26 C
Phnom Penh

អ្នក​ឃ្លាំមើល៖ មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោកសេរី គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​អ្នក​នយោបាយ​ខ្មែរ​ទេ

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ លើកឡើង​ថា មហាអំណាច​កុម្មុយនីស្ត​ចិន ក៏​ដូច​មហាអំណាច​អាមេរិក​ដែរ គ្មាន​គោលការណ៍​ឈ្លោះ​គ្នា​ដើម្បី​តែ​អ្នក​នយោបាយ​ខ្មែរ​ខាង​ណា​ម្នាក់​នោះ​ទេ ព្រោះថា​មហាអំណាច​ទាំងនោះ​តែង​គិត​ផលប្រយោជន៍​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ដូច្នេះ​មេដឹកនាំ​ខ្មែរ​ក៏​ត្រូវ​គិត​ពី​ផលប្រយោជន៍​នៃ​ប្រទេស​ខ្លួន​ដែរ មិន​ត្រូវ​ផ្ដេកផ្ដួល​លើ​មហាអំណាច​ណាមួយ​នោះ​ឡើយ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី Facebook លោក នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ថា បច្ចុប្បន្ន​នេះ អ្នកនយោបាយ​ខ្មែរ​ដែល​កំពុង​កាន់​អំណាច និង​មិនទាន់​កាន់​អំណាច បាន​នាំគ្នា​ផ្ដេកផ្ដួល​ខ្លួន​លើ​មហាអំណាច​ចិន និង​មហាអំណាច​អាមេរិក ដើម្បី​ទាញ​ប្រយោជន៍​នយោបាយ​របស់​ពួកគេ​រៀងៗ​ខ្លួន។ លោក​អះអាង​ថា មេដឹកនាំ​របស់​កម្ពុជា​ទាំងអស់​គួរតែ​ដឹង និង​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ថា ការ​ដណ្តើម​ឥទ្ធិពល​ក្នុង​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​លោកសេរី និង​កុម្មុយនីស្ត គឺ​តែងតែ​កើតមាន​ជានិច្ច ប៉ុន្តែ​មិនមែន​ដើម្បី​ផលប្រយោជន៍​របស់​អ្នកនយោបាយ​ខ្មែរ​ណា​ម្នាក់​ឡើយ។ ផ្ទុយទៅវិញ ពួកគេ​ធ្វើឡើង​ដើម្បី​ឥទ្ធិពល​នយោបាយ​របស់​ពួកគេ​តែប៉ុណ្ណោះ។

មេដឹកនាំ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​បាន​យុត្តិធម៌ បាន​សេរីភាព បាន​ប្រជាធិបតេយ្យ ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ប្រើ​សិទ្ធិ​សេរីភាព​ស្របតាម​រដ្ឋធម្មនុញ្ញ តវ៉ា​ជាមួយ​រដ្ឋអំណាច និង​អ្នក​នយោបាយ​ទាំងនោះ ដើម្បី​ឱ្យ​ពួកគេ​បម្រើ​សេចក្តី​ត្រូវការ​របស់​ខ្លួន និង​គោរព​តាម​ច្បាប់​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ឲ្យខាងតែ​បាន។

លោក ទូច វិបុល បញ្ជាក់​ថា នៅ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ពលរដ្ឋ​ដែល​ខ្លាំង នោះ​នឹង​នាំ​ឱ្យ​ស្ថាប័ន​ជាតិ​របស់​កម្ពុជា​ក្លាយ​ជា​ស្ថាប័ន​ដែល​រឹងមាំ ហើយ​ក៏​អាច​ដឹកនាំ​កម្ពុជា​ឱ្យ​ស្ថិត​ក្រោម​ដំបូល​នីតិរដ្ឋ​ពិតប្រាកដ​ដែរ ដែល​នឹង​នាំ​ជនជាតិ​ខ្មែរ​ក្លាយ​ជា​ជនជាតិ​ដែល​ខ្លាំង​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ពិតប្រាកដ។

ការ​អះអាង​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នក​ដឹកនាំ​ខ្មែរ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង នៅ​មិនទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​ដើម្បី​ផ្សះផ្សា​ជាតិ​របស់​ខ្លួន​បាន​នៅឡើយ​រហូត​មកដល់​ពេលនេះ ប៉ុន្តែ​ពួកគេ​ព្យាយាម​យក​ប្រទេស​មហាអំណាច​ធ្វើជា​ខ្នង​បង្អែក​រៀងៗ​ខ្លួន ដើម្បី​តែ​យក​ឈ្នះ​គ្នា​ទៅវិញ​ទៅមក ខណៈ​ប្រទេស​ជាតិ​នៅតែ​បន្ត​រង​នូវ​វិបត្តិ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា លោក ហ៊ុន សែន កំពុង​ធ្វើ​នយោបាយ​បង្ក​ជម្លោះ​រវាង​តែ​ជាតិសាសន៍​ឯង ដោយ​យក​មហាអំណាច​កុម្មុយនីស្ត​ចិន ជា​ខ្នង​បង្អែក ចំណែក​ឯ​ក្រុម​ប្រឆាំង​ទាញ​យក​មហាអំណាច​អាមេរិក​ជា​ខ្នង​បង្អែក ហើយ​ភាគី​ទាំង​ពីរ​នេះ​សុទ្ធតែ​គ្មាន​ជំហរ​ផ្សះផ្សា​ជាតិ​ដូច​គ្នា ហើយ​ពលរដ្ឋ​ខ្មែរ​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​នយោបាយ​បែប​នេះ​ជាបន្តបន្ទាប់។

កាលពី​ពាក់កណ្តាល​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា នៅ​ពេលនេះ​គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​នោះ​ទេ ហើយ​សូម​កុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ចរចា ឬ​ការ​យោគយល់​ពី​រូបលោក​ឲ្យ​សោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា ពុំ​មាន​ការ​ធ្វើ​បុណ្យ​អ្វី​ល្អ​ប្រសើរ​ជាង​ការ​ចូលរួម​ធ្វើ​បុណ្យ​ដើម្បី​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ។ លោក​ថា ទាល់តែ​កម្ពុជា​មាន​ប្រជាធិបតេយ្យ ទើប​ព្រះពុទ្ធសាសនា​រុងរឿង ពលរដ្ឋ​មាន​សិទ្ធិ​ជា​ម្ចាស់​ប្រទេស​ពិតប្រាកដ ហើយ​កម្ពុជា​ក៏​អាច​រក្សា​អធិបតេយ្យ​របស់​ខ្លួន​បាន​គង់វង្ស​ជា​និរន្ត​ដែរ។

លោក​បញ្ជាក់​ថា ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ ត្រូវ​មាន​ធាតុ​ខ្លាំង​យ៉ាង​តិច​ពីរ​ក្នុង​ចំណោម​ធាតុ​មូលដ្ឋាន​សំខាន់ៗ​បី ដែល​ត្រូវ​ងើប​ឡើង​ព្រមៗ​គ្នា រួម​មាន អ្នកនយោបាយ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ខ្លាំង ចលនា​សង្គម​ដើម្បី​ប្រជាធិបតេយ្យ​ខ្លាំង និង​ពលរដ្ឋ​ដែល​ប្រាថ្នា​ប្រជាធិបតេយ្យ​ខ្លាំង។

លោក គឹម សុខ សង្កត់​ធ្ងន់​ថា ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្ពុជា ដោយសារតែ​គ្មាន​អ្នកនយោបាយ​ខ្មែរ​ខ្លាំង​ណា​ម្នាក់​ហ៊ាន​ធ្វើ​ពលីកម្ម​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​នោះ​ហើយ ទើប​កម្ពុជា​ជួប​នូវ​វិបត្តិ​នយោបាយ​ឥត​ឈប់ឈរ​បែប​នេះ ដូច្នេះ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវតែ​ជួយ​ជំរុញ​ចលនា​សង្គម​ដើម្បី​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ដែល​ប្រាថ្នា​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​មាន​ស្មារតី​ខ្លាំង​ឡើងវិញ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​បាន​ទាន់​ពេលវេលា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស