26 C
Phnom Penh

អ្នក​ឃ្លាំមើល​ស្វាគមន៍​ចំពោះ​វិធានការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​សេចក្តី​ណែនាំ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ ត្បិត​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​សុខភាព​មិន​អាច​ចាក់​វ៉ាក់សាំង​បាន។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដូច្នេះ បន្ទាប់ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ចម្លង​វីរុស Covid-19 តាម​ទីប្រជុំជន​ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង​ដើម្បី​ធានា​ការ​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ Covid-19 ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក មឿន តុលា បាន​ថ្លែង​ថា ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​នឹង​មាន​ប័ណ្ណ​វ៉ាក់សាំង​ដើម្បី​សម្គាល់​នោះ គឺ​មិន​មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ព្រោះតែ​គ្រូពេទ្យ​មិន​អនុញ្ញាត នឹង​មិន​អាច​មាន​សេរីភាព​ក្នុង​ការ​ដើរហើរ​ពេញលេញ​នោះ​ទេ ព្រោះ​វិធានការ​នេះ​អនុញ្ញាត​តែ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​តែប៉ុណ្ណោះ។

លោក មឿន តុលា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 ចៀសវាង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ ព្រោះថា​ការ​ទទួល​វ៉ាក់សាំង គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ ដូច្នេះ​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​អនុវត្ត​វិធានការ​នេះ ហាក់ដូចជា​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ដែល​មិនទាន់​បាន​ទទួល​វ៉ាក់សាំង​ជំងឺ Covid-19 នេះ​ទៅវិញ ករណី​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​របស់​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២១ នេះ​ស្ដីពី​ការ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង Covid-19 តាម​ទីប្រជុំជន​មួយ​ចំនួន ដូចជា​តាម​គ្រឹះស្ថាន​សិក្សា តាម​ទីផ្សារ និង​ទីតាំង​អាជីវកម្ម​នានា​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវតែ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ឱ្យ​បាន​គ្រប់ៗ​គ្នា។

ប្រភព​ដដែល​បញ្ជាក់​ថា ចំពោះ​គ្រឹះស្ថាន​សិក្សា ផ្សារ និង​ភោជនីយដ្ឋាន ជាដើម ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ ប៉ុន្តែ​បើ​មិន​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នេះ​ទេ នឹង​ត្រូវ​ប្រឈម​ការ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង ព្រមទាំង​ត្រូវ​ចាត់​វិធានការ​ច្បាប់​ផង​ដែរ ខណៈ​វិធានការ​នេះ​មិន​បាន​កំណត់​នូវ​ពេលវេលា​ថា​នឹង​បញ្ឈប់​ពេល​ណា​នោះ​ដែរ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល បាន​អះអាង​កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ក្រសួង​បាន​ចាក់​វ៉ាក់សាំង Covid-19 ដល់​មនុស្ស​ពេញវ័យ​ដោយ​ធៀប​នឹង​ប្រជាជន​គោលដៅ ១០​លាន​នាក់ មាន​ចំនួន ៩៩,១៤​ភាគរយ ប៉ុន្តែ​បើ​ធៀប​នឹង​គោលដៅ​ប្រជាជន ១៦​លាន​នាក់​ទើប​តែ​មាន​ចំនួន ៨៤,១០​ភាគរយ​ប៉ុណ្ណោះ ដោយឡែក​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​ចាក់​បាន ៩៣,៧៥​ភាគរយ ខណៈ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ចាក់​បាន ៨៩,៦៨​ភាគរយ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​លិខិត​ណែនាំ​ទៅ​កាន់​អាជ្ញាធរ​ទាំង ២៥​រាជធានី-ខេត្ត កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២១ នេះ ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​ប្រជាពលរដ្ឋ​ក្រុម​គោលដៅ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

កាលពី​ចុងខែ​សីហា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន អះអាង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ជុំ​ទី​១ អាច​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បាន​គ្រោងទុក ពោល​គឺ​នៅ​ចុងខែ​តុលា ឬ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ប្រតិបត្តិការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កងទ័ព លោក ឥត សាវ៉ាត់ ធ្លាប់​បាន​អះអាង​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា ប័ណ្ណ​ចាក់​វ៉ាក់សាំង​មិន​អាច​ផលិត​ទាន់​អ្នក​ចាក់​វ៉ាក់សាំង​បាន​ទេ។ លោក​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​អាច​ផលិត​បាន​ត្រឹមតែ​ជាង ១​ម៉ឺន​ប័ណ្ណ​ប៉ុណ្ណោះ ខណៈ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​មាន​ចំនួន​ដល់​ទៅ​​​ជាង ៥​ម៉ឺន​នាក់​ឯណោះ​ក្នុង​១​ថ្ងៃៗ។

បែប​នេះ​ក្តី មក​ទល់នឹង​ពេលនេះ បើ​ទោះបីជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជុំ​ទី​១ ជិត​នឹង​បញ្ចប់​ហើយ​ក្តី ប៉ុន្តែ​រដ្ឋាភិបាល​នៅ​មិនទាន់​បាន​បង្ហាញ​តួលេខ​ជាក់លាក់​អំពី​ការ​ផ្តល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ដល់​ប្រជាពលរដ្ឋ​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅឡើយ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស