28 C
Phnom Penh

ព្រឹទ្ធសភា​អាមេរិក​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​សិទ្ធិមនុស្ស​ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រឹទ្ធសភា​អាមេរិក បាន​បញ្ជូន​សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.៣០៥២ ទៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ហើយ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២១ នេះ ក្រោយ​សភា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​នេះ​ជា​លើក​ទី​២។

សេចក្តី​ព្រាងច្បាប់​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា លោក Marco Rubio មកពី​រដ្ឋ Florida និង​លោក Edward Markey ដែល​ជា​ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការ​ការបរទេស ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាងកើត​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

សេចក្តី​ព្រាងច្បាប់​របស់​ព្រឹទ្ធសភា​អាមេរិក​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​រំលោភ​សិទ្ធិមនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល ធ្លាប់​បាន​ប្រកាស​គាំទ្រ​សេចក្តី​ស្នើ​ច្បាប់​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​សិទ្ធិមនុស្ស​លេខ S.3052 យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​ខ្មែរ​ដែល​តែង​រំលោភ​ច្បាប់ រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ពេល​កន្លងមក។

លោក​អះអាង​ថា នៅ​ពេល​ដែល​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​ក្នុង​ការ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បង្ក្រាប​ទៅលើ​សកម្មជន​សិទ្ធិមនុស្ស ស្ថាប័ន​ប្រជាធិបតេយ្យ និង​អ្នក​នយោបាយ​ប្រឆាំង ហើយ​ក៏​អាច​ជួយ​ឱ្យ​កម្ពុជា​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​បាន​ល្អ​ត្រឹមត្រូវ​ជាង​មុន​ដែរ។

លោក ទូច វិបុល បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សហរដ្ឋ​អាមេរិក​មិន​គ្រាន់តែ​ធ្វើ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រាថ្នា​ចង់​បាន​សេរីភាព យុត្តិធម៌ និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាមេរិក​កំពុង​បំពេញ​តួនាទី​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែល​មាន​កាតព្វកិច្ច​តាម​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ជិតស្និទ្ធ​ថែមទៀត។

ប្រធាន​អនុគណៈកម្មាធិការ​ការបរទេស​សហរដ្ឋ​អាមេរិក លោក Edward Markey ធ្លាប់​អះអាង​ថា សេចក្តី​ស្នើ​ច្បាប់​នេះ ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ទទួល​បាន​នូវ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា មិន​មែន​ជា​របប​ដឹកនាំ​ឯក​បក្ស​គាបសង្កត់​ដូច​រដ្ឋាភិបាល​របស់​គណបក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ទេ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​បាន​បង្ហាញ​នូវ​កាយវិការ​ម៉ឺងម៉ាត់​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំងក្លា​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​មិន​ដែល​បោះបង់​ពលរដ្ឋ​ខ្មែរ​ចោល​ឡើយ ហើយ​នេះ​ក៏​ជា​រង្វាន់​ដ៏​ធំ​ដែល​អាមេរិក​ផ្ដល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​កាលៈទេសៈ​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ជាតិ​ដ៏​ធ្ងន់ធ្ងរ​ជាង ៤០​ឆ្នាំ​មក​ហើយ​នោះ។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ពង្រីក​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​នឹង​នាំ​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សន្តិសុខ​សម្រាប់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​កែសម្រួល​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​ជាបន្ទាន់ ដូចជា​ការ​បើក​លំហ​សេរីភាព​នយោបាយ​ឡើងវិញ និង​រក្សា​ជំហរ​អព្យាក្រឹត​លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាដើម។

ចាប់តាំង​ពី​លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ឆ្នាំ​១៩៨៥ មក ត្រូវ​គេ​មើល​ឃើញ​ថា លោក​បាន​ប្រើ​អំណាច​របស់​ខ្លួន​ហួស​ដែន​កំណត់ ដែល​តែងតែ​រំលោភ​លើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ បំពាន​រដ្ឋធម្មនុញ្ញ រំលោភ​ព្រះមហាក្សត្រ និង​រំលោភ​លើ​ច្បាប់​អន្តរជាតិ​នានា ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ជាដើម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស