27 C
Phnom Penh

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថា​ប្រាក់កម្ចី​មាន​ការប្រាក់​លើស​ពី​ការ​កំណត់​នៅ​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ

បទវិភាគ

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ព្រមព្រៀង​គ្នា​លើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​បាន​កំណត់​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​ត្រឹម​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែប៉ុណ្ណោះ។

មេធាវី​ការពារ​ក្តី​នៅ​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ឧបសគ្គ​ម្ចាស់​បំណុល និង​កូនបំណុល​ក្នុង​ការ​ខ្ចី​ប្រាក់​ដោយ​យក​ការប្រាក់​ខ្ពស់ កំពុង​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ ប៉ុន្តែ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​នូវ​ក្រម​រដ្ឋប្បវេណី​ស្ដីពី​ការ​កំណត់​អត្រា​ការប្រាក់​ខ្ពស់​បំផុត​ក្នុង​កម្រិត​ត្រឹមតែ ១៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ។

ប្រភព​ដដែល​បាន​លើក​ឡើង​ជា​សំណួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ម្ចាស់​បំណុល និង​កូន​បំណុល​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​លើស​ពី​ច្បាប់​កំណត់?

អ្នក​ច្បាប់​រូប​នេះ​បាន​ពន្យល់​ថា ប្រសិនបើ​ម្ចាស់បំណុល និង​កូនបំណុល​បាន​ព្រមព្រៀង​គ្នា​ក្នុង​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​មាន​កម្រិត​ក្នុង​ច្បាប់ នោះ​ចំនួន​អត្រា​ការប្រាក់​ដែល​លើស​នោះ​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំណត់​តែប៉ុណ្ណោះ។

ជាង​នេះ​ទៀត ក្នុង​ករណី​ដែល​កូនបំណុល​បាន​សង​ការប្រាក់​លើស​ពី​ច្បាប់​បាន​កំណត់ នោះ​ចំនួន​ការប្រាក់​ដែល​លើស​នោះ​នឹង​ក្លាយ​ទៅ​ជា​ប្រាក់​សំណង​លើ​ប្រាក់​ដើម។ លើស​ពី​នេះ ក្នុង​ករណី​ការប្រាក់​របស់​កូនបំណុល​ដែល​លើស​នោះ​ទូទាត់​ជាមួយ​ប្រាក់​ដើម ហើយ​នៅ​សល់​ទៀត​នោះ ម្ចាស់បំណុល​ត្រូវតែ​សង​ទៅ​ឲ្យ​កូនបំណុល​វិញ ដោយ​ភ្ជាប់​ជាមួយ​ការប្រាក់​ដោយ​គិត​ទៅ​តាម​ចំនួន​ថ្ងៃ​ដែល​លើស​នោះ​ផង​ដែរ។

អ្នកស្រី​បញ្ជាក់​ថា កូនបំណុល​ក៏​អាច​ប្តឹង​សុំ​ឲ្យ​តុលាការ​លុប​ចោល​កិច្ចសន្យា​បាន ប្រសិនបើ​កិច្ចសន្យា​រវាង​ខ្លួន និង​ម្ចាស់បំណុល​ត្រូវ​បាន​ធ្វើឡើង​ដោយ​អំពើ​ឆ្លៀត​ឱកាស ដោយ​មាន​គោលបំណង​កេង​ចំណេញ​ហួសហេតុ​ក្នុង​ពេល​ដែល​កូនបំណុល​កំពុង​ជួបប្រទះ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច ឬ​ភាព​ឆោត​ល្ងង់ ឬ​ខ្វះ​ការពិសោធន៍​ណា​មួយ​របស់​ខ្លួន។

អ្នកជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​គូស​បញ្ជាក់​ថា កិច្ចសន្យា​ដែល​ធ្វើឡើង​ដោយ​ការ​ភ័ន្តច្រឡំ ឬ​ដោយ​ការ​ឆបោក ឬ​ដោយ​ការ​គំរាមកំហែង និង​កិច្ចសន្យា​ដែល​ធ្វើឡើង​ដោយ​ការ​រំលោភ​ទៅលើ​ស្ថានភាព ដូចជា​នៅ​ពេល​ធ្វើ​កិច្ចសន្យា ម្ចាស់បំណុល​បាន​ប្រើ​ឋានៈ​ខ្លួន​ដែល​មាន​អាទិភាព​ជាង​កូនបំណុល​ខាង​ផ្នែក​សេដ្ឋកិច្ច ឬ​ផ្នែក​សង្គម ឬ​បាន​ប្រើ​ស្ថានភាព​ផ្សេង​ដទៃ​ទៀត​ដែល​កូនបំណុល​មិន​អាច​ប្រឆាំង​តបត​បាន កូនបំណុល​មាន​សិទ្ធិ​ប្តឹង​លុប​ចោល​នូវ​កិច្ចសន្យា​នេះ​ចោល​ដោយ​ស្រប​ច្បាប់។

អ្នកស្រី ម៉េង សុភារី សង្កត់​ធ្ងន់​ថា ការ​បង្កើត​បំណុល​ត្រូវ​បង្កើត​ដោយ​ការ​ពិចារណា និង​មាន​ផែនការ​ច្បាស់លាស់​ដែល​អាច​យក​បំណុល​នោះ​ទៅ​ប្រើ​ដោយ​ស្រប​ច្បាប់ និង​មាន​មូលដ្ឋាន​សំណង​ជាក់លាក់ ចៀសវាង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ជ្រៅ​ពិបាក​ដក​ខ្លួន ឬ​ដក​ខ្លួន​មិន​រួច​ទៅ​ថ្ងៃ​ក្រោយ។

ការ​លើក​ឡើង​របស់​មេធាវី ម៉េង សុភារី បែប​នេះ បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ឡើង​នៃ​ការ​ជំពាក់​បំណុល​របស់​តារា​កំប្លែង​ខ្មែរ​មួយ​រូប​ដែល​បាន​ប្រកាស​ថា ខ្លួន​បាន​ជំពាក់​បំណុល​គេ​រហូត​ដល់​ទៅ​ជាង ៥៧​ម៉ឺន​ដុល្លារ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ តារា​កំប្លែង​ស្រី​ឈ្មោះ ស្រេង សុកាន់ដា ដែល​គេ​ស្គាល់​ជាទូទៅ​ក្នុង​ពិភព​សិល្បៈ​ថា នាង​ខ្ញុង បាន​ទម្លាយ​តាម​បណ្ដាញ​សង្គម ដោយ​ប្រកាស​ពី​ការ​ក្ស័យ​ធន​លើ​មុខរបរ​រកស៊ី​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ជំពាក់​បំណុល​គេ​សរុប​ជា​ទឹកប្រាក់​ជាង ៥៧​ដុល្លារ​អាមេរិក។ ក្នុង​របាយការណ៍​ដែល​សាមី​ខ្លួន​បាន​ផ្សព្វផ្សាយ​ក្រោយ​ប្រកាស​ក្ស័យ​ធន​នេះ ម្ចាស់បំណុល​ដែល​ខ្លួន​បាន​ជំពាក់​មាន​ចំនួន ១៦​នាក់ ក្នុង​នោះ​មាន​បំណុល​ខ្លះ​អត្រា​ការប្រាក់​រហូត​ដល់​ទៅ ៥០​ភាគរយ​ឯណោះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១ ទីស្ដីការ​ក្រសួង​យុត្តិធម៌ បាន​ចេញ​សេចក្តី​ប្រកាស​ស្ដីពី​អត្រា​ការប្រាក់​ដែល​ត្រូវ​បាន​កម្រិត ក្នុង​នោះ​មាត្រា​១ នៃ​សេចក្តី​ប្រកាស​នេះ​បាន​ចែង​ថា អត្រា​ការប្រាក់​ដែល​ត្រូវ​បាន​កម្រិត​ក្នុង​ច្បាប់​ស្ដីពី​ការ​អនុវត្ត​ក្រម​រដ្ឋប្បវេណី​ត្រូវ​បាន​កំណត់​មិន​ឲ្យ​លើស ១៨​ភាគរយ​ឡើយ​ក្នុង​មួយ​ឆ្នាំ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស