26 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​សន្យា​ការពារ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​ចូល​ឈ្លានពាន

បទវិភាគ

នៅ​ទីបំផុត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រេច​ចិត្ត​ជា​ឯកតោភាគី​ដោយ​សន្យា​ថា​នឹង​លើក​ទ័ព​ធ្វើ​អន្តរាគមន៍​ជួយ​ដែន​កោះ​តៃវ៉ាន់ បើ​ចិន​លើក​ទ័ព​ចូល​ឈ្លានពាន​ដែន​កោះ​មួយ​នេះ។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ថា​តើ​សហរដ្ឋ​អាមេរិក​នឹង​ការពារ​តៃវ៉ាន់​ឬ​ទេ បើ​ចិន​វាយប្រហារ? ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន បាន​ឆ្លើយ​ថា អាមេរិក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ច្បាស់​ហើយ គឺ​មិន​ងាករេ​ឡើយ។ សំណួរ​របស់​អ្នក​សារព័ត៌មាន​សួរ​ទៅ​ប្រធានាធិបតី​អាមេរិក គឺ​ស្រប​ពេល​កងទ័ព​ចិន បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។

បើ​តាម​បណ្ដាញ​ព័ត៌មាន​អាមេរិក Fox News ផ្សាយ​នៅ​ថ្ងៃ​ទី​២២ តុលា លោក បៃដិន មាន​ប្រសាសន៍​ថា កុំ​បារម្ភ​ថា​សហរដ្ឋ​អាមេរិក​ទុក​ចោល​តៃវ៉ាន់ គឺ​ពុំ​មាន​នោះ​ទេ។ លោក​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មាន​សន្ធិសញ្ញា មាន​ច្បាប់​ដែល​ចែង​ពី​ការ​ផ្ដល់​ការ​ការពារ​ដល់​ដែន​កោះ​មួយ​នេះ គឺ​មាន​ដូចជា​ការ​ផ្គត់ផ្គង់​សព្វាវុធ និង​អន្តរាគមន៍​ផ្សេងៗ​ទៀត។

អ្នក​សារព័ត៌មាន​បាន​សួរ​ទៀត​ថា ប្រទេស​ចិន​មាន​អំណាច​ខ្លាំង​ឡើងៗ តើ​ប្រធានាធិបតី​យល់​ដូចម្ដេច? លោក បៃដិន សម្ដែង​សុទិដ្ឋិនិយម​ថា ពិភពលោក​ទាំងមូល​បាន​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​អំណាច​យោធា​ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក។ តែ​ទោះ​ជា​បែប​នេះ​ក្ដី មេដឹកនាំ​អាមេរិក​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា លោក​គ្មាន​គំនិត​សោះ​ឡើយ​ក្នុង​ការ​ចាប់ផ្ដើម​សង្គ្រាម​ត្រជាក់​ជាមួយ​ចិន។ លោក​ពោល​ថា ខ្ញុំ​មិន​ចង់​ធ្វើ​សង្គ្រាម​ត្រជាក់​ជាមួយ​ចិន​នោះ​ទេ គ្រាន់តែ​ខ្ញុំ​ចង់​ឱ្យ​ចិន​យល់​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​ត្រឡប់​ក្រោយ ហើយ​ក៏​នឹង​មិន​ផ្លាស់ប្ដូរ​ជំហរ​ដែរ។

ច្បាប់​ស្ដីពី​ទំនាក់ទំនង​តៃវ៉ាន់ ដែល​សហរដ្ឋ​អាមេរិក​ជា​ភាគី ត្រូវ​បាន​គេ​ដឹង​ថា​វា​មិន​បាន​ធានា​ថា​សហរដ្ឋ​អាមេរិក​នឹង​ប្រើ​យោធា បើសិនជា​ចិន​វាយប្រហារ​តៃវ៉ាន់ ដែល​ត្រូវ​បាន​អះអាង​ជាច្រើន​ទសវត្ស​ថា​ជា​ដែនដី​របស់​ចិន ប៉ុន្តែ​ច្បាប់​នោះ​បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឱ្យ​តៃវ៉ាន់​មាន​សមត្ថភាព​ការពារ​ជាតិ​ខ្លួន​គេ​គ្រប់គ្រាន់។

ប៉ុន្តែ​កាលពី​ចុង​ខែ​កញ្ញា កន្លងទៅ​នេះ សមាជិក​សភា​អាមេរិក​បាន​អនុម័ត​លើ​គម្រោង​ច្បាប់​ថ្មី​បន្ថែម​ទៀត ដោយ​បើក​សិទ្ធិ​ឱ្យ​រដ្ឋការ​សហរដ្ឋ​អាមេរិក ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កោះ​តៃវ៉ាន់ ទោះ​ជា​នៅ​លើ​ទឹកដី​អាមេរិក ឬ​កោះ​តៃវ៉ាន់​ក៏ដោយ។ មិន​តែប៉ុណ្ណោះ ច្បាប់​ថ្មី​នេះ​បញ្ជាក់​ថា អាមេរិក​ត្រូវ​ជួយ​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ប្រធានាធិបតី បៃដិន បាន​ឱ្យ​ដឹង​ថា គោលនយោបាយ​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់ ដែល​ប្រទេស​ខ្លះ​យល់​មិន​ច្បាស់ គឺ​ប្រហែលជា​យល់​មិន​ច្បាស់លាស់​អំពី​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់ ដែល​សូម្បី​ចិន​ខ្លួន​គេ​ផ្ទាល់​ក៏​ទំនង​មិន​ច្បាស់​ដែរ។ លោក​ពន្យល់​ថា សហរដ្ឋ​អាមេរិក​នឹង​មាន​ការ​ឆ្លើយតប ឬ​ធ្វើ​អន្តរាគមន៍ បើ​កោះ​តៃវ៉ាន់​រង​ការ​ឈ្លានពាន។

សកម្មភាព​ថ្មីៗ​ពី​សំណាក់​កងទ័ព​ចិន មក​លើ​តៃវ៉ាន់ បាន​បង្ហាញ​ថា​តៃវ៉ាន់​កំពុងតែ​ចង់​ផង​ដែរ​ក្នុង​ការ​សាកល្បង​រដ្ឋការ​របស់​លោក ចូ បៃដិន ជាពិសេស​គឺ​ការ​ដែល​អាមេរិក​ដក​ទ័ព​ចេញពី​អាហ្វហ្គានីស្ថាន ថា​តើ​គោលនយោបាយ​អាមេរិក​ឆ្ពោះ​មក​កាន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក មាន​សារសំខាន់​បែប​ណា និង​មាន​ភាព​ប្រាកដ​ប្រជា​ដែរ​ឬ​ទេ។

ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​យ៉ាង​តិច ១៥៥​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​កោះ​តៃវ៉ាន់ ក្នុង​រយៈពេល​ជិត ២០​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ហើយ​តៃវ៉ាន់​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន​នោះ បាន​ព្រមាន​ប្រឆាំង​នឹង​យន្តហោះ​របស់​ក្រុង​ប៉េកាំង ក្រោយ​មួយ​ថ្ងៃ​ដែល​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង ៥៦​គ្រឿង​ហោះ​ចូល​ឈ្លានពាន​ដែនអាកាស​តៃវ៉ាន់។

កាលពី​ថ្ងៃ​ទី​៤ តុលា អ្នក​នាំពាក្យ​សេតវិមាន អ្នកស្រី Jen Psaki មាន​ប្រសាសន៍​ថា សហរដ្ឋ​អាមេរិក​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បញ្ឈប់​ការ​គាបសង្កត់​ផ្នែក​យោធា ការទូត សេដ្ឋកិច្ច និង​ដាក់​ការ​បង្ខិតបង្ខំ​លើ​កោះ​តៃវ៉ាន់ ហើយ​ថា​ក្រុង​វ៉ាស៊ីនតោន​ចាប់អារម្មណ៍​ចំពោះ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​ទាំងមូល។

អ្នកស្រី Psaki បាន​បន្ថែម​ថា រដ្ឋការ​លោក បៃដិន និយាយ​ច្បាស់លាស់​ជា​សម្ងាត់ និង​ជា​សាធារណៈ​អំពី​ការ​ព្រួយបារម្ភ​របស់​អាមេរិក និង​បាន​ជម្រាប​ថា លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden) មិន​បាន​និយាយ​ជាមួយ​សម​ភាគី​ចិន​របស់​គាត់​ទេ​នា​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ទាក់ទង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហើយ​ថា​ត្រូវ​បញ្ឈប់​ការ​ឈ្លានពាន និង​បង្ក​ហេតុ​លើ​កោះ​តៃវ៉ាន់។

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ដី​គោក អ្នកស្រី Hua Chunying មាន​ប្រសាសន៍​ថា កោះ​តៃវ៉ាន់​ជា​កម្មសិទ្ធិ​របស់​ចិន ហើយ​សហរដ្ឋ​អាមេរិក​មិន​មាន​មុខនាទី​និយាយ​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​នោះ​ទេ ហើយ​ថា​អាមេរិក​បាន​រំលោភ​ធ្ងន់ធ្ងរ​លើ​គោលការណ៍​ចិន​តែ​មួយ និង​រំលោភ​លើ​សេចក្តី​ថ្លែងការណ៍​រួម​ចិន-អាមេរិក ដែល​មាន​កន្លង​មក​ចំពោះ​កោះ​តៃវ៉ាន់។

គេ​ពុំ​ដឹង​ថា ចិន​លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់ Chiu Kuo-cheng បាន​ប្រាប់​សមាជិក​សភា​ថា ភាព​តានតឹង​ផ្នែក​យោធា​រវាង​តៃវ៉ាន់ និង​ចិន ស្ថិត​ក្នុង​កម្រិត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល ៤០​ឆ្នាំ​មក​នេះ។ លោក Chiu បន្ថែម​ថា ចិន​នឹង​អាច​បង្កើន​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំ​ប្រហែល​នៅ​ឆ្នាំ​២០២៥។

អ្នកស្រី Tsai Ing-wen ដែល​ជា​ប្រធានាធិបតី​កោះ​តៃវ៉ាន់ ជា​ស្ត្រី​ខ្លាំង​ហ៊ាន​ព្រមាន​ចិន។ អ្នកស្រី​តែងតែ​ប្រាប់​ទៅ​ចិន​វិញ​ថា ប្រជាជន​តៃវ៉ាន់​ជិត ២៤​លាន​នាក់​រស់នៅ​ក្រោម​ការ​ដឹកនាំ​នៃ​របប​ប្រជាធិបតេយ្យ គឺ​មិន​ចង់​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​នោះ​ទេ ហើយ​កងទ័ព​ក៏​មិន​ចង់​ទៅ​នៅ​ក្រោម​ដំបូល​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ដែរ។ អ្នកស្រី​ប្រាប់​ចិន​ថា តៃវ៉ាន់​ជា​រដ្ឋ​អធិបតេយ្យ​ដែល​មាន​រចនាសម្ព័ន្ធ​ជាតិ​រឹងមាំ​ទៅ​ហើយ។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​សកម្មភាព​យោធា​គាបសង្កត់​តៃវ៉ាន់​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ចេញ​សារ​ព្រមាន​កុំ​ឱ្យ​កងទ័ព​ចិន មក​កៀក​នឹង​ដែន​កោះ​តៃវ៉ាន់ គឺ​ប្រយ័ត្ន​ការ​ប៉ះទង្គិច​គ្នា​ណា​មួយ​ជាយថាហេតុ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស