26 C
Phnom Penh

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​តាម​បណ្ដឹង​ឈ្មួញ​ដី

បទវិភាគ

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ ក្រោយ​ពី​ឈ្មោះ សាត សូត្រ ដែល​ជា​ឈ្មួញ​ដី​ម្នាក់​បាន​ប្ដឹង​ពួកគេ។

ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បាន​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ តែល នី រស់នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខ​នេះ។

ដីកា​បញ្ជាក់​ថា ការ​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ចូល​បំភ្លឺ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ឈ្មួញ​ដី​ម្នាក់​ឈ្មោះ សាត សូត្រ ដែល​បាន​ប្ដឹង​ពួកគេ​ពី​បទ «ចូល​កាន់កាប់​ដី​បំពាន​យក​ដី​ចម្ការ​ឈ្មោះ សាត សូត្រ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង តាម​បណ្ដឹង​ឈ្មោះ លី សម្បត្តិ»

ជនជាតិ​ដើម​ភាគតិច​ពូនង រស់នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ អ្នកស្រី តែល នី ប្រាប់​សារព័ត៌មាន The Cambodia Daily ថា កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ គ្រួសារ​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាជ្ញាធរ​ករណី​ឈ្មួញ​ដី​ឈ្មោះ សាត សូត្រ បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ដំណាំ​នៅ​លើ​ដី​ជាង ១០​ហិកតារ​នេះ។

អ្នកស្រី​បន្ត​ថា ចាប់តាំង​ពី​ដាក់​ពាក្យ​បណ្ដឹង​កាល​ខែ​សីហា មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​បាន​ចុះ​មក​ដោះស្រាយ​ឱ្យ​ពួកគាត់​ឡើយ ផ្ទុយទៅវិញ​បែរជា​តុលាការ​ចេញ​ដីកា​កោះ​ហៅ​ឱ្យ​រូប​គាត់​ជា​ម្ចាស់​ដី​ទៅ​បំភ្លឺ ដោយ​ចោទ​គ្រួសារ​របស់​គាត់​ថា​បាន​រំលោភបំពាន​ដី​ឈ្មោះ សាត សូត្រ ទៅវិញ។

អ្នកស្រី តែល នី បន្ត​ថា ដី​ជាង ១០​ហិកតារ​នេះ ពួកគាត់​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩២ រហូត​ដល់​បច្ចុប្បន្ន ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ ឈ្មួញ​ដី​ឈ្មោះ សាត សូត្រ បាន​យក​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដំណាំ​របស់​គ្រួសារ​គាត់​ទាំង​យប់ ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ម្នាក់​មក​ហាមឃាត់​ឡើយ។

ជនជាតិ​ដើម​ភាគតិច​រូប​នេះ​បន្ត​ថា ឈ្មោះ សាត សូត្រ បាន​ប្ដឹង​គាត់​ចំនួន ២​ដង​ទាំង​លើក​នេះ បន្ទាប់ពី​គ្រួសារ​របស់​គាត់​មិនព្រម​លក់​ដី​ជាង ១០​ហិកតារ ខណៈ​ដី​ពលរដ្ឋ​នៅ​ជុំវិញ​គាត់​បាន​លក់​អស់។

អ្នកស្រី​បន្ត​ថា ការ​ដែល​គាត់​មិន​លក់​ដី និង​មិន​យក​ប្រាក់ ដោយសារ​បារម្ភ​ខ្លាច​គ្មាន​ដី​សម្រាប់​អាស្រ័យ​ផល​បន្ត​ទៀត​ដើម្បី​ចិញ្ចឹម​កូន​ចៅ។

អ្នកស្រី​ចាត់ទុក​ការ​កោះ​ហៅ និង​ការ​មិន​អើពើ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​គាត់។ អ្នកស្រី​ស្នើ​ទៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​វិវាទ​នេះ​ឱ្យ​ពួកគាត់ បើ​មិន​ដូច្នោះ​ទេ ពួកគាត់​បាត់បង់​ដី​ដែល​កំពុង​អាស្រ័យ​ផល​នេះ។

អ្នក​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ព្រៃឈើ​នៃ​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា លើកឡើង​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​ពិចារណា​ចំពោះ​នីតិវិធី​គាំទ្រ​ឈ្មួញ និង​ឧកញ៉ា​ដែល​បាន​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​ឡើងវិញ។

លើស​ពី​នេះ តុលាការ​គួរ​ស៊ើបអង្កេត ឬ​ចុះ​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់ មុន​នឹង​ចាត់​វិធានការ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​នោះ។ ប្រសិនបើ​អាជ្ញាធរ និង​តុលាការ​មិន​ដោះស្រាយ និង​កាត់​ក្ដី​ជូន​ពលរដ្ឋ​ឱ្យ​មាន​តម្លាភាព​និង​យុត្តិធម៌​ទេ ពលរដ្ឋ​នឹង​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌។

លោក គ្រើង តុលា បន្ត​ថា ការ​រងគ្រោះ​របស់​ជនជាតិ​ដើម​ភាគតិច​ពី​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ឈ្មួញ ឧកញ៉ា និង​អ្នក​មាន​អំណាច​ជាបន្តបន្ទាប់​មក​នេះ ដោយសារ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​យកចិត្ត​ទុកដាក់​ចុះបញ្ជី​ដីធ្លី​ឱ្យ​ពួកគាត់។

លោក​បន្ត​ថា ការ​មិន​ចុះបញ្ជី​ដីធ្លី​ឱ្យ​ជនជាតិ​ដើម​ភាគតិច​នេះ ទើប​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច ឧកញ៉ា​ធំៗ រួម​ទាំង​ឈ្មួញ​ផង ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ធ្វើ​ប្លង់ ទោះបីជា​បាន​ដឹង​ថា​ដីធ្លី​នេះ​គឺ​ជនជាតិ​ដើម​ភាគតិច​បាន​រស់នៅ និង​អាស្រ័យ​ផល​ដីធ្លី​ទាំងនោះ​យូរ​ឆ្នាំ​ហើយ​ក្ដី។ លើស​ពី​នេះ​ទៀត លោក​ថា​បច្ចុប្បន្ន ជនជាតិ​ដើម​ភាគតិច​បាន​បាត់បង់​ដីធ្លី​របស់​ខ្លួន ហើយ​ជាប់​បណ្ដឹង​នៅ​តុលាការ​បន្ថែម​ទៀត។

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​អភិបាល​ថ្មី​ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន​ទៅ​រំលោភ​យក​ដីធ្លី​របស់​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ លោក​ចាត់ទុក​ការ​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ ដោយសារ​ភាព​លោភលន់​របស់​មន្ត្រី​ទាំងនោះ។

លោក ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ក្រើន​រំឭក​មន្ត្រី​ថា បញ្ហា​ជម្លោះ​ដីធ្លី​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បាត់បង់​សន្លឹកឆ្នោត​នៅ​ពេល​ខាងមុខ​របស់​គណបក្ស​កាន់​អំណាច ប្រសិនបើ​មិន​ព្យាយាម​ដោះស្រាយ​ដោយ​តម្លាភាព​ទេ​នោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស