26 C
Phnom Penh

លោក ស ខេង៖ ទំនាក់ទំនង​កម្ពុជា-ចិន​នាំមក​នូវ​វឌ្ឍនភាព​និង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា-ចិន និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ បាន​នាំ​មក​នូវ​វឌ្ឍនភាព និង​ការ​អភិវឌ្ឍ​រីកចម្រើន​សម្រាប់​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​បែប​នេះ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​រវាង​កម្ពុជា-ចិន ស្ដីពី​ការ​បន្ត​អនុវត្ត​ឆ្នាំ​បន្ត​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​របស់​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

លោក ស ខេង បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នេះ​ថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​ចែករំលែក និង​ផ្លាស់ប្ដូរ​ទៅវិញ​ទៅមក​នូវ​សភាពការណ៍​សន្តិសុខ​ទូទៅ និង​អាច​ជួយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​លើ​ការ​កសាង​សមត្ថភាព​កងកម្លាំង ជាពិសេស​កិច្ចសហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ជាដើម។

លោក ស ខេង អះអាង​ថា កម្ពុជា​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស​ឧក្រិដ្ឋកម្ម​ដែល​មាន​អង្គការ​ចាត់តាំង ដូចជា​ល្បែង​ស៊ីសង​អនឡាញ​ខុសច្បាប់ អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ជាដើម។

នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​ផែនការ​ស្ដីពី​ការ​បន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ចាវ ឃើជឺ ដើម្បី​ចុះហត្ថលេខា​សហការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​បន្ត​ទៀត។

កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា-ចិន បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ ដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ស៊ី ជីនពីង។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ចុង​ឆ្នាំ​២០២០ បង្ហាញ​ថា កម្ពុជា​មាន​ជនជាតិ​ចិន​សរុប​ដែល​កំពុង​ស្នាក់​អាស្រ័យ និង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់ ហើយ​ពួកគេ​ភាគច្រើន​ប្រកប​របរ​វាយនភ័ណ្ឌ ទេសចរណ៍ សំណង់ ហាង​ទំនិញ​ខ្នាត​តូច និង​ភោជនីយដ្ឋាន ក្នុង​នោះ​ជនជាតិ​ចិន​មួយ​ចំនួន​ក៏​បាន​នាំគ្នា​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​របស់​កម្ពុជា​ផង​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា ជនជាតិ​ចិន​ប្រមាណ​ជាង ៣​ពាន់​នាក់​ដែល​ក្រសួង​បាន​បណ្តេញ​ចេញពី​កម្ពុជា ភាគច្រើន​ប្រព្រឹត្ត​បទល្មើស​ដូចជា​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ល្បែង​អនឡាញ ការ​ស្នាក់នៅ​ខុសច្បាប់ និង​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា បើ​ទោះបីជា​មាន​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា-ចិន​ក៏ដោយ ក៏​ពលរដ្ឋ​ខ្មែរ​នៅតែ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ហូរ​ចូល​នៃ​ជនជាតិ​ចិន ដែល​ចូល​ទៅ​រស់នៅ​លើ​ទឹកដី​កម្ពុជា ដូចជា​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប និង​ទីក្រុង​ភ្នំពេញ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ជនជាតិ​ចិន​ដែល​ចូល​ទៅ​រស់នៅ​ប្រទេស​កម្ពុជា​ទាំងនោះ​បាន​បង្ក​អសន្តិសុខ​ដល់​សង្គម​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​ចាប់​ជំរិត ប្លន់​យក​ទ្រព្យសម្បត្តិ និង​ការប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេងៗ។ បញ្ហា​នេះ បើ​ទោះបីជា​មាន​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ ក៏​នៅតែ​បន្ត​កើតមាន​ដដែល។

ជាក់ស្តែង កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៦​នាក់ ស្ថិត​ក្នុង​សង្កាត់​លេខ២ និង​សង្កាត់​លេខ៤ ក្រុង​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។

ប្រតិបត្តិការ​ចុះ​ចាប់​នេះ ដឹកនាំ​សម្របសម្រួល​ដោយ​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៦-២៧ ខែ​កញ្ញា ឆ្នាំ​២០២១។ ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន រួម​មាន​ថ្នាំញៀន​កេតាមីន ថ្នាំញៀន Ice ថ្នាំញៀន WY កញ្ឆា​ក្រៀម ថ្នាំ​ដប​ពណ៌​មាស ជញ្ជីង​ថ្លឹង​ថ្នាំ រថយន្ត​ចំនួន ២​គ្រឿង និង​ទូរស័ព្ទ​ចំនួន ១០​គ្រឿង។

បច្ចុប្បន្ន ជន​សង្ស័យ​ទាំង ៦​នាក់​រួម​ជាមួយ​វត្ថុតាង ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស