26 C
Phnom Penh

ពលរដ្ឋ​ស្នើ​ថ្នាក់​ដឹកនាំ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​ព្រំប្រទល់​ខេត្ត​តាកែវ​និង​កំពត

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ ស្នើ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​ប្រមុខ​រដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ កំពុង​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់ ដែល​កំពុង​កើតមាន​ឡើង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ស្រុក​ជុំគីរី ខេត្ត​កំពត។

មន្ត្រី​ឃ្លាំមើល​បរិស្ថាន និង​ប្រជាពលរដ្ឋ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ពុធ ទី​០៦ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា អ្នក​នៅ​ពីក្រោយ​បទល្មើស​មនុស្ស និង​គ្រឿងចក្រ​ឲ្យ​ចូល​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​រំលោភ​យក​ដី​ព្រៃឈើ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់ គឺ​ភាគច្រើន​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់ មាន​អង្គភាព​ប្រចាំការ​នៅ​ជិត​ប្រជុំ​ជួរភ្នំ​ទាំងនោះ រួម​មាន​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១១ និង​មន្ត្រី​ខ្លះ​ទៀត​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​ជាដើម។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ ភាព​អនាធិបតេយ្យ​នៃ​សកម្មភាព​ចូល​ទៅ​ទន្ទ្រាន​ដី​ព្រៃឈើ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់​របស់​មន្ត្រី​យោធា​ខិលខូច​ទាំងនោះ គឺ​មាន​វិសាលភាព​រហូត​ដល់​រាប់​ពាន់​ហិកតារ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​លោក​អភិបាល​ខេត្ត​តាកែវ ឬ​ខេត្ត​កំពត និង​មន្ត្រី​ពី​ក្រសួង​ស្ថាប័ន​ណាមួយ​ចុះ​មក​ពិនិត្យ ឬ​បង្ក្រាប​នៅឡើយ​ទេ។

ប្រភព​បន្ត​ថា ទីតាំង​ដែល​មន្ត្រី​យោធា​ជាន់ខ្ពស់​បាន​ជួល​មនុស្ស និង​គ្រឿងចក្រ​ឲ្យ​ចូល​ទៅ​ឈូស​ឆាយ​ស្ថិត​នៅ​ចំណុច​អម​ផ្លូវ​ចូល​ទៅ​តំបន់​រមណីយដ្ឋាន​ម្លិច ឬ​នៅ​ជួរភ្នំ​ក្បែរ​វត្ត​បាក់នឹម មាន​ដូចជា​នៅ​ជ្រោះម្លូរ ជ្រោះជ្រៃ ជ្រោះរការ ជ្រោះកែវ ជម្រាល​ភ្នំ​តាកុច ជម្រាល​ភ្នំ​ដំរីរមាល ជម្រាល​ភ្នំ​ជ្រោះរបង និង​ជម្រាល​ភ្នំ​វិហារ ជាដើម។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នក​នៅ​ពីក្រោយ​បទល្មើស​ទាំងនេះ គឺ​មាន​អង្គភាព​នៅ​អម​តាម​ផ្លូវ​ចូល​ទៅ​តំបន់​រមណីយដ្ឋាន​ម្លិច ឬ​ជួរភ្នំ​នៅ​ម្តុំ​ជិត​វត្ត​បាក់នឹម ដោយ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ចាប់ពី​ជម្រាល​ជើងភ្នំ​រហូត​ទៅ​ដល់​កំពូលភ្នំ​ទៅ​តាម​សណ្ឋាន​ដី​រាប​ស្មើ ឬ​ដី​មាន​ជីវជាតិ។

បន្ទាប់ពី​ជនល្មើស​ទាំងនោះ​បាន​ឈូស​ឆាយដី​ព្រៃ​ភ្នំ​ទាំងនោះ​រួច គឺ​ក្រុម​ជន​អនាធិបតេយ្យ​ដែល​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​នោះ បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​កំណត់​ព្រំ​ដី​សម្រាប់​សម្គាល់​ម្ចាស់​រៀងៗ​ខ្លួន ដោយ​មាន​ដាំ​កៅស៊ូ ទុរេន និង​ដំណាំ​ផ្សេងៗ​ទៀត​នៅ​លើ​បរិវេណ​ដី​ដែល​ពួកគេ​ទន្ទ្រាន​ខុស​ច្បាប់​ទាំងនោះ​ថែមទៀត​ផង។

ក្រុម​អ្នក​ឃ្លាំមើល​ផែនការ​អភិវឌ្ឍន៍​សង្គម និង​ពលរដ្ឋ បាន​ស្នើ​ដល់​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​មាន​វិធានការ​ទៅលើ​ជន​អនាធិបតេយ្យ​ដែល​មាន​តួនាទី​ជា​មេទាហាន ឬ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១១ និង​បម្រើ​ការងារ​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ដែល​បាន​ចូល​ទន្ទ្រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់។

ប្រជាពលរដ្ឋ និង​មន្ត្រី​ឃ្លាំមើល​បរិស្ថាន ក៏​ស្នើ​ដល់​លោក ហ៊ុន សែន និង​លោក ទៀ បាញ់ មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជួល​មន្ត្រី និង​គ្រឿងចក្រ​ចូល​ទន្ទ្រាន​កាប់​រាន​ដី​ព្រៃឈើ​របស់​រដ្ឋ​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន និង​ការពារ​ធនធាន​ព្រៃឈើ​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស។

ពលរដ្ឋ​បាន​បន្ត​ថា ក្រោយ​មាន​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ខុស​ច្បាប់​ទាំងនេះ គឺ​ពលរដ្ឋ​មិន​អាច​ចូល​ទៅ​ប្រកបរបរ​រុករក​អនុផល​ព្រៃឈើ និង​មិន​អាច​យក​គោ​ក្របី​ឲ្យ​ចូល​ទៅ​ស៊ី​ស្មៅ​នៅ​តាម​ជម្រាល​ជើងភ្នំ​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់​ដូច​ពេល​មុន​ទៀត​ទេ ដោយសារតែ​ត្រូវ​បាន​គេ​ធ្វើ​របង​ហ៊ុមព័ទ្ធ​មិន​អាច​ចេញ​ចូល​បាន។

ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ចោទ​ថា ចាប់តាំង​ពី​អង្គភាព​នៃ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១១ បាន​មក​ប្រចាំការ​នៅ​ត្រង់​ចំណុច​ចន្លោះ​ព្រំប្រទល់​ខេត្ត​តាកែវ និង​ខេត្ត​កំពត រួច​មក គឺ​ក្រុម​មន្ត្រី​ដឹកនាំ​អង្គភាព​មួយ​នេះ​តែងតែ​បញ្ជូន​កម្លាំង​ទាហាន​គំរាមកំហែង​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ រំលោភ​ដី​ទីធ្លា​សង់​រោង​ធ្វើ​បុណ្យ​របស់​ទីអារាម និង​បំផ្លាញ​ព្រៃឈើ​នៅ​តាម​ជម្រាល​ជើងភ្នំ​នានា ធ្វើ​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់​ស្ទើរ​លាយ​ហិនហោច។

ទោះ​ជា​បែប​នេះ​ក្តី The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ដើម្បី​បំភ្លឺ​ជុំវិញ​បទល្មើស​ដែល​ជាប់​ពាក់ព័ន្ធ​មន្ត្រី​យោធា​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់ កំពុង​បម្រើ​ការងារ​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១១ និង​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្យាបាល និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ដែល​ជួល​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃឈើ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​ទាំងនោះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​រសៀល​ថ្ងៃ​ពុធ ទី​០៦ ខែ​តុលា ឆ្នាំ​២០២១ នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស