26 C
Phnom Penh

ភាគ​៧៖ តើ​បណ្ដាញ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស​ចេញពី​ប្រភព​ណា​មុន​គេ?

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា ពង្រីក​បណ្ដាញ​អតីត​បក្ស​កុម្មុយនីស្ត​នេះ​នៅ​បរទេស​តាម​មធ្យោបាយ​ប្រើ​ឈ្មោះ​ក្រុម​យុវជន​ដែល​ផុស​ចេញពី​ក្រុម​បច្ចេកទេស​ផ្នែក​ស៊ើបការណ៍​សម្ងាត់​តាម​អន្តរ​បណ្ដាញ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត។ បណ្ដាញ​រើស​សមាជិក​ចូល​បក្ស​នៅ​បរទេស ធ្វើ​ទៅ​បាន​ដោយ​ស្ថានទូត​ខ្មែរ​ជា​អ្នក​ជួយ​ជ្រោមជ្រែង។

ក្នុង​ភាគ​ទី​៧ នេះ លោក ហាស់ សាន ពិនិត្យ​មើល​ច្បាប់​ចំពោះ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង និង​មុខងារ​របស់​បេសកកម្ម​ទូត ថា​តើ​បំពាន​អ្វី​ខ្លះ?

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ជាច្រើន​តាម​រដ្ឋ​តាម​ក្រុង​មួយ​ចំនួន កំពុងតែ​លង់លុះ​តាម​វេទមន្ត​សណ្ដំ​ពី​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ធ្វើជា​សមាជិក​បម្រើ​គោលការណ៍​នយោបាយ​បក្ស​ជាមួយ​នឹង​ការ​សន្យា​ផ្តល់​កិត្តិយស មុខមាត់ លាភសក្ការៈ​ផ្សេងៗ ដូចជា​បុណ្យស័ក្តិ លុយកាក់​ជាដើម។ ក្រៅពី​ការ​សន្យា​ផ្តល់​លាភ និង​ការ​សង្ឃឹម​ទទួល​លាភ ខ្មែរ​សុទ្ធ ខ្មែរ​កាត់​នៅ​បរទេស​មួយ​ចំនួន​គិត​ថា គេ​អរគុណ​សន្តិភាព គេ​ចូលរួម​ចំណែក​អភិវឌ្ឍ​ជាតិ​តាម​ការ​ឃោសនា​ពី​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា។ មាន​អ្នក​ខ្លះ​ឈឺចាប់​នឹង​របប​ខ្មែរក្រហម​ពេក ក៏​ចូលរួម​នឹង​គេ អ្នក​ខ្លះ​ទៀត​មិន​ដែល​មាន​អ្នក​ណា​ទទួលស្គាល់​ផ្តល់​កិត្តិយស​នៅ​បរទេស ក៏​ចូលរួម​នឹង​គេ​ដែរ ហើយ​មាន​ខ្លះ​ទៀត​ឆ្លៀត​ឱកាស​រក​ខ្សែ​ធំៗ​ខ្លាំងៗ​នៅ​ស្រុក​ខ្មែរ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​រកស៊ី​ផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ។

អ្នក​ទាំងនោះ​មិន​បាន​គិត​ពិចារណា​ថា គេ​កំពុង​ចូល​ដៃ​នឹង​របប​បង្ហិនបង្ហោច​ជាតិ​លើ​វិស័យ​ធនធាន​ធម្មជាតិ​ខ្មែរ សេដ្ឋកិច្ច​ជាតិ វប្បធម៌ ប្រពៃណី​ជាតិ អធិបតេយ្យ​ជាតិ ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​នោះ​ឡើយ។ គេ​មិន​ខ្វល់​ថា គេ​កំពុង​ចូល​ដៃ​នឹង​ពួក​មេដឹកនាំ មន្ត្រី​ក្តាប់​អំណាច​ផ្ដាច់ការ មាន​អតីតភាព​ជា​កុម្មុយនីស្ត មាន​ប្រវត្តិ​ចេញពី​ចលនា​ខ្មែរក្រហម ឬ​ខ្មែរ​យៀកមិញ​ក្រហម​នោះ​ឡើយ។

មុន​នឹង​រាយការណ៍​តទៅទៀត​អំពី​សញ្ជាតិ និង​កិច្ចការ​ទូត​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ យើង​សូម​ពិនិត្យ​មើល​ដោយ​សង្ខេប​អំពី​កំណើត​នៃ​ការ​ពង្រីក​បណ្តេញ​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស ឬ​ឯនាយ​សមុទ្រ។

ក្នុង​សម័យ​បោះឆ្នោត​ជ្រើសតាំង​រដ្ឋសភា​អាណត្តិ​ទី​៥ ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ដំបូង​បង្កើត​ជា​ក្រុម​ការងារ​បណ្ដាញ​ព័ត៌មាន​សង្គម (Social Media Network Working Group) ដែល​មាន​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​ប្រធាន​ក្រុម​នេះ។ គេ​រៀបចំ​ឲ្យ​មាន​លេខាធិការដ្ឋាន​ដាក់​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Cyber War Room (CWR) ឬ​ប្រែ​ថា បន្ទប់​សង្គ្រាម​អន្តរ​បណ្ដាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​កុំព្យូទ័រ។ អនុប្រធាន​លេខាធិការដ្ឋាន CWR ឈ្មោះ គួច វែងស្រ៊ុន។

តាម​កំណត់ហេតុ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៣ សមាសភាព​អ្នក​ចូលរួម​មាន​ប្រធាន​ផ្នែក​ទាំង​៥ នៃ​ក្រុម​ការងារ៖

  1. ផ្នែក​លេខាធិការដ្ឋាន
  2. ផ្នែក​បច្ចេកទេស
  3. ផ្នែក​គាំទ្រ
  4. ផ្នែក​កម្សាន្ត
  5. និង​ផ្នែក​វាយបក។

របៀបវារៈ​ប្រជុំ​មាន​ពីរ៖ ទី​១ ក្រុម​ការងារ​រាយការណ៍​អំពី​យន្តការ របៀប​របប​ធ្វើការ និង​រចនាសម្ព័ន្ធ​ការងារ​របស់​ក្រុម​ការងារ CWR និង​ទី​២ ការងារ​ពង្រីក​បណ្ដាញ និង​ពិភាក្សា​លើ​ផែនការ​បន្ត និង​រចនាសម្ព័ន្ធ​ក្រុម​ការងារ​ដែល​មាន​ដូចតទៅ៖

  • ការ​បន្ត​ផ្សព្វផ្សាយ និង​ផ្តល់​សារ​ផ្សេងៗ​ទៅ​ដល់​អ្នក​ទទួល​តាម​គ្រប់​រូបភាព​ដែល​មាន ដូចជា tag, share (ជាដើម) ឬ​បន្ត​ចូល​ទៅ​តាម​ក្រុម​ធំៗ​ដែល​មាន​សមាជិក​ច្រើន (មាន ១៣​ក្រុម​បច្ចុប្បន្ន​ដែល​កំពុង​ទទួល​ការ​ពេញ​និយម)។
  • ក្រុម CWR គឺ​មាន​ក្រុម និង​រចនាសម្ព័ន្ធ​ច្បាស់លាស់​តាមរយៈ​ការ​ចងក្រង​សមាជិក​ក្នុង​ក្រុម CWR Group និង​ក្រុម Online Mission Group (គេ​ហៅ​ថា​ក្រុម​ឆ្លើយតប​ទាន់​ពេល និង​ប្រចាំ ២៤​ម៉ោង)។
  • ក្រុម CWR បាន​បង្កើត​ព័ត៌មាន​បក្ស​ប្រជាជន CPP News ដែល​ជា​គោលដៅ​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​ពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លើក​ទឹកចិត្ត​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវការ​យល់ដឹង​ពី​សមិទ្ធផល ឬ​ចំណុច​វិជ្ជមាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
  • ការ​ពិភាក្សា និង​ផែនការ​ត្រូវ​អនុវត្ត​បន្ត។
  • ពង្រីក​បន្ថែម​សមាជិក online (ឬ​តាម​អ៊ីនធឺណិត) ចំនួន ១៣​នាក់ ដើម្បី​មក​ប្រចាំការ​ឆ្លើយតប និង​ជំរុញ​ការ​ផ្សព្វផ្សាយ​បាន​លឿន​ជាង​មុន និង​ប្រសិទ្ធភាព គឺ ៣​នាក់​មកពី​ក្រុម NIDA (គឺ​ពី​អាជ្ញាធរ​ជាតិ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន = National Information Communications Technology Development Authority) ៤​នាក់​មកពី​ក្រុម​លោក ហេង សួរ និង ៦​នាក់​មកពី​ក្រុម​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជា​ប្រធាន។
  • បែងចែក​ក្រុម​ការងារ online ជា ៤​ក្រុម​តូចៗ​សម្រាប់​ប្រចាំការ។
  • លេខាធិការដ្ឋាន​ទទួល​បន្ទុក​រៀបចំ​កិច្ចសន្យា​ការងារ និង​បទបញ្ជា​ផ្ទៃក្នុង​សម្រាប់​ក្រុម​ការងារ online ក្នុង​ន័យ​រក្សា​សុវត្ថិភាព និង​និរន្តរភាព​ការងារ។
  • សម្រេច​ចាត់តាំង​បន្ថែម​ឯកឧត្ដម ហេង សួរ និង​ឯកឧត្ដម សង់ ស៊ីណារ៉ុង ជា​អនុប្រធាន​ក្រុម CWR។
  • ទំព័រ ទស្សនៈ​កូនខ្មែរ បន្ត​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​មុន និង​ឈប់​ដាក់​ស្លាក​សញ្ញា​សម្គាល់​ដូច​លើក​មុន​ទៅតាម​ប្រធានបទ​ភាគច្រើន (ប៉ុន្តែ​បន្ត​រក្សា ដែល​ក្នុង​ករណី​ធម្មតា​សម្រាប់​បន្ត​បញ្ជាក់​អត្តសញ្ញាណ)។
  • ទំព័រ វិភាគ​ឃ្លាំមើល និង​កូនខ្មែរ​រីករាយ បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​ទាក់ទាញ​ការ​ចូល​មើល​តាមរយៈ Facebook Advertise ក្នុង​ន័យ​ការ​គាំទ្រ និង​ចែករំលែក​ឲ្យ​បាន​ទូលាយ​បន្ត​ទៀត។

តាម​សេចក្តី​រាយការណ៍​ស្រង់​ពី​ទំព័រ​ហ្វេសប៊ុក ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៣ អ្នក​ទទួល​ខុសត្រូវ​ឈ្មោះ ស្វាយ ពិសិដ្ឋ ទៅ​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា៖

  • អ្នក​ចូលចិត្ត​ទំព័រ ទស្សនៈ​កូនខ្មែរ ក្នុង​មួយ​ថ្ងៃ​មាន​ជិត ៦​ពាន់ likes
  • ទំព័រ វិភាគ​ឃ្លាំមើល ជិត ៣​ម៉ឺន ៤​ពាន់ likes
  • ទំព័រ កូនខ្មែរ​រីករាយ ជិត ៥​ម៉ឺន ៥​ពាន់ likes
  • ក្រុម​ព័ត៌មាន​បក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ជាង ៣​ម៉ឺន ១​ពាន់​នាក់។

ក្រៅតែ​ពី​កិច្ចការ​ផ្សព្វផ្សាយ​អំពី​គោលការណ៍ ទស្សនៈ សកម្មភាព​រីករាយ​បច្ចុប្បន្ន​សម័យ​នេះ ក្រោម​កិច្ច​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ក្រុម​ការងារ Cyber War Room (CWR) ឬ​លេខាធិការដ្ឋាន​បន្ទប់​សង្គ្រាម​អន្តរ​បណ្ដាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​តាម​កុំព្យូទ័រ ក៏​មាន​ភារកិច្ច​ឃ្លាំមើល តាមដាន ក្តោប​ក្តាប់​ព័ត៌មាន​តាម​អន្តរ​បណ្ដាញ ទាំង​សំឡេង ទាំង​រូបភាព។

ទីបំផុត ក្រុម​យុវជន​រៀនសូត្រ​នៅ​ខាង​លោកសេរី គេ​ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឆាំង​នឹង​គោលការណ៍ ឬ​ទស្សនៈ​របស់​គេ ធ្វើ​ទុក្ខ​ទោស។

បន្ទាប់ពី​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ពង្រីក​សាខា​ទៅ​ឯ​ក្រៅ​ប្រទេស​ពី​ឆ្នាំ​២០១៥ មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ពី​ប្រទេស​កម្ពុជា ចូល​ជា​សមាជិក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ទាំង​ដឹង​ខ្លួន ឬ​ទាំង​មិន​ដឹង​ខ្លួន ថា​គេ​កំពុង​បំពាន​ច្បាប់​សហព័ន្ធ​សហរដ្ឋ​អាមេរិក។ មេធាវី Grant Manclark អ្នកជំនាញ​កិច្ចការ​អន្តោប្រវេសន៍ ផ្តល់​ឱវាទ​ថា៖ «ជន​ទាំងឡាយ​ណា​ដែល​គាំទ្រ​របប​បច្ចុប្បន្ន​នៃ​ប្រទេស​កម្ពុជា និង​បក្ស​ប្រជាជន​កម្ពុជា គឺ​ប្រាកដជា​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្តាប់​អំណាច​ផ្ដាច់ការ យោង​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ចូល​សញ្ជាតិ​ផ្នែក 212 (a)(3)(D) និង​ច្បាប់​សហព័ន្ធ​លេខ 1182 (a)(3)(D) ព្រោះ​ការ​ប្រើ​អំណាច​ផ្ដាច់ការ​នៃ​បក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ច្បាស់​ក្រឡែត​ថា រដ្ឋាភិបាល និង​បក្ស គឺជា​អង្គភាព​តែ​មួយ។ ចំពោះ​អ្នក​កាន់​ប័ណ្ណ​រស់នៅ​អចិន្ត្រៃយ៍​ហៅ​ថា Permanent Residents Card Green Card អាច​នឹង​បាត់​សិទ្ធិ​សុំ​ចូល​សញ្ជាតិ​អាមេរិកាំង​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ចូល​សញ្ជាតិ​ផ្នែក 316(a)»

មេធាវី Grant Manclark បញ្ជាក់​ទៀត​ដោយ​រំឭក​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ថា បើ​លោក​អ្នក​កំពុង​ពិចារណា​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា នោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​លក្ខខណ្ឌ​របស់​អ្នក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​បើ​ទទួល​យក​លុយកាក់ ឬ​ឧបត្ថម្ភ​ផ្តល់​កិច្ចគាំទ្រ​បែប​ណាមួយ អាច​នឹង​ធ្វើ​ឲ្យ​ខូច​លក្ខខណ្ឌ​តាម​ច្បាប់​ហើយ។ ម្យ៉ាង​ទៀត បើ​រឿង​នេះ​ធ្លាក់​ដល់​ដៃ​នាយកដ្ឋាន​សញ្ជាតិ និង​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក USCIS អ្នកគាំទ្រ​របប​លោក ហ៊ុន សែន ដែល​បាន​ចូល​មក​ដល់​សហរដ្ឋ​អាមេរិក​ហើយ​ក៏ដោយ ក៏​អាច​នឹង​យក​ចេញពី​សហរដ្ឋ​អាមេរិក​វិញ​បាន​ដែរ។ ដទៃពី​នេះ អាជ្ញាធរ​អាមេរិកាំង​ក៏​បារម្ភ​នឹង​សកម្មភាព​សម្ងាត់ៗ ដោះដូរ ផ្ទេរ​រូបិយប័ណ្ណ​ចុះ​ឡើង​ពី​ការ​លាង​លុយ​កខ្វក់​តាមរយៈ​ការ​ទិញដូរ​ដីធ្លី អចលនទ្រព្យ​ក្នុង​នាម​បណ្ដាក់ទុន ឬ​វិនិយោគ​ទុន​ដែរ។

តើ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អនុវត្ត​តាម​ច្បាប់​ណា​ដែរ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​អាមេរិកាំង ការ​ចេញ​ទិដ្ឋាការ​ពី​ស្ថានកុងស៊ុល​របស់​ខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ដទៃ​នោះ?

នៅ​ខែ​មីនា ឆ្នាំ​២០១៩ ក្រសួង​ការបរទេស ចេញ​សារាចរ​ណែនាំ​ដល់​ពលរដ្ឋ​អាមេរិកាំង​ចង់​បម្រើ​ការងារ​ក្រោយ​ពី​គ្រប់​អាយុ ១៨​ឆ្នាំ​ជាមួយ​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ណាមួយ ឬ​សាខា​ផ្នែក​នយោបាយ​នៃ​រដ្ឋាភិបាល​នោះ អាច​បែរ​ទៅ​ភក្ដីភាព​ចាស់​ពី​មុន​ដែល​ខ្លួន​ធ្លាប់​ជា​ពលរដ្ឋ​ប្រទេស​នោះ ហើយ​យោង​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ចូល​សញ្ជាតិ​ផ្នែក 349(a)(4) បើសិនជា​ទៅ​ស្បថ​សច្ចា​នឹង​រដ្ឋាភិបាល​ប្រទេស​ដើម ដើម្បី​ធ្វើ​ការងារ​ជាមួយ​គេ។ ច្បាប់​សហរដ្ឋ​អាមេរិក 8 U.S. Code មាត្រា 1481(a)(3) មួយ​ប្រយោគ​ចែង​ថា៖ «អ្នក​ណា​ម្នាក់​ដែល​ស្ម័គ្រចិត្ត​បម្រើ​ជា​នាយទាហាន ឬ​នាយ​ទាហានរង​ក្នុង​កង​យោធា​នៅ​ប្រទេស​ដែល​មិន​មាន​ប្រទូសរ៉ាយ​នឹង​សហរដ្ឋ​អាមេរិក នឹង​បាត់បង់​សញ្ជាតិ​អាមេរិកាំង​បើ​គេ​ប្រាថ្នា​បោះបង់​ចោល​សញ្ជាតិ​អាមេរិកាំង។»

បញ្ហា​នេះ នាយកដ្ឋាន​ពន្ធដារ IRS ក៏​យកចិត្ត​ទុកដាក់​ដែរ ព្រោះថា​អ្នក​មក​រស់នៅ រកស៊ី ធ្វើការ​នៅ​ស្រុក​កំណើត​របស់​ខ្លួន បង់​ពន្ធដារ​ប្រចាំ​ឆ្នាំ​ឲ្យ​សហរដ្ឋ​អាមេរិក​តាម​ការ​រក​ចំណូល​បាន ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិកាំង​ដែរ​ឬ​ទេ? តើ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង អ្នក​បម្រើ​ការងារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រាយការណ៍​ឲ្យ​ក្រសួង​យុត្តិធម៌​រៀងរាល់ ៦​ខែ​ម្តងៗ​តាម​លក្ខខណ្ឌ​ច្បាប់ Foreign Agents Registration Act ឬ (FARA) ដែរ​ឬ​ទេ?

យើង​បាន​រាយការណ៍​ពី​លើក​មុន​ថា រាល់​កិច្ចការ សកម្មភាព​នៃ​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស បាន​ប្រព្រឹត្ត​ទៅ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ​កន្លងមក គឺ​ដោយសារ​អ្នក​ការទូត​ពី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​នីមួយៗ​ជួយ​សម្រួល​កិច្ចការ​តាម​ការ​ណែនាំ​អំពី​បេសកកម្ម​បន្ថែម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៥។

តើ​អនុសញ្ញា​ទីក្រុង​វីយ៉ែន ស្តី​អំពី​ទំនាក់ទំនង​ការទូត និង​ពិធីការ​ស្ម័គ្រចិត្ត (Vienna Convention on Diplomatic Relations and Optional Protocols) អនុម័ត​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​១៩៦១ ក្នុង​រដ្ឋធានី​ប្រទេស​អូទ្រីស ដោយ​ប្រទេស​សមាជិក​មាន ៥៣​មាត្រា និង​ឧបសម្ពន្ធ ១៨​មាត្រា ចែង​ថា​ដូចម្តេច​ខ្លះ​សម្រាប់​ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត និង​នាយ​បេសកកម្មទូត?

មាត្រា​៣ ស្តី​អំពី​មុខងារ មុខ​នាទី​នៃ​មន្ត្រី​ស្ថាន​បេសកកម្មទូត​ក្នុង​ចំណោម​មុខងារ មុខ​នាទី​ឯ​ទៀត​មាន​៥​ផ្នែក គឺ៖

  • ក) តំណាង​រដ្ឋ​ដែល​បញ្ជូន​ទៅ​ប្រចាំ​រដ្ឋ​ដែល​ទទួល។
  • ខ) ការពារ​ផលប្រយោជន៍​នៅ​ក្នុង​រដ្ឋ​ដែល​ទទួល​ទៅ​ឲ្យ​រដ្ឋ​ដែល​បញ្ជូន និង​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទីនោះ​ក្នុង​រង្វង់​ព្រំដែន​កំណត់​ដោយ​ច្បាប់​អន្តរជាតិ។
  • គ) ចរចា​ជាមួយ​រដ្ឋាភិបាល​នៃ​រដ្ឋ​ដែល​ទទួល។
  • ឃ) រក​ឲ្យ​ឃើញ​ប្រាកដ​ច្បាស់​តាម​គ្រប់​មធ្យោបាយ​ស្រប​ច្បាប់ នូវ​លក្ខខណ្ឌ និង​ការ​អភិវឌ្ឍ​ក្នុង​រដ្ឋ​ដែល​ទទួល ហើយ​រាយការណ៍​ទៅ​ជូន​រដ្ឋាភិបាល​ដែល​បញ្ជូន។
  • ង) លើក​កម្ពស់​ទំនាក់ទំនង​រវាង​រដ្ឋ​ដែល​បញ្ជូន និង​រដ្ឋ​ដែល​ទទួល និង​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ និង​វិទ្យាសាស្ត្រ។

អនុសញ្ញា​ទីក្រុង​វីយ៉ែន ឆ្នាំ​១៩៦១ មិន​បាន​ចែង​អំពី​នាយ​បេសកកម្ម​ទូត​ជា​តំណាង​ឲ្យ​បក្ស​រើស​សមាជិក​ឲ្យ​បក្ស​នយោបាយ​នៅ​ឯ​បរទេស​នោះ​ឡើយ៕

ភាគ​បន្ត ពិនិត្យ​សកម្មភាព​នៅ​ទ្វីប​អឺរ៉ុប។

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស