27 C
Phnom Penh

សង្គម​ស៊ីវិល​ប្រកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៧៣ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ សប្តាហ៍​ក្រោយ

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា ប្រកាស​រៀបចំ​ប្រារព្ធ​ពិធី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​លើក​ទី​៧៣ ក្រោម​ប្រធានបទ «ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​បរិបទ​វិបត្តិ Covid-19» នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ បន្ទាប់ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋបាល​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​នេះ​រួចមក។

តំណាង​អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហជីព​ចំនួន ៤​រូប នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ជួប​ប្រជុំ​ជាមួយ​អភិបាល​រង​ក្រុង​ភ្នំពេញ ២​រូប គឺ​លោក កើត ឆែ និង​លោក មាន ចាន់យ៉ាដា រួម​ជាមួយ​តំណាង​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ពិភាក្សា​លើ​សំណើ​របស់​តំណាង​អង្គការ​សង្គម​ស៊ីវិល​សុំ​រៀបចំ​ប្រារព្ធ​ពិធី «ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ខួប​លើក​ទី​៧៣» ដែល​បាន​ដាក់​ជូន​សាលារាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នោះ។

ប្រភព​ដដែល​អះអាង​ថា តំណាង​អង្គប្រជុំ​បាន​សម្រេច​ឯកភាព​គ្នា​ប្រារព្ធ​ពិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ចំនួន ២០០​នាក់ ដោយ​គោរព​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល។

ចំណែក​សាលារាជធានី​ភ្នំពេញ នឹង​ផ្តល់​ជូន​រថយន្ត​សង្គ្រោះ​ចំនួន ១​គ្រឿង សម្រាប់​ប្រចាំការ​នៅ​ពេល​ដំណើរការ​កម្មវិធី ដើម្បី​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ ការពារ​ករណី​អ្នក​ចូលរួម​មាន​បញ្ហា​សុខភាព​ផ្សេងៗ។

អង្គការ​សមាគម​ខាងលើ​បញ្ជាក់​ថា តាម​ការ​ស្នើសុំ ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​រៀបចំ​អ្នក​ចូលរួម​ចំនួន ៥០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ដោយសារតែ​ទីតាំង​មិន​អាច​ប្រើប្រាស់​បាន​តាម​ការ​ស្នើសុំ និង​ស្ថិត​ក្នុង​អំឡុង​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​ឆ្លង Covid-19 ផង​នោះ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តំណាង​អង្គការ ​មាគម និង​សហជីព យល់ព្រម​តាម​ការ​លើកឡើង​របស់​សាលារាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​មាន​ការ​ចូលរួម​ត្រឹមតែ ២០០​នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស