26 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌

បទវិភាគ

ដើម​សប្តាហ៍​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨​ហើយ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អំពាវនាវ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ដែល​រង​ការ​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លងមក។

ក្រុម​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជាច្រើន បាន​នាំគ្នា​បង្ហោះ​សារ​អំពាវនាវ​យ៉ាង​ព្រោងព្រាត​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា បង្ហាញ​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​របស់​សកម្មជន​សង្គម​ដើម្បី​កម្ពុជា ដែល​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ យកចិត្ត​ទុកដាក់ និង​លើក​ទឹកចិត្ត​ពី​អាជ្ញាធរ​រដ្ឋ ផ្ទុយទៅវិញ ការងារ​បម្រើ​សង្គម​របស់​ពួកគេ​បែរជា​ទទួល​រង​នូវ​ការ​គំរាមកំហែង បំភិតបំភ័យ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​ទៅវិញ។

ពួកគេ​និយាយ​ថា សកម្មភាព​ការពារ​បរិស្ថាន ការ​ទាមទារ​យុត្តិធម៌​សង្គម និង​សកម្មភាព​សិទ្ធិមនុស្ស​របស់​សកម្មជន​សង្គម​ទាំងនោះ គឺ​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួល​បាន​នូវ​ការ​គោរព​សិទ្ធិ​ស្មើៗ​គ្នា យុត្តិធម៌​សង្គម សុខមាលភាព បរិស្ថាន​ល្អ និង​បន្ត​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ប៉ុណ្ណោះ។

អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​លើក​ជា​សំណួរ​ថា ប្រសិនបើ​សកម្មជន​បរិស្ថាន​ទាំងនេះ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ តើ​អ្នក​ណា​នឹង​បន្ត​សកម្មភាព​របស់​ពួកគេ​ដើម្បី​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត ខណៈ​ការងារ​របស់​ពួកគេ​កន្លងមក គឺ​ស្រប​ទៅ​នឹង​ច្បាប់​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជាធរមាន​ទៅ​ហើយ​នោះ។

យុទ្ធនាការ​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​នានា​ដែល​កំពុង​ជាប់​ឃុំ បន្ទាប់ពី​អ្នក​ទាំងនោះ​ធ្វើ​សកម្មភាព​ដើម្បី​បរិស្ថាន និង​ការពារ​សិទ្ធិ​ពលរដ្ឋ​នា​ពេល​កន្លងមក។

យុទ្ធនាការ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​សព្វថ្ងៃ​នេះ គឺជា​យុទ្ធនាការ​លើក​ទី​៨ ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ខណៈ​សកម្មភាព​នេះ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ​សមាគម​នានា ដូចជា​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​សមាគម​ជាច្រើន​ដទៃ​ទៀត។

សកម្មជន​សង្គម​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន រួម​មាន ប្រធាន​សហភាព​សហជីព​កម្មករ លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី ជាដើម ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តាំងពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ និង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ខ្លួន​នឹង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​សកម្មជន​បរិស្ថាន​ទាំងនោះ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ខណៈ​សកម្មជន​សង្គម​ផ្សេង​ទៀត​ដូចជា​លោក រ៉ុង ឈុន ជាដើម ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ផាក​ពិន័យ​ជា​ទឹកប្រាក់​សរុប ១៣៥​លាន​រៀល​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ចេញ​លិខិត​រិះគន់​អាជ្ញាធរ​កម្ពុជា​កាលពី​ចុង​ខែ​សីហា ឆ្នាំ​២០២១ ថា ជុំវិញ​ការ​ផ្ដន្ទាទោស​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ទាំងនោះ ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ គឺជា​ការ​សម្រេច​មិន​សម​ហេតុផល និង​មិន​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស