26 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កើត​ចេញពី​សភា​អាមេរិក មិនមែន​ដោយសារ​លោក សម រង្ស៊ី នោះ​ទេ

បទវិភាគ

ក្រុម​អ្នក​រិះគន់​និយាយ​ថា ពួកគេ​ពិត​ជា​រអៀស​ខ្លួន​ជំនួស​អ្នក​លេង​ល្ខោន​នយោបាយ​ដែល​ឃោសនា​ថា ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ការ​គាំទ្រ​លើសលប់​ពី​រដ្ឋសភា​អាមេរិក គឺ​ដោយសារតែ​មេដឹកនាំ​របស់​ពួកគេ​ទៅ​ជួប​ជាមួយ​សមាជិក​រដ្ឋសភា​អាមេរិក ដើម្បី​បញ្ចុះបញ្ចូល​ពួកគេ​ឱ្យ​គាំទ្រ​ច្បាប់​នេះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​នេះ​ថា លោក​មិន​ភ្ញាក់ផ្អើល​នោះ​ទេ​នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​អាមេរិក​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ធំៗ​នៃ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះថា​ច្បាប់​នេះ គឺ​តែង​ហើម​ស្រកៗ​ទៅ​តាម​ទំនោរ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ជា​ប្រចាំ​តែប៉ុណ្ណោះ។

លោក​អះអាង​ថា នៅ​ពេល​ដែល​មេដឹកនាំ​នយោបាយ​ធំៗ​របស់​កម្ពុជា​ទាល់ច្រក​នយោបាយ​រៀងៗ​ខ្លួន ពួកគេ​កាន់តែ​បើក​ឆាក​លេង​ល្ខោន​នយោបាយ​ដោយ​ឥត​អៀនខ្មាស ដើម្បី​កុហក​ពលរដ្ឋ​ខ្លួនឯង ខណៈ​ពលរដ្ឋ​ដែល​ជឿ​ងុប​លើ​ល្ខោន​របស់​អ្នក​នយោបាយ​ទាំងនោះ បែរជា​នាំគ្នា​មិន​អនុវត្ត​សិទ្ធិ និង​ករណីយកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ដែល​បញ្ហា​នេះ​នឹង​រុញ​ឱ្យ​កម្ពុជា​រអិល​ចូល​វិបត្តិ​កាន់តែ​អាក្រក់​រហូត​បាត់បង់​ឱកាស​ស្រោចស្រង់​ខ្លួនឯង​ថែមទៀត។

លោក​រិះគន់​ថា ព្រោះតែ​ល្បែង​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន ពួកគេ​មិន​បាន​ចង្អុល​បង្ហាញ​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ពី​មហិច្ឆតា​ឈ្លានពាន​របស់​ប្រទេស​កុម្មុយនីស្ត​ឈ្លានពាន​ជិតខាង ដូចជា​វៀតណាម ជាដើម ដែល​កំពុង​បង្កើត​ឥណ្ឌូចិន​ក្រោម​រូបភាព​ថ្មី​មួយ ដែល​មេដឹកនាំ​កម្ពុជា និង​វៀតណាម បាន​ដាក់​ឈ្មោះ​ថ្មី​ថា តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម និង​ឡាវ ដែល​នឹង​នាំ​គ្រោះថ្នាក់​ដល់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

ការ​អះអាង​បែប​នេះ ធ្វើឡើង​ទំនង​សំដៅ​ទៅ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ត្រូវ​អ្នក​គាំទ្រ​យក​រូបលោក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​ជាមួយ​រូបថត​សមាជិក​រដ្ឋសភា​អាមេរិក​ជាច្រើន​រូប​កាលពី​ពេល​ថ្មីៗ​នេះ។

នៅ​មុន និង​ក្រោយ​ពេល​រដ្ឋសភា​អាមេរិក​អនុម័ត​គាំទ្រ​ច្បាប់​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា ឬ Cambodia Democracy Act ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​លោក សម រង្ស៊ី បាន​បង្ហោះ​រូប​មេដឹកនាំ​របស់​ពួកគេ​ដែល​បាន​ថត​ជាមួយ​សមាជិក​រដ្ឋសភា​របស់​អាមេរិក​មួយ​ចំនួន ដោយ​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​ជុំវិញ​ការ​អនុម័ត​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​នេះ។

ការ​បង្ហោះ​បែប​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ចេតនា​ដើម្បី​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ទៅ​ដល់​មហាជន​ថា ច្បាប់​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា​នេះ ត្រូវ​បាន​អនុម័ត​គាំទ្រ​ពី​សមាជិក​សភា​អាមេរិក​ក្នុង​សំឡេង​ច្រើន​លើសលប់​ភាគច្រើន គឺ​ដោយសារតែ​មាន​ការ​បញ្ចុះបញ្ចូល និង​ជំរុញ​ពី​លោក សម រង្ស៊ី។

អនុ​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាល​ពី​ម្សិលមិញ​ថា ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​ស្រប​តាម​សភាពការណ៍​របស់​លោក សម រង្ស៊ី បោក​បាន​តែ​អ្នក​ផ្កាប់មុខ​ដែល​គាំទ្រ​ខ្វះ​ការ​ពិចារណា​ប៉ុណ្ណោះ ព្រោះថា​ច្បាប់​នេះ​ចេញ​រួច ឬ​មិន​រួច គឺ​អាស្រ័យ​លើ​ព្រឹទ្ធសភា ឬ​សភា​ជាន់ខ្ពស់​របស់​អាមេរិក​អនុម័ត​គាំទ្រ ឬ​មិន​គាំទ្រ​ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក សម រង្ស៊ី នោះ​ទេ។

កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២១ នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Marco Rubio មកពី​រដ្ឋ Florida ដែល​ជា​សហស្ថាបនិក​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ ប្ដេជ្ញា​ថា លោក​នឹង​ឱ្យ​មេដឹកនាំ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យខាងតែ​បាន ព្រោះថា​លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមក​នេះ។

ច្បាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា (Cambodia Democracy Act) ត្រូវ​បាន​ស្នើ​ឡើង​ដោយ​សមាជិក​រដ្ឋសភា​អាមេរិក លោក Rep. Ted Yoko កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​អាមេរិក​ពីរ​លើក​រួច​មក​ហើយ គឺ​ក្នុង​អាណត្តិ​រដ្ឋសភា​របស់​អតីត​ប្រធានាធិបតី​លោក បារ៉ាក់ អូបាម៉ា និង​លោក ដូ ណាល់ត្រាំ ប៉ុន្តែ​ត្រូវ​ជាប់​គាំង​ទាំងស្រុង ខណៈ​អាណត្តិ​រដ្ឋសភា​ថ្មី​ទី​១១៧ របស់​លោក ចូ បៃដិន នេះ ត្រូវ​បាន​លើក​យក​មក​អនុម័ត​បន្ត​ទៀត​ដើម្បី​រុញ​សេចក្តី​ស្នើ​ច្បាប់​នេះ​ឱ្យ​ក្លាយ​ជា​ច្បាប់​ពេញ​លក្ខណៈ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស