ដី​គម្រប​ពី​ព្រៃឈើ​ដើម្បី​យក​ទៅ​ប្រើ​វិញ​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ កញ្ញា ថា ការ​លើកឡើង​របស់​អភិបាល​ស្រុក​បន្ទាយស្រី លោក ឃឹម ហ្វីណង់ ហាក់​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ខ្លឹមសារ​នៃ​ការ​បកស្រាយ​របស់​លោក​ទំនង​ជា​មាន​ការ​ណែនាំ​ពី​អ្នក​មាន​អំណាច ជាជាង​ការ​យល់​ឃើញ​របស់​លោក​ដោយ​ខ្លួនឯង​លើ​បញ្ហា​នេះ។

លោក​សង្ស័យ​ថា ការ​កាត់​ឆ្វៀល​ដី​ឱ្យ​ឧកញ៉ា​វ័យក្មេង​ដែល​ក្លាយ​ជា​អ្នក​មាន​ដ៏​ចម្លែក​រូប​នេះ ក៏​ប្រហែលជា​គ្រាន់តែ​ជា​អ្នក​ឈរ​ឈ្មោះ​ឱ្យ​អ្នកស្រី ហ៊ុន ម៉ាណា ប៉ុណ្ណោះ ព្រោះ​ករណី​ស្រដៀង​គ្នា​នេះ​ក៏​ធ្លាប់​បាន​កើតមាន​ជា​ហូរហែ​មក​ហើយ​ដែរ ដូចជា​ការ​កាត់​ដី​កោះពេជ្រ និង​កោះនរា ឱ្យ​ទៅ​ឧកញ៉ា ពុង ឃាវសែ ដើម្បី​អភិវឌ្ឍ​ជាដើម។ ប៉ុន្តែ​ការពិត អ្នក​ដែល​ទទួល​ផលប្រយោជន៍​ធំ​ពី​ការ​កាត់​ឆ្វៀល​នេះ គឺជា​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ដី​គម្រប​ព្រៃឈើ​នៅ​ឃុំ​ខ្នារសណ្ដាយ និង​ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប មាន​ទំហំ​ជាង ១​ពាន់​ហិកតារ និង​មាន​ចម្ងាយ​ជាង ៨​គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី ក្នុង​នោះ ៥០% នៃ​ផ្ទៃដី​សរុប គឺជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ ដែល​ពួកគេ​បាន​កាន់កាប់​អស់​រយៈពេល​ប្រមាណ​ជា ២០​ឆ្នាំ​មក​ហើយ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​កាត់​ដី​គម្រប​ព្រៃឈើ​ជាបន្តបន្ទាប់​ឲ្យ​មន្ត្រី​មាន​អំណាច និង​ឧកញ៉ា​អស់​ជាច្រើន​ហិកតារ ដូចជា​កាត់​ដី​គម្រប​ព្រៃឈើ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​កាត់​ឆ្វៀល​ដី​ដែល​មាន​ទំហំ ៣៦៨​ហិកតារ​ឲ្យ​ទៅ​ឧកញ៉ា លី យ៉ុងផាត់ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ផង​ដែរ។

នៅ​ដើម​ឆ្នាំ​២០២១ នេះ ទិន្នន័យ​របស់​អង្គការ​សង្គម​ស៊ីវិល បាន​បង្ហាញ​ថា គិត​ចាប់តាំង​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៨ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​ជាង ៥៥​ម៉ឺន​ហិកតារ ដែល​ស្មើ​នឹង ១១,៧% នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ ខណៈ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​បរិស្ថាន​ត្រូវ​បាន​អាជ្ញាធរ​រឹតត្បិត​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស