27 C
Phnom Penh

អ្នកវិភាគ​ថា​វិស័យ​ទេសចរណ៍​កម្ពុជា​ហាក់​មិន​មាន​សង្ឃឹម​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ ហាក់​មិន​មាន​សង្ឃឹម​ថា​នឹង​អាច​ងើប​ឡើង​វិញ​បាន​ទេ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នេះ ស្រប​ពេល​ដែល​អាជីវកម្ម​ជាច្រើន​ក្នុង​វិស័យ​នេះ​បាន​បិទ​ទ្វារ និង​ដួល​រលំ​ជាបន្តបន្ទាប់​ដែល​បណ្តាល​ឱ្យ​កម្មករ​និយោជិត​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ទាំងស្រុង។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ កញ្ញា នេះ​ថា អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​នៅ​ពេលនេះ គឺ​បើក​ឱ្យ​មាន​ទេសចរណ៍​ក្នុង​ស្រុក​ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ ដើម្បី​ជំរុញ​ឱ្យ​មាន​ការងារ​ក្នុង​ស្រុក ដែល​នឹង​អាច​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

លោក​អះអាង​ថា ស្រប​ពេល​ដែល​កម្ពុជា​នៅ​មិន​អាច​បើក​ទទួល​ទេសចរ​អន្តរជាតិ​បាន រដ្ឋាភិបាល​អាច​ឆ្លៀត​ឱកាស​ពង្រឹង​វិស័យ​នេះ​ឡើងវិញ ដូចជា​ការ​បង្កើន​នូវ​សុវត្ថិភាព​សាធារណៈ កែលំអ​ផ្លូវ​ទូរគមនាគមន៍ និង​សុវត្ថិភាព​ចំណី​អាហារ​ជាដើម​នៅ​តាម​តំបន់​ទេសចរណ៍​នានា​របស់​ខ្លួន។

លោក មឿន តុលា បញ្ជាក់​ថា ក្រៅពី​ការ​ខ្វល់ខ្វាយ​នូវ​ការ​បើក​ឡើងវិញ​លើ​វិស័យ​ទេសចរណ៍ រដ្ឋាភិបាល​កម្ពុជា​ក៏​គួរ​យកចិត្ត​ទុកដាក់​ផង​ដែរ​ចំពោះ​សុខទុក្ខ​កម្មករ​និយោជិត​ដែល​កំពុង​បាត់បង់​ការងារ​ដោយ​ការ​អាក់ខាន​ដំណើរការ​ពី​វិស័យ​នេះ ព្រោះថា​ជំនួយ​របស់​រដ្ឋាភិបាល​កន្លងមក​ពិតជា​ជួយ​ពួកគេ​បាន​តិចតួច​ណាស់ ដែល​បណ្តាល​ឱ្យ​អ្នក​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់​លើ​សុវត្ថិភាព​ស្បៀងអាហារ​របស់​ពួកគេ​នៅ​ពេលនេះ។

លិខិត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​អបអរ​សាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២១ ដែល​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាងមុខ​នេះ​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុងតែ​បន្ត​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០២១ នេះ ក្នុង​នោះ​បាន​ប៉ះពាល់​ដល់​ការងារ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាង ១០​ម៉ឺន​នាក់ ដែល​ស្មើ​នឹង ៨០,២%។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ស្ដារ​វិស័យ​នេះ​ឡើងវិញ​ក្នុង​ស្ថានភាព Covid-19 នេះ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យុទ្ធសាស្ត្រ​គន្លឹះ​យ៉ាង​ម៉ឺងម៉ាត់​ដាក់​ចេញ​នូវ​គោល​នយោបាយ​ចាក់​វ៉ាក់សាំង Covid-19 ឱ្យ​លឿន​តាម​គោលដៅ​កំណត់ និង​បន្ត​ជំរុញ​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ឡើងវិញ​ឱ្យ​បាន​ពេញលេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ទេសចរណ៍ ធ្លាប់​បាន​អះអាង​កាលពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ ថា វិស័យ​ទេសចរណ៍​នឹង​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០២១ នេះ ប៉ុន្តែ​នៅ​ចុង​ខែ​កញ្ញា ចុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២១ នេះ ការ​ងើប​ឡើង​វិញ​លើ​វិស័យ​នេះ​ហាក់​មិនទាន់​មាន​ពន្លឺ​ដូច​ការ​រំពឹង​ទុក​របស់​ក្រសួង​នៅឡើយ​ទេ។

កាលពី​ចុង​ឆ្នាំ​២០២០ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani-Jamal បាន​អះអាង​ថា ជំងឺ Covid-19 បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បណ្តាល​ឲ្យ​វិស័យ​មួយ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៩៨% ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​ជាង ៣​ពាន់​កន្លែង​ត្រូវ​ដួល​រលំ ហើយ​កម្មករ​ដែល​បម្រើ​ក្នុង​វិស័យ​នេះ​ជាង ៤​ម៉ឺន​នាក់ ត្រូវ​បាត់បង់​ការងារ​ទាំងស្រុង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស