26 C
Phnom Penh

លោក កឹម សុខា៖ ទោះបីជា​លោក​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ ក៏​លោក​មិន​ភ្លេច​ប្រទេស​ជាតិ​ដែរ

បទវិភាគ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុងតែ​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា លោក​មិន​ភ្លេច​ការ​ធ្វើ​បុណ្យ មិន​ភ្លេច​ការ​ធ្វើ​ទាន មិន​ភ្លេច​ការ​ការពារ​ខ្លួន​ពី​ជំងឺ Covid-19 នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​រឹត​តែ​មិន​អាច​ភ្លេច​បាន​ទៅ​ទៀត​នោះ គឺ​ប្រទេស​ជាតិ និង​ពលរដ្ឋ បើ​ទោះបីជា​លោក​មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក៏ដោយ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​នាំគ្នា​អនុវត្ត​វិធានការ​សុខាភិបាល ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ទាំងអស់​គ្នា​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​បញ្ចៀស​ការ​ឆ្លង​ចូល​ក្នុង​សហគមន៍ និង​គ្រួសារ។

លោក​អះអាង​ថា រដូវ​កាន់​បិណ្ឌ​ក្នុង​វិបត្តិ​នៃ​ជំងឺ Covid-19 ឆ្នាំ​នេះ បាន​ឆ្លង​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ។ ដូច្នេះ រូបលោក​ផ្ទាល់ និង​សហការី មិន​អាច​ចូល​ទៅ​ថ្វាយបង្គំ​ព្រះសង្ឃ​ដើម្បី​ប្រគេន​ទេយ្យទាន​ក្នុង​ទីអារាម​បាន​ទេ ប៉ុន្តែ​នៅតែ​អាច​ប្រគេន​ចង្ហាន់ ទេយ្យទាន និង​បច្ច័យ​ដល់​ព្រះ​ភិក្ខុសង្ឃ​ដែល​កំពុង​ចាំ​ព្រះវស្សា​នៅ​ត្រឹមតែ​ខ្លោងទ្វារ​វត្ត​បាន​ដដែល។

នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា នេះ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​យក​ចង្ហាន់ និង​ទេយ្យទាន​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​កំពង់ចាម និង​ខេត្ត​ព្រះវិហារ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ​នោះ លោក កឹម សុខា ក៏​បាន​ផ្តល់​អំណោយ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​តំបន់​បិទ​ខ្ទប់​ថែម​ទៀត។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ដដែល​នេះ​ថា បើ​ទោះបី​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ទាន់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ តែ​ទឹកចិត្ត​មនុស្សធម៌ មេត្តា ករុណា​របស់​លោក​នៅតែ​អាច​ធ្វើ​បុណ្យ​សន្សំ​កុសល​នៅ​តាម​ទី​វត្តអារាម​បាន​ដដែល។

លោក​បញ្ជាក់​ថា សកម្មភាព​នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​វប្បធម៌​នៃ​ក្តី​ស្រឡាញ់ សន្ដោស​ប្រណី ចែករំលែក​គ្នា​រស់​ប្រកប​ដោយ​សុខដុមរមនា ដោយ​មិន​ចង​កម្មពៀរ​នឹង​គ្នា ហើយ​ក៏​អាច​បង្កើត​នូវ​វប្បធម៌​សាមគ្គី​ជាតិ ការ​ស្រុះស្រួល​គ្នា ការ​រួបរួម​ផ្សះផ្សា​ឯកភាព​ជាតិ ដើម្បី​ប្រយោជន៍​កម្ពុជា​ទាំងមូល​ផង​ដែរ។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ប៉ុន្តែ​តុលាការ​កម្ពុជា​នៅតែ​ពន្យារ​សវនាការ​របស់​លោក​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ​២០២០ មក​ម្ល៉េះ ខណៈ​មេធាវី​បក្ស​ប្រឆាំង​តែង​ជំរុញ​តុលាការ​ឱ្យ​ជំនុំ​ជម្រះ​ក្តី​លើ​ករណី​នេះ​ម្តង​ហើយ​ម្តង​ទៀត​ជាប់​រហូត​មក។

ក្រុម​អ្នក​សង្កេតការណ៍​បាន​ប្រដូច​ការ​តស៊ូ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទៅ​នឹង​មេដឹកនាំ​ដើម្បី​សេរីភាព​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង លោក Nelson Mandela ថា​លោក​គឺ​ជា​មេដឹកនាំ​ដែល​ហ៊ាន​លះបង់​សេរីភាព​ខ្លួនឯង​រហូត​ដល់​ការ​លះបង់​ជីវិត​ដើម្បី​តែ​ទាមទារ​សេរីភាព និង​យុត្តិធម៌​ជូន​ជាតិ និង​ពលរដ្ឋ​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ សារព័ត៌មាន Southeast Asia Globe បាន​ចុះផ្សាយ​ពី​ការ​លើកឡើង​របស់​អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បណ្ឌិត ម៉ាខឺស ស្កាប៊ូ ថា​លោក កឹម សុខា បាន​ដាក់​ខ្លួន​លោក​ក្នុង​ភ្នក់ភ្លើង​ជាច្រើនលើក​ច្រើនគ្រា ព្រោះតែ​គាត់​ហ៊ាន​ប្រឆាំង​នឹង​ក្រុម​អ្នក​កាន់​អំណាច​ដើម្បី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស