29 C
Phnom Penh

របប​សឹក​ភូមា​ដឹកនាំ​ដោយ​ពួក​យោធា ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ

បទវិភាគ

ប្រទេស​ភូមា បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៧ នៅ​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​សឹក​នៅឡើយ។ ប៉ុន្តែ​ពេល​នោះ ពួក​យោធា​ភូមា​បាន​ចាប់ផ្ដើម​កែទម្រង់​ការ​ដឹកនាំ​ដោយ​សន្យា​ជាមួយ​អាស៊ាន​ធ្វើ​ដំណើរ​ទៅ​រក​ការ​គ្រប់គ្រង​បែប​ស៊ីវិល។

ចាប់ពី​ពេល​នោះ​មក គេ​សង្កេត​ឃើញ​ថា ពួក​យោធា​ក៏​ចេះ​តែ​បន្ធូរ​ដៃ​នៃ​ការ​រឹត​បន្តឹង​ទៅលើ​សេរីភាព​របស់​ប្រជាជន តែ​សហគមន៍​អន្តរជាតិ​នៅតែ​បន្ត​ដាក់​ទណ្ឌកម្ម​រហូត​ដល់​មេដឹកនាំ​យោធា​អនុវត្ត​ការ​កែទម្រង់​ជាក់ស្ដែង​នៅ​ឆ្នាំ​២០១០ ហើយ​ចាប់ពី​ពេល​នោះ​មក​ក៏​សម្រេច​ឱ្យ​មាន​ការ​បោះឆ្នោត​មួយ ដែល​ទីបំផុត​ជ័យជម្នះ​បាន​ទៅលើ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ជើងឯក​អ្នក​ប្រជាធិបតេយ្យ​នៅ​តំបន់​អាស៊ី និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព។

គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ បាន​ឡើង​កាន់​អំណាច​ក្រោម​ការ​ចង្អុល​វាស់វែង​នៃ​រដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​ពួក​យោធា​ដោយ​ការ​រឹត​បន្តឹង​សេរីភាព​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​ឱ្យ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ឡើយ ក៏​ព្រោះ​តែ​អ្នកស្រី​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស ដែល​រដ្ឋធម្មនុញ្ញ​ពួក​យោធា​ហាម​ប្រធានាធិបតី​ពាក់ព័ន្ធ​ខ្សែលោហិត​ជាមួយ​ជនបរទេស។

តែ​យ៉ាងណា អ្នកស្រី​នៅតែ​យក​អំណាច​បាន គឺជា​ទីប្រឹក្សា​រដ្ឋ​ឋានៈ​ស្មើ​ប្រធានាធិបតី។ រយៈពេល​ប្រាំ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ សហគមន៍​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយសារតែ​ភូមា​ដែល​ធ្លាប់​ធ្លាក់​នៅ​ក្រោម​ពួក​យោធា​គ្រប់គ្រង​ជិត ៥០​ឆ្នាំ បាន​ធ្លាក់​លើ​ដៃ​ជន​ស៊ីវិល​វិញ​ហើយ។ តែ​ទីបំផុត ពួក​ឧត្តមសេនីយ៍​ដែល​ញៀន​ធ្វើ​រដ្ឋប្រហារ​ប្លន់​អំណាច​ពី​ជនស៊ីវិល នៅ​តែ​មិន​ចោល​ក្បួន​ដដែល។

នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ពួក​ឧត្តមសេនីយ៍​ដែល​ជា​ខ្សែលោហិត​នៃ​អតីត​ឧត្តមសេនីយ៍​ធ្វើ​រដ្ឋប្រហារ​កន្លង​មក​នោះ ក៏​បាន​ប្លន់​អំណាច​ពី​ជនស៊ីវិល​ម្ដង​ទៀត​បន្ទាប់ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ធ្វើ​ឱ្យ​បក្ស​លម្អៀង​ទៅ​ពួក​យោធា​សឹងតែ​អស់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា ហើយ​រដ្ឋប្រហារ​ក៏​កើតមាន​តែម្ដង។

សហគមន៍​អន្តរជាតិ​ព្រួត​គ្នា​ថ្កោលទោស​ពួក​យោធា ហើយ​សូម្បី​ប្រទេស​ខ្លះ​ក្នុង​សមាគម​អាស៊ាន​ក៏​ថ្កោលទោស​ធ្ងន់ធ្ងរ​លើ​ពួក​យោធា​ភូមា​ផង​ដែរ។ ប្រទេស​ខ្លះ​ក្នុង​សមាគម​នេះ ក៏​ព្រមាន​បណ្ដេញ​ភូមា​ចេញពី​អាស៊ាន​ទៀត​ផង ព្រោះ​ភូមា​នៅ​ពេលនេះ​មិនមែន​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូច​កាលពី​ប្រាំ​ឆ្នាំ​មុន​នោះ​ទេ។ ដោយ​សម្រេច​បោះបង់​ចោល​នូវ​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ទីបំផុត អាស៊ាន​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ទោះ​ជា​ប្រទេស​ខ្លះ​រារែក​ក៏ដោយ ក៏​ត្រូវតែ​សម្រេច​តាម​ប្រទេស​ភាគច្រើន គឺ​ដក​សិទ្ធិ​តំណាង​របប​សឹក​មិន​ឱ្យ​មាន​សិទ្ធិ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​អាស៊ាន​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ តុលា សប្ដាហ៍​ក្រោយ​នេះ​ទេ។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា បាន​សម្រេច​ថា របប​សឹក​ភូមា​មិន​បាន​ធ្វើ​ឱ្យ​ជឿនលឿន​បន្តិច​សោះ​នូវ​ផែនការ​ប្រាំ​ចំណុច​ដែល​មេដឹកនាំ​អាស៊ាន​បាន​ដាក់​ចុះ​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃ​ទី​២៤ មេសា។

មិន​ត្រឹមតែ​មិន​អនុវត្ត​តាម​នោះ​ទេ គឺ​ពួក​យោធា​ភូមា​រក​ល្បិច​កិច្ចកល​គ្រប់​យ៉ាង​រារាំង​ដំណើរ​ប្រេសិត​របស់​អាស៊ាន​ទៅកាន់​ប្រទេស​ភូមា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ដើម្បី​ស្វែងរក​ការពិត គឺ​ការ​ត្រូវ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី តែ​ត្រូវ​បាន​ពួក​យោធា​បដិសេធ។

ដោយ​មូលហេតុ​នេះ របប​សឹក​ភូមា​អស់​ផ្លូវ​ដើរ​ហើយ​នៅ​ពេលនេះ​នៅ​លើ​វេទិកា​អន្តរជាតិ បើ​សូម្បីតែ​អាស៊ាន​ខ្លួនឯង​ទាត់​ចោល​បុព្វសិទ្ធិ​ទាំងអស់​របស់​ពួក​យោធា​ទៅ​ហើយ​នោះ។ ការ​ដែល​សមាគម​អាស៊ាន​ដាក់​ទណ្ឌកម្ម​ទៅលើ​មេដឹកនាំ​យោធា​ភូមា និង​របប​រដ្ឋប្រហារ​នោះ គឺ​បន្ទាប់ពី​សហភាព​អឺរ៉ុប ២៧​ប្រទេស​បាន​អនុម័ត​ទទួលស្គាល់​រដ្ឋាភិបាល​ស្រមោល ឬ​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ភូមា។

សមាជិក​សភា​អឺរ៉ុប​ជិត ៧០០​សំឡេង​គាំទ្រ​ដោយ​ចាត់ទុក​រដ្ឋាភិបាល​ស្រមោល​នៅ​ប្រទេស​ភូមា​ដែល​ប្រឆាំង​ពួក​យោធា គឺជា​រដ្ឋាភិបាល​ស្រប​ច្បាប់ និង​តំណាង​ផលប្រយោជន៍​របស់​ប្រជាជន។ ស្រប​ពេលនេះ​ក៏​មាន​ប្រទេស​ជាច្រើន​ទៀត​មាន​ដូចជា​សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី ញ៉ូវហ្សឺឡែន ទីម័រខាងកើត អង់គ្លេស និង​ប្រទេស​ទាំង ២៧​នៃ​សហភាព​អឺរ៉ុប បាន​ប្រកាស​ឱ្យ​ប្រេសិត​អាស៊ាន ត្រូវតែ​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​ភូមា ហើយ​បើ​ពួក​ឧត្តមសេនីយ៍​ជំទាស់ ឬ​ក៏​រារាំង ត្រូវតែ​បញ្ជូន​រឿង​ប្រទេស​ភូមា​ទៅ​ដោះស្រាយ​នៅ​វេទិកា​អន្តរជាតិ​ផ្សេង​ទៀត​ដែល​មើល​ទៅ​ប្រហែល​ទៅ​ដោះស្រាយ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ឬ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ម្ដង​ទៀត។

ត្រង់​នេះ​ហើយ​ដែល​អាស៊ាន​មិន​ចង់​បញ្ជូន​វិបត្តិ​នៅ​ប្រទេស​ភូមា​ទៅកាន់​វេទិកា​ក្រៅ​អាស៊ាន​នោះ​ទេ គឺ​អាស៊ាន​ចង់​ដោះស្រាយ​ដោយ​ផ្ទៃក្នុង​ខ្លួនឯង។ គេ​សង្កេត​ឃើញ​រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ និង​វៀតណាម តែងតែ​បង្ហាញ​ឆន្ទៈ​ប្រាប់​ទៅ​មេដឹកនាំ​ភូមា គឺ​មេដឹកនាំ​របប​សឹក​ឱ្យ​ឆាប់​ទទួល​យក​ដំណោះស្រាយ​របស់​អាស៊ាន ហើយ​បើ​ពុំ​នោះ​ទេ គឺ​ប្រទេស​ភូមា​ប្រឈមមុខ​នឹង​ការ​ព្យួរ​ឋានៈ​ជា​សមាជិក​អាស៊ាន ព្រោះតែ​ប្រទេស​ភូមា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ និង​សាមគ្គី​គ្នា​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​អាស៊ាន​ធ្លាក់​ក្នុង​ស្ថានភាព​អសន្តិសុខ និង​បាក់មុខ​បាក់មាត់​ទៀត​ផង។

ប៉ុន្តែ​សំណួរ​សួរ​ថា តើ​នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ​មាន​ដូចជា​អាមេរិក អង់គ្លេស សហភាព​អឺរ៉ុប សម្ដែង​ការ​សាទរ​ដែល​អាស៊ាន​ទាត់​ចោល​តំណាង និង​ព្យួរ​សិទ្ធិ​របស់​របប​សឹក​នេះ​មិន​ឱ្យ​មាន​បុព្វសិទ្ធិ​ក្នុង​ការ​ចូល​ប្រជុំ​អាស៊ាន​ក្នុង​កម្រិត​កំពូលៗ​ទៅ​មុខ​ទៀត​នោះ តែ​សម្រាប់​ចិន​នៅ​ពេលនេះ ដូចជា​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ចំពោះ​វិធានការ​របស់​អាស៊ាន​ដែល​បិទ​ខ្ទប់​សិទ្ធិ​របស់​ភូមា​នៅ​ឡើយ​ទេ។

តែ​ជា​ការ​កត់សម្គាល់ នៅ​មុន​អាស៊ាន​មាន​វិធានការ​ដូចនេះ ក៏​គេ​ឃើញ​ចិន​បញ្ជូន​តំណាង​របស់​ខ្លួន​ម្នាក់​កាលពី​ចុង​ខែ​សីហា ឱ្យ​ទៅ​ជួប​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​ជា​មេ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ដោយ​បាន​ស្នើ​ឱ្យ​ឧត្តមសេនីយ៍​រូប​នេះ​កុំ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ឱ្យ​សោះ ដែល​តាម​ប្រភព​សម្ងាត់ គឺ​ចិន​មិន​ចង់​ឃើញ​ពួក​យោធា​មាន​វិធានការ​ក្ដៅ​ជ្រុល​ពេក​ទៅលើ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ ព្រោះ​មិន​យូរ​ទេ របប​សឹក​បច្ចុប្បន្ន​នេះ​គង់តែ​រលាយ។

បើ​រលាយ មាន​ន័យ​ថា​កម្លាំង​ប្រជាធិបតេយ្យ​រស់​ឡើងវិញ ហើយ​ចិន​ត្រូវតែ​មាន​សម្ពន្ធភាព​ជាមួយ​អ្នក​ប្រជាធិបតេយ្យ គឺ​ដើម្បី​រក្សា​មុខមាត់​ខ្លះ​របស់​ខ្លួន​នៅ​លើ​វេទិកា​អន្តរជាតិ និង​រក្សា​ផលប្រយោជន៍​របស់​ចិន លើ​ទឹកដី​ភូមា​ផង​ដែរ ព្រោះតែ​កន្លងមក​នេះ ផលប្រយោជន៍​របស់​ចិន​ត្រូវ​បាន​ពួក​កុបករ​ប្រឆាំង​របប​សឹក​បំផ្លិចបំផ្លាញ​អស់​រាប់​សិប​លាន​ដុល្លារ។ រោងចក្រ​របស់​ចិន​ចំនួន​ជាង ៣០ ត្រូវ​បាន​ពួក​កុបករ​បំផ្លាញ ដែល​ពួកគេ​ចោទ​ថា​ចិន​នៅ​ពី​ក្រោយ​រដ្ឋប្រហារ ប៉ុន្តែ​ទីក្រុង​ប៉េកាំង បាន​បដិសេធ​ដាច់​ថា ខ្លួន​គេ​មិន​មាន​ផលប្រយោជន៍​អ្វី​នៅ​ពី​ក្រោយ​ពួក​យោធា​នោះ​ទេ។

មាន​ទស្សនៈ​ខ្លះ​លើកឡើង​ថា ចិន​ខ្លួន​គេ​ផ្ទាល់​ចង់​ដើរ​តួនាទី​ដាច់ដោយឡែក ដើម្បី​សម្របសម្រួល​វិបត្តិ​នៅ​ភូមា ដោយ​រុញ​ឱ្យ​ពួក​យោធា​បន្ធូរបន្ថយ​ការ​ប្រឈមមុខ​នឹង​ក្រុម​អ្នក​ប្រជាធិបតេយ្យ។

យ៉ាងណា ចិន​ស្ថិតនៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​នេះ​មិន​មាន​ន័យ​ថា​ចិន​មិន​ចង់​ពាក់ព័ន្ធ​នឹង​រឿង​ភូមា​នោះ​ទេ គ្រាន់តែ​ចិន​ចង់​ប្រាប់​សញ្ញា​ទៅ​ពួក​យោធា​ភូមា​ថា ចិន​ចង់​នៅ​ស្ងប់ស្ងាត់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស