26 C
Phnom Penh

ខួប ៥០​ឆ្នាំ​ដែល​ចិន​កុម្មុយនីស្ត​ដណ្ដើម​អាសនៈ​បាន​ពី​សាធារណរដ្ឋ​ចិន ខណៈ​តៃវ៉ាន់​ឈឺចាប់

បទវិភាគ

ថ្ងៃ​ទី​២៥ តុលា គឺជា​ខួប ៥០​ឆ្នាំ​ដែល​របប​ប្រជាមានិត​ចិន បាន​ដណ្ដើម​កាន់កាប់​អាសនៈ​របស់​សាធារណរដ្ឋ​ចិន ដែល​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ។

ថ្ងៃ​ទី​២៥ ខែ​តុលា កាលពី ៥០​ឆ្នាំ​មុន គឺ​នៅ​ឯ​អង្គការ​សហប្រជាជាតិ ដែល​មហាសន្និបាត​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​បាន​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​លេខ​២៧-៥៨។ ដំណោះស្រាយ​នោះ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រកាន់​របប​កុម្មុយនីស្ត​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ។

អង្គការ​មួយ​នេះ​សម្រេច​ក្នុង​ការ​ស្ដារ​សិទ្ធិ​ទាំងអស់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួលស្គាល់​តំណាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ថា​ជា​តំណាង​ស្រប​ច្បាប់​តែ​មួយ​គត់​នៃ​ចិន នៅ​អង្គការ​សហប្រជាជាតិ។ ដំណោះស្រាយ​ដូច​គ្នា​នេះ គឺជា​ការ​បណ្ដេញ​តំណាង​របស់​សាធារណរដ្ឋ​ចិន ដែល​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាម ឱ្យ​ចាកចេញ​ពី​បេសកកម្ម​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ។

សង្គ្រាម​ស៊ីវិល​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩ រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ចិន ដែល​រត់​ទៅ​នៅ​លើ​កោះ​តៃវ៉ាន់ ក៏​បាន​បាត់បង់​សិទ្ធិ​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។

នៅ​ថ្ងៃ​នេះ បក្ស​កុម្មុយនីស្ត​ចិន បាន​ប្រារព្ធ​ខួប ៥០​ឆ្នាំ ដែល​ក្រុង​ប៉េកាំង បាន​ដណ្ដើម​កាន់កាប់​ពី​របប​សាធារណរដ្ឋ​ចិន ដែល​រត់​ទៅ​នៅ​លើ​កោះ​តៃវ៉ាន់។ តែ​យ៉ាងណា មុន​របប​ប្រជាមានិត​ចិន​យក​អាសនៈ​បាន​ពី​សាធារណរដ្ឋ​ចិន​នៃ​អាជ្ញាធរ​កោះ​តៃវ៉ាន់ គឺ​ប្រើ​ពេល​ដល់ ២២​ឆ្នាំ ទើប​យក​បាន គឺ​នៅ​ឆ្នាំ​១៩៧១។

កាលនោះ នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​១៩៧១ គឺ​លោក​ឯកអគ្គរដ្ឋទូត​តៃវ៉ាន់ ប្រចាំ​អង្គការ​សហប្រជាជាតិ មាន​ឈ្មោះ​ថា Liu Chieh។ លោក​បាន​ត្រឹម​តែ​គិត​ថា តើ​អ្វី​ទៅ​ដែល​បាន​កើតឡើង​នៅ​ពេល​នោះ ការ​ពិភាក្សា​ក្នុង​មហាសន្និបាត ហើយ​ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​អស់​សិទ្ធិ​ចូល​ទៅ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ទៀត​ឡើយ។

ការ​បោះឆ្នោត​សម្រាប់​ដំណោះស្រាយ​នោះ​មាន ៧៦​ប្រទេស​គាំទ្រ ៣៥​ប្រទេស​ជំទាស់ និង ១៧​ប្រទេស​អនុប្បវាទ បាន​ធ្វើ​ឱ្យ​ប្រតិភូ​របស់​ចិន​កុម្មុយនីស្ត​សម្រេច​បាន​នូវ​ការ​ដណ្ដើម​អាសនៈ​របស់​កោះ​តៃវ៉ាន់។

គេ​ប្រើ​ពាក្យ​ថា​ការ​បោះឆ្នោត​ស្ដារ​អាសនៈ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​ត្រូវ​ដឹង​ថា ដំបូង​ឡើយ តំណាង​បក្ស​កុម្មុយនីស្ត​ចិន គឺជា​អ្នក​ចុះហត្ថលេខា​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​អាសនៈ​នោះ​មាន​ការ​ប្រទាញប្រទង់​គ្នា​បន្ទាប់ពី​ការ​បង្កើត​ចិន​ថ្មី​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​រដ្ឋាភិបាល​តៃវ៉ាន់ ដែល​មាន​លោក ចាង កៃជៀក ជា​ប្រធានាធិបតី​រហូត​ទាល់​តែ​រដ្ឋាភិបាល​ប្រជាមានិត​ចិន ខំ​តស៊ូ​យក​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ​វិញ​តាមរយៈ​កិច្ច​ខំ​ប្រឹងប្រែង​ការទូត​របស់​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន​ពេល​នោះ គឺ​លោក ជូ អេនឡាយ ឱ្យ​ដក​តំណាង​ខុស​ច្បាប់​នៃ​របប​សាធារណរដ្ឋ​ចិន ដែល​ចិន​កុម្មុយនីស្ត​ថា​មិន​តំណាង​ឱ្យ​ចិន​នោះ​ទេ។

តែ​ដំបូង​ឡើយ កិច្ចប្រឹងប្រែង​នោះ​រង​ការ​បរាជ័យ​ជា​ខ្លាំង​ដោយ​ឧបសគ្គ​ធំ គឺ​សហរដ្ឋ​អាមេរិក និង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​មិន​ព្រម​ឱ្យ​មាន​របៀបវារៈ​ណា​មួយ​របស់​មហាសន្និបាត និយាយ​យោង​ដល់​បក្ស​កុម្មុយនិស្ត​ចិន តវ៉ា​សុំ​យក​អាសនៈ​ពី​កោះ​តៃវ៉ាន់។ ជា​ការពិត សហភាព​សូវៀត​ជា​អ្នក​សាកល្បង​ឱ្យ​មហាសន្និបាត​យក​បញ្ហា​អាសនៈ​តៃវ៉ាន់​មក​ពិភាក្សា គឺ​ឆ្នាំ​១៩៥០ ម្ដង ហើយ​ឆ្នាំ​១៩៥១ ម្ដង​ទៀត តែ​មិន​បាន​សម្រេច​ឡើយ។

អស់​រយៈពេល ១០​ឆ្នាំ​នៃ​ការ​ខំប្រឹង​ស្ដារ​អាសនៈ​របស់​ក្រុម​កុម្មុយនីស្ត​ចិន​តំណាង​ឱ្យ​ប្រទេស​ចិន​មួយ​មិន​បាន​សម្រេច​ឡើយ។

ចិន​បាន​ថ្កោលទោស​ជា​ខ្លាំង​ទៅលើ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ ហើយ​តាំង​ចិត្ត​ថា​គ្មាន​កម្លាំង​ណា​ក្នុង​ផែនដី​នេះ​អាច​ផ្លាស់ប្ដូរ​ការ​អភិវឌ្ឍ និង​ភាព​រស់រាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវតែ​មាន​សិទ្ធិ​ស្រប​ច្បាប់​នៅ​អង្គការ​សហប្រជាជាតិ។ ក្នុង​អំឡុង​ទសវត្ស​នោះ កំណើត​ប្រទេស​ទទួល​បាន​ឯករាជ្យ​ថ្មី​នៅ​អាស៊ី និង​អាហ្រ្វិក ក៏​ចូល​មក​អង្គការ​សហប្រជាជាតិ​ដែល​ធ្វើ​ឱ្យ​អាមេរិក​ពិបាក​ក្នុង​ការ​រារាំង និង​ស្ទើរតែ​ដឹង​ថា ខ្លួន​លែង​ទប់​បាន​នូវ​ការ​រារាំង​ចិន​កុម្មុយនីស្ត​មិន​ឱ្យ​មាន​ភាព​តំណាង ហើយ​និង​ប្រើប្រាស់​ស្នៀត​នៃ​ដំណោះស្រាយ​នៃ​ការ​ប្រើ​សំឡេង​ភាគច្រើន​ពីរ​ភាគ​បី ក៏ប៉ុន្ដែ​ចំនួន​ប្រទេស​ដែល​ប៉ុនប៉ង​ស្ដារ​អាសនៈ​ចិន​នៅ​អង្គការ​សហប្រជាជាតិ​ចេះ​តែ​កើន​ឡើង​រហូត​ដល់​ឆ្នាំ​១៩៧០ ដែល​មាន​ចំនួន​គាំទ្រ​លើសលប់​នឹង​សំឡេង​ប្រឆាំង​ចិន​ដឹកនាំ​ដោយ​អាមេរិក។

ទីបំផុត សហរដ្ឋ​អាមេរិក​ដែល​ទប់​ជំហរ​របស់​ខ្លួន​មិន​បាន ព្រមទាំង​សម្ព័ន្ធ​របស់​ខ្លួន​កាន់តែ​ទន់​ជ្រាយ​ចំ​ពេល​សន្ទុះ​កុម្មុយនិស្ត​កាន់តែ​មាន​ឥទ្ធិពល និង​កាន់តែ​រីក​មាឌ​ធំ​ឡើងៗ ស្រាប់​តែ​មាន​របៀបវារៈ​អំពី​អាសនៈ​របស់​តៃវ៉ាន់ គឺ​បាន​ទៅ​ឱ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ទីបំផុត ចិន​បាន​សំឡេង​គ្រប់គ្រាន់​ក្នុង​មហាសន្និបាត​នោះ គឺ​មាន ៧៦​ប្រទេស​គាំទ្រ​ចិន ៣៥​ប្រទេស​ជំទាស់ និង ១៧​ប្រទេស​អនុប្បវាទ។ យោង​តាម​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​របប​ចិន​កុម្មុយនីស្ត​សម្រេច​បាន​នូវ​ការ​ដណ្ដើម​អាសនៈ​របស់​កោះ​តៃវ៉ាន់។

កៀក​បំផុត​នឹង​ពេល​ដែល​ចិន​សម្រេច​បាន​ជោគជ័យ​ដ៏​ធំ សហរដ្ឋ​អាមេរិក​នៅតែ​បាន​ប្រើ​ការ​បន្ត​ការ​រារាំង​តំណាង​ចិន​ដោយ​សំណើ​បង្កើត​ចិន​ចំនួន​ពីរ​ក្នុង​អង្គការ​សហប្រជាជាតិ ដែល​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ដាក់​ការ​តវ៉ា​ការទូត​មួយ​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ថា​មាន​តែ​ការ​ស្ដារ​សិទ្ធិ​ស្រប​ច្បាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​អង្គការ​សហប្រជាជាតិ និង​ការ​បណ្ដេញ​ក្រុម ចាង កៃជៀក ពី​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

កុម្មុយនីស្ត​ចិន បាន​ហៅ​ដំណោះស្រាយ​របស់​មហាសន្និបាត​ទី​២៦ របស់​អង្គការ​សហប្រជាជាតិ​ថា​ជា​យុត្តិធម៌​មួយ ហើយ​ថា​ជា​ជ័យជម្នះ​របស់​ក្រុម​ប្រទេស​តតិយលោក​ជួយ​ឱ្យ​នយោបាយ​ការទូត​ចិន បាន​សម្រេច ក៏ដូចជា​បរាជ័យ​នៃ​កម្លាំង​ដែល​ប្រឆាំង​ចិន។

ចំណែក​ឯ​តៃវ៉ាន់ ដែល​ចាញ់​សង្គ្រាម​ទៅ​ហើយ បែរ​ចាញ់​លើ​វេទិកា​ការទូត​ទៀត ចាត់ទុក​ព្រឹត្តិការណ៍​ឆ្នាំ​១៩៧១ គឺជា​ចំណុច​កំពូល​មួយ​នៃ​សោកនាដកម្ម​ដ៏​ឈឺចាប់​នៃ​នយោបាយ​ជាតិ ធ្លាក់​ក្នុង​ភាព​អាម៉ាស់​ជា​ខ្លាំង។

តែ​យ៉ាងណា នៅ​ថ្ងៃ​ទី​២៥ តុលា ឆ្នាំ​២០២១ នេះ ដែល​ជា​ខួប​ទី​៥០ នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាម​ការទូត សហរដ្ឋ​អាមេរិក​កំពុងតែ​រិះរក​មធ្យោបាយ​មួយ គឺ​រុញ​ឱ្យ​តៃវ៉ាន់ កាន់តែ​មាន​តំណាង​នៅ​រាល់​អង្គការ​ទាំងឡាយ​ចំណុះ​ឱ្យ​អង្គការ​សហប្រជាជាតិ។ នេះ​គឺជា​ការ​បង្ហាញ​ជំហរ​មួយ​ទៀត​របស់​រដ្ឋបាល​លោក ចូ បៃដិន ក្នុង​ការ​ជួយ​គាំទ្រ​តៃវ៉ាន់ បន្ទាប់ពី​លោក ចូ បៃដិន បាន​អះអាង​ថា អាមេរិក​សន្យា​លើក​ទ័ព​ទៅ​ជួយ​តៃវ៉ាន់ បើ​ចិន​ប៉េកាំង​លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់ ដែល​ជា​សម្ពន្ធមិត្ត​របស់​អាមេរិក។

យោង​តាម​ការ​ប្រកាស​មួយ​របស់​ក្រសួង​ការបរទេស​អាមេរិក ចុះ​ថ្ងៃ​ទី​២៣ ខែ​តុលា មន្ត្រី​ការទូត​សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់ បាន​ជួប​និយាយ​គ្នា​កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន ដើម្បី​ពិភាក្សា​គ្នា​រក​វិធី​ជួយ​ឲ្យ​តៃវ៉ាន់ ឱ្យ​ចូលរួម​កាន់តែ​សកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​ការងារ​នៃ​អង្គការ​សហប្រជាជាតិ។

គេ​ពុំ​ដឹង​ថា ចិន​ប្រតិកម្ម​យ៉ាង​ណា​ទេ​ដែល​មិន​ចង់​ឱ្យ​តៃវ៉ាន់​មាន​តំណាង​របស់​ខ្លួន​នៅ​វេទិកា​អន្តរជាតិ ខណៈ​ក្រុង​ប៉េកាំង គំរាម​លើក​ទ័ព​កាន់កាប់​ក្រុង​តៃប៉ិ គឺ​កាន់តែ​គំរាម​ធ្ងន់​ឡើងៗ ដោយ​បញ្ជូន​ទ័ព​ធ្វើ​សមយុទ្ធ​នាវាចម្បាំង និង​បង្ហោះ​យន្តហោះ​ចម្បាំង​រាប់​សិប​គ្រឿង​ហោះ​ចូល​ដែនអាកាស​តៃវ៉ាន់។ សហរដ្ឋ​អាមេរិក​ប្រាប់​តៃវ៉ាន់​កុំ​ឱ្យ​បាញ់​យន្តហោះ​ចិន ឱ្យ​សោះ លើកលែង​យន្តហោះ​ចិន​ទម្លាក់​គ្រាប់បែក​លើ​តៃវ៉ាន់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស