26 C
Phnom Penh

ពលរដ្ឋ​រិះគន់​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ថា​ជា​ការ​រក​ប្រាក់ចំណូល​ជាជាង​អនុវត្ត​ច្បាប់​អំឡុង​វិបត្តិ​កូវីដ-១៩

បទវិភាគ

មន្ត្រី​រាជការ​ថ្នាក់​ទាប និង​សាធារណជន​សម្ដែង​ការ​ហួសចិត្ត​កាលបើ​ពិនិត្យ​ឃើញ​ថា សកម្មភាព​របស់​សមត្ថកិច្ច​នគរបាល​ដែល​ដាក់​ពង្រាយ​ការ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃ​នេះ ធ្វើឡើង​តែ​ដើម្បី​រក​ប្រាក់ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព។

មន្ត្រី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា នេះ​ថា ជា​រៀងរាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​ផ្លូវ​ជាតិ​នានា ឬ​នៅ​តាម​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស គឺ​បាន​យក​ការងារ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សម្រាប់​តែ​រក​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ ដើម្បី​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ។

ពលរដ្ឋ​បាន​ថ្លែង​ថា ជានិច្ចកាល ពួកគាត់​តែង​ឃើញ​មន្ត្រី​នគរបាល​នៅ​តាម​គោលដៅ​នីមួយៗ​បាន​ឃុបឃិត​ជាមួយ​ម្ចាស់​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​មួយ​ចំនួន ជា​ថ្នូរ​ទទួល​លុយ​ពុករលួយ​ដែល​មិន​មាន​វិក្កយបត្រ​ទេ។

ម្ចាស់​យានជំនិះ​មួយ​ចំនួន​ដែល​ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ចាប់​ផាក​ពិន័យ បាន​ទទួលស្គាល់​ថា ពួកគាត់​ពិតជា​ត្រូវ​បង្ខំ​ចិត្ត​បង់​លុយ​ជូន​នគរបាល​នៅ​តាម​គោលដៅ​នីមួយៗ​ទៅតាម​ការ​ទាមទារ​របស់​មន្ត្រី​នគរបាល​ទាំងនោះ ដោយ​មិន​ទទួល​យក​វិក្កយបត្រ​ទេ ព្រោះ​បើ​យក​វិក្កយបត្រ គឺ​ត្រូវ​ចំណាយ​លុយ​បង់​ផាក​ពិន័យ​អស់​ជាច្រើន ចាប់ពី ៦​ម៉ឺន​រហូត​ដល់​ជាង ១០​ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ​ទៅតាម​ប្រភេទ​បទល្មើស​នីមួយៗ។ ដូច្នេះ ទើប​ពួកគាត់​បង្ខំ​ចិត្ត​បង់​លុយ​ឲ្យ​នគរបាល​តាម​គោលដៅ​មួយ​ចំនួន​នោះ ដោយ​មិន​ទទួល​យក​វិក្កយបត្រ​ជា​ថ្នូរ​រួចផុត​ពី​ការ​ផាក​ពិន័យ​ស្របតាម​ផ្លូវ​ច្បាប់។

ករណី​នេះ មហាជន​មួយ​ចំនួន​បាន​បង្ហាញ​ទស្សនៈ​ថា ប្រសិនបើ​បទល្មើស​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ពង្រាយ​កម្លាំង​ពួន​ស្ទាក់​ចាប់​បង្ក្រាប​ជនល្មើស ដូច​ករណី​សមត្ថកិច្ច​នគរបាល​ពួន​ស្ទាក់​ចាប់​ពលរដ្ឋ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដូច​ដែល​ធ្លាប់​បាន​អនុវត្ត​ជាបន្តបន្ទាប់​មកនេះ ទំនង​ជា​គ្រឿងញៀន​មិន​អាច​រីក​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​ចាប់ពី​ទីប្រជុំជន រហូត​ដល់​ទីជនបទ​ដូច​សព្វថ្ងៃ​នេះ​ទេ។

ពលរដ្ឋ​បាន​លើក​ជា​សំណូមពរ​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ផ្ទុះ​រាលដាល​នៃ​ជំងឺ Covid-19 ពាសពេញ​ផ្ទៃ​ប្រទេស គួរតែ​រដ្ឋាភិបាល​ពិចារណា​បន្ធូរបន្ថយ​ការ​ផាក​ពិន័យ ឬ​ផ្អាក​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ជា​បណ្ដោះអាសន្ន។

ប្រភព​ដដែល​បញ្ជាក់​ថា សកម្មភាព​របស់​កម្លាំង​នគរបាល​ស្ទើរ​នៅ​គ្រប់​គោលដៅ​នានា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ បាន​យក​ការងារ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រាប់​ធ្វើជា​មុខរបរ​រកលុយ​ចូល​ហោប៉ៅ ជាជាង​ចុះ​ពង្រឹង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។

ប្រភព​ដដែល​បាន​រិះគន់​ថា កងកម្លាំង​នគរបាល​ចរាចរណ៍​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រសិទ្ធិនាម​ថា «ជា​ក្រុម​ចោរ​ស្រប​ច្បាប់» និង​ជា​មន្ត្រី​នគរបាល​ស្ថិត​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​រក​ប្រាក់ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​អំឡុង​ពេល​ប្រទេស​កម្ពុជា រង​ការ​រាតត្បាត​ដោយ​ជំងឺ Covid-19 ធ្ងន់ធ្ងរ ខណៈ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​ជួបប្រទះ​ការ​ខ្វះខាត គ្មាន​ប្រាក់ចំណូល និង​ទ្រាំ​រស់​ទាំង​ត្រដរ​ខ្យល់​នោះ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​បំភ្លឺ​លើ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងមក​នេះ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​នូវ​យុទ្ធសាស្ត្រ​កាត់បន្ថយ​ការ​ប្រើប្រាស់​កងកម្លាំង​នគរបាល​ចរាចរណ៍​ឈរ​នៅ​តាម​ដង​ផ្លូវ ដោយ​ជំនួស​មកវិញ​នូវ​ការ​ប្រើប្រាស់​សម្ភារៈ​ឧបករណ៍​បច្ចេកទេស ដូចជា​ប្រព័ន្ធ​កាមេរ៉ា​គំនូស និង​ស្លាក​សញ្ញា​ចរាចរណ៍៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស