28 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ មេដឹកនាំ​ស្មោះត្រង់​នឹង​ជាតិ គឺ​ត្រូវ​គោរព​រដ្ឋធម្មនុញ្ញ មិនមែន​ទាល់តែ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​មិនមែន​ទាល់តែ​មេដឹកនាំ​កំពូលៗ​របស់​ខ្មែរ​មាន​សញ្ជាតិ​តែ​មួយ​នោះ​ទេ ប៉ុន្តែ​ពួកគេ​ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន នោះ​ទើប​បញ្ជាក់​ថា​មេដឹកនាំ​ទាំងនោះ​ពិតជា​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ​ប្រាកដ​មែន។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ធានា​បាន​នូវ​ឯករាជភាព អធិបតេយ្យភាព និង​ការ​មិន​ជ្រៀតជ្រែក​ពី​រដ្ឋ​បរទេស​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

លោក​អះអាង​ថា នៅ​ពេល​មេដឹកនាំ​ខ្មែរ​អាច​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​ច្បាប់​កំពូល​ទាំង​ពីរ​នេះ​ដោយ​ស្មោះត្រង់​ហើយ​នោះ កម្ពុជា​នឹង​មិន​អាច​មាន​បរទេស​ណាមួយ​អាច​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​បាន​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ទោះបីជា​មេដឹកនាំ​ខ្មែរ​មាន​សញ្ជាតិ​តែ​មួយ​ក៏ដោយ បើ​មេដឹកនាំ​ទាំងនោះ​មិន​មាន​ភាព​ស្មោះត្រង់​ចំពោះ​ការ​គោរព​ច្បាប់​កំពូល​របស់​ខ្លួន​នោះ​ទេ ក៏​រដ្ឋ​បរទេស​នៅតែ​អាច​ស៊ីរូង​ដល់​បេះដូង និង​កម្ទេច​កម្ពុជា​បាន​ដោយ​ងាយ​ដែរ។

លោក គឹម សុខ អះអាង​ថា ចំពោះ​មេដឹកនាំ​ដែល​មាន​សញ្ជាតិ​បរទេស គឺ​ត្រូវ​ហាមប្រាម​បំផុត​ចំពោះ​មេដឹកនាំ​កម្ពុជា​ដែល​មាន​សញ្ជាតិ​របស់​ប្រទេស​ជិតខាង ដូចជា​ប្រទេស​វៀតណាម ឡាវ និង​ថៃ ជាដើម ព្រោះ​វា​នឹង​បង្ក​គ្រោះថ្នាក់​ធំ​ណាស់​សម្រាប់​កម្ពុជា ដូចជា​ការ​បង្ក​អសន្តិសុខ​ផ្ទៃក្នុង​ជាតិ បញ្ហា​បូរណភាព​ទឹកដី និង​ប្រយោជន៍​សេដ្ឋកិច្ច​ឆ្លង​ដែន​របស់​ប្រទេស​ជាតិ​ទាំងនោះ​ជាដើម។

លោក គឹម សុខ បញ្ជាក់​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​នឹង​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ គ្រាន់តែ​ឆាក​ល្ខោន​នយោបាយ​ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​របស់​អតីត​មេ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ប៉ុន្តែ​គោលបំណង​ពិតប្រាកដ​នៃ​ច្បាប់​នេះ គឺ​ទំនង​ជា​ជួយ​រៀបចំ​ផ្លូវ​នៃ​ការ​ផ្ទេរ​អំណាច​បន្ត​វង្ស​ត្រកូល​របស់​ខ្លួន​ទៅ​ឱ្យ​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ មិនមែន​ដើម្បី​បញ្ជាក់​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ​នោះ​ទេ។

នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ថា ដើម្បី​បង្ហាញ​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​បញ្ចៀស​នូវ​ការ​ជ្រៀតជ្រែក​ពី​បរទេស ថ្នាក់​ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ប៉ុណ្ណោះ។

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា លោក​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ឱ្យ​សិក្សា​រៀបចំ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តី​ស្នើ​ច្បាប់​ដែល​ចេញពី​ព្រឹទ្ធសភា និង​រដ្ឋសភា​រួច​អស់​ហើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​ពួក​អ្នក​មាន​សញ្ជាតិ​ពីរ​ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ពិសេស​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ​តែ​ម្តង គឺ​លែង​មាន​ឱកាស​តទៅទៀត​ហើយ ព្រោះថា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី ឬ​ច្បាប់​អង្គការ​ក្តី គឺ​ត្រូវការ​សំឡេង ២​ភាគ​៣ ទើប​អាច​អនុម័ត​លើ​ច្បាប់​នេះ​បាន។

ជុំវិញ​បញ្ហា​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា បើ​ជ្រុល​តែ​បង្កើត​ច្បាប់​ឱ្យ​មេដឹកនាំ​ធំៗ​មាន​សញ្ជាតិ​តែ​មួយ​ទៅ​ហើយ​នោះ រដ្ឋាភិបាល​គួរតែ​ពិចារណា​តម្រូវ​ឱ្យ​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​តាម​ក្រសួង​នីមួយៗ​មាន​សញ្ជាតិ​តែ​មួយ​ដែរ​ទៅ ព្រោះថា​មន្ត្រី​ទាំងនោះ​មួយ​ចំនួន​ធំ​ក៏​មាន​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ការ​ប្រកាស​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្កើត​ជា​ច្បាប់​សម្រាប់​មេដឹកនាំ​ខ្មែរ​ឱ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ ក៏​ត្រូវ​អ្នកវិភាគ​មួយ​ចំនួន​អះអាង​ថា គឺជា​ការ​ឆ្លើយតប​របស់​លោក ហ៊ុន សែន ទៅ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​បាន​ចោទ​ថា លោក ហ៊ុន សែន បាន​ទិញ​លិខិត​ឆ្លងដែន និង​បាន​ទទួល​សញ្ជាតិ​ពី​ប្រទេស​សាយប្រឹស (Cyprus) ដែល​ជា​កោះ​មួយ​នៅ​ទ្វីប​អឺរ៉ុប ដើម្បី​នាំ​គ្រួសារ​របស់​គាត់​អាច​គេច​ខ្លួន​ទៅ​រស់នៅ​ទីនោះ​ផង​ដែរ។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​សញ្ជាតិ​ពី​ប្រទេស​សាយប្រឹស (Cyprus) នេះ ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រទេស Cyprus ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ការ​ចោទប្រកាន់​ថា លោក ហ៊ុន សែន មាន​លិខិត​ឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ីប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ីប ដូច​ដែល​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ ដើម្បី​បញ្ជាក់​ឱ្យ​ឃើញ​ការពិត​ឱ្យ​បាន​ច្បាស់លាស់​ជូន​ដល់​សាធារណជន និង​ប្រជាជន​កម្ពុជា​ទាំងមូល និង​ដើម្បី​ធានា​រក្សា​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី។

ក្រសួង​យុត្តិធម៌​កម្ពុជា បាន​បញ្ជាក់​ថា លោក ហ៊ុន សែន មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ និង​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ជាច្រើនលើក​ច្រើនសា​ចំពោះ​មុខ​ប្រជាជន​កម្ពុជា​នូវ​គោលជំហរ​នយោបាយ​ឥត​ងាករេ រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​ដាច់ខាត​មិន​រត់​ចោល​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ឡើយ ទោះបី​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស