26 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ព្រាង​ច្បាប់​កំណត់​សញ្ជាតិ​តែ​មួយ​ថា​ជា​ច្បាប់​កើត​ចេញពី​ការ​សងសឹក

បទវិភាគ

សមាជិក​រដ្ឋសភា​កម្ពុជា ចំនួន ១១១​រូប បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​កំណត់​ឲ្យ​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​នាយករដ្ឋមន្ត្រី​មាន​សញ្ជាតិ​តែ​មួយ​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​ថា គោលបំណង​ពិត​នៃ​ច្បាប់​នេះ​មិន​មែន​ដើម្បី​ស្នេហា​ជាតិ​ទេ គឺ​ដើម្បី​គំនុំ​សងសឹក​របស់​មេ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ។

រដ្ឋសភា​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ តុលា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៦ របស់​ខ្លួន​ដែល​មាន​សមាជិក​ចំនួន ១១១​រូប រួម​ទាំង​វត្តមាន​របស់​លោក ហ៊ុន សែន ផង​នោះ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​មាន ៣មាត្រា កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

ការ​អនុម័ត​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​មេដឹកនាំ​ស្ថាប័ន​កំពូលៗ​របស់​កម្ពុជា ឱ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ ធ្វើឡើង​ក្រោយ​មាន​ការ​ស្នើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច បន្ទាប់ពី​លោក ហ៊ុន សែន រង​ការ​ចោទប្រកាន់​ថា​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​សញ្ជាតិ​ពីរ​កាលពី​ពេល​ថ្មីៗ​នេះ។

មេដឹកនាំ​ដែល​គំរាម​កាន់​អំណាច​អស់​មួយ​ជីវិត លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​សភា​ថា សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​របស់​ស្ថាប័ន​ជាតិ ហើយ​ក៏​បង្ហាញ​នូវ​ការ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ថា ច្បាប់​នេះ​រក​មិន​ឃើញ​នូវ​ខ្លឹមសារ​ដើម្បី​ប្រយោជន៍​ជាតិ​នោះ​ទេ តែ​អាច​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​គំនុំ​បុគ្គល​រវាង​អ្នក​នយោបាយ​ខ្មែរ។ ជាង​នេះ​ទៀត ទោះ​សមាជិក​រដ្ឋសភា​គាំទ្រ​លើស​ពី ២​ភាគ​៣ ក៏ដោយ ក៏​ជា​សភា​ឯក​បក្ស​ដែរ មិន​មែន​ជា​សំឡេង​ពហុ​បក្ស​ដែល​ធានា​នូវ​ឯករាជ្យ​នៃ​ឆន្ទៈ​ពិតប្រាកដ​របស់​សមាជិក​សភា​ដែល​គាំទ្រ​ច្បាប់​នេះ​ទេ។

លោក​ព្រមាន​ថា នៅ​ពេល​ដែល​អ្នក​នយោបាយ​មាន​អំណាច​រហូត​អាច​រំលោភ​លើ​ស្ថាប័ន​ផ្សេងៗ​ដោយ​មិន​ញញើត​ហើយ​នោះ ច្បាប់​ដើម្បី​គ្រប់គ្រង​ប្រទេស​ជាតិ ដើម្បី​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន និង​ដើម្បី​ធានា​ភាព​យុត្តិធម៌​សង្គម ច្បាស់​ជា​មិន​អាច​រក្សា​អត្ថន័យ​ដើម​ទាំងស្រុង​ទៀត​ទេ ព្រោះ​អ្នក​មាន​អំណាច​បាន​ប្រើ​ច្បាប់​ទាំងនោះ​ដើម្បី​តែ​ផលប្រយោជន៍ និង​ដើម្បី​សងសឹក​យក​ឈ្នះ​ចាញ់​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ ខណៈ​ប្រទេស​ជាតិ​នឹង​រង​នូវ​វិបត្តិ​ពី​ទង្វើ​របស់​ពួកគេ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​អះអាង​នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ថា ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ច្បាប់​នេះ គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​មួយ​ទៀត​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ចារឹក​ទុក​ជា​កេរដំណែល​សម្រាប់​អ្នក​ជំនាន់​ក្រោយ បន្ទាប់ពី​ការ​សម្រេច​បាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​នា​ពេល​កន្លងមក។

ដោយឡែក​ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៦ តុលា នេះ​ដែរ​ថា ការ​បង្ហាញ​ពី​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​រវាង​អ្នក​មាន​សញ្ជាតិ​តែ​មួយ និង​មាន​សញ្ជាតិ​ពីរ ឬ​ច្រើន គឺ​មិន​មាន​បញ្ជាក់​ដោយ​ហេតុផល​ត្រឹមត្រូវ​ណា​មួយ​ឡើយ ដូច្នេះ​ការ​កំណត់​សញ្ជាតិ​នេះ គឺ​គ្រាន់តែ​ជា​លេស​សម្រាប់​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​តែប៉ុណ្ណោះ។

លោក​អះអាង​ថា ការ​មិន​រំលោភ​ច្បាប់ រក្សា​សន្តិសុខ​ជាតិ​ឱ្យ​បាន​ល្អ គ្មាន​អយុត្តិធម៌​សង្គម គ្មាន​អំពើពុករលួយ និង​ប្រកាន់​យក​របប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ​សេរី ការ​គោរព​សិទ្ធិមនុស្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទើប​មាន​ឈ្មោះ​ជា​មេដឹកនាំ​ដែល​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាពលរដ្ឋ​ពិតប្រាកដ។

សេចក្តី​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ស្ដីពី​ការ​កំណត់​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ កំពុង​រង់ចាំ​តែ​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ចូល​ជា​ធរមាន ដើម្បី​អនុវត្ត​តែប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស