23 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា រិះគន់​ថា ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ហាក់​មាន​ភាព​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច ដែល​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចាប់​ខ្លួន​តែ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​សកម្មជន​បក្ស​ជំទាស់ និង​សកម្មជន​សង្គម​ជាដើម។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​នេះ​ថា ការ​លើកឡើង និង​ការ​រិះគន់​នានា​របស់​អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស​ប៉ុណ្ណោះ មិនមែន​ជា​ការ​រិះគន់​ដោយ​គ្មាន​ហេតុផល និង​គ្មាន​ភស្តុតាង​នោះ​ទេ។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រឈម​មុខ​ដោះស្រាយ​នឹង​ការ​រិះគន់​នានា​លើ​វិធានការ​ដែល​បាន​រំលោភ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន ជាជាង​ចេះ​តែ​បន្ត​គេចវេស​មិន​ទទួល​ខុសត្រូវ និង​ព្យាយាម​ដោះសា​យក​រួច​ខ្លួន ព្រោះថា​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​វិធី​ល្អ​ក្នុង​ការ​ជួយ​ឲ្យ​កម្ពុជា​មាន​នីតិរដ្ឋ​ពេញលេញ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​បំបាក់​មុខ​កម្ពុជា​លើ​ឆាក​អន្តជាតិ​ប៉ុណ្ណោះ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ស្ដីពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ថា រដ្ឋាភិបាល​កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ខ្លាំង​ណាស់ ដែល​ស្តែង​ចេញ​តាមរយៈ​ការ​ផ្តល់​សច្ចាប័ន និង​ការ​ទទួល​យក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​នានា​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន។

ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​លើក​កម្ពស់​ការ​អនុវត្ត​សិទ្ធិមនុស្ស​បាន​ល្អ​ប្រសើរ​ជាច្រើន ដូចជា​សិទ្ធិមនុស្ស​ក្នុង​ស្ថានភាព Covid-19 ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ សេរីភាព​នៃ​ការ​បង្កើត​សមាគម​អង្គការ​ក្រៅ​រដ្ឋាភិបាល សិទ្ធិ​ទទួល​ព័ត៌មាន សេរីភាព​នៃ​ការ​ជួបជុំ​សម្ដែង​មតិ សេរីភាព​នយោបាយ និង​សេរីភាព​ជាច្រើន​ដទៃ​ទៀត​ដែល​ប្រជាពលរដ្ឋ​អាច​អនុវត្ត​បាន​ដោយ​គ្មាន​ការ​រារាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០២១ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លើកដំបូង​របស់​ខ្លួន ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ធ្ងន់ៗ​ពី​ការ​អនុវត្ត​ច្បាប់​ដោយ​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ផង​ដែរ។

អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺ​លើស​ព្រំដែន​កំណត់​របស់​ខ្លួន ដូចជា​ការ​ប្រើ​ច្បាប់​ក្រមព្រហ្មទណ្ឌ​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​នៃ​ច្បាប់​នេះ​មួយ​ចំនួន​ទៀត ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោយ​អហិង្សា និង​ចាប់​ខ្លួន​សកម្មជន​នានា​ដែល​បង្ហាញ​ពី​ការ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ បាន​អនុម័ត​គាំទ្រ​ឲ្យ​មាន​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា Cambodia Democracy Act ឬ​ហៅ​កាត់​ថា H.R 4686 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​នៅ​កម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស ជាន់​ឈ្លី​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ជាដើម ដើម្បី​ធានា​នូវ​ការ​ស្ដារ​ឡើងវិញ​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​កន្លង​មក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស