35 C
Phnom Penh

បណ្ឌិត ឡៅ ម៉ុងហៃ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឆ្លាក់​រូប​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៅ​រដ្ឋសភា​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និយាយ​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ជួប​ការ​លំបាក​ច្រើន​ណាស់​ក្នុង​ការ​បំពេញ​ករណីយកិច្ច​បម្រើ​ជាតិ​កម្ពុជា ក្រោយ​ពេល​ដែល​ទ្រង់​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ពី​ការ​ទទួល​បាន​សំឡេង​គាំទ្រ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩៣។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ទី​៦ ធ្នូ ថា ការ​លំបាក​ដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​ដោះស្រាយ​ក្រោយ​ពេល​ព្រះអង្គ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​នោះ គឺ​ស្ថាប័ន​រដ្ឋ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​ទាំងអស់​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ទ្រង់​នោះ​ទេ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​ទាំងស្រុង។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ដើម្បី​រំឭក​នូវ​វីរភាព​របស់​ទ្រង់​ដែល​ខិតខំ​បំពេញ​ការងារ​ប្រទេស​ជាតិ​កន្លងមក ដែល​ជា​ចំណែក​មួយ​រុញច្រាន​កម្ពុជា​ឱ្យ​មាន​ការ​ឯកភាព​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​ជាតិ ដូច្នេះ​រដ្ឋសភា​ជាតិ​កម្ពុជា​គួរ​ឆ្លាក់​រូប​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​ជាមួយ​រូប​ចម្លាក់​អតីត​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម ដាក់​តាំង​លម្អ​ក្បែរ​ព្រះ​ពុទ្ធបដិមា​នៅ​ជាន់​ទី​មួយ​នៃ​វិមាន​រដ្ឋសភា​ជាតិ ដើម្បី​រំឭក​អនុស្សាវរីយ៍ ក៏ដូចជា​ការ​ផ្តល់​កិត្តិយស​ជូន​ទ្រង់​ដែល​បាន​តស៊ូ​ដើម្បី​ជាតិ​មាតុភូមិ​កន្លងមក​ផង​ដែរ។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ បន្ទាប់ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​យាង​ចូល​ទិវង្គត​កាលពី​ពេល​ថ្មីៗ​នេះ ក្រោយ​ព្រះអង្គ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ប្រមាណ​ជាង ៣០​ឆ្នាំ​កន្លងមក។

ទោះជាយ៉ាងណា ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា​ជាតិ ទទួល​បន្ទុក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អ្នក​នាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា សំណើ​របស់​បណ្ឌិត ឡៅ ម៉ុងហៃ លំបាក​ទទួល​យក​បាន​ណាស់ ដោយសារ​រដ្ឋសភា​ជាតិ​មិន​ដែល​មាន​គោលការណ៍​ណា​មួយ​ក្នុង​ការ​ដាក់​តម្កល់​រូប​ចម្លាក់​របស់​អតីត​ប្រធាន​រដ្ឋសភា​ជាតិ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​នៅ​លើ​សកលលោក​ធ្វើ​ដូច្នេះ​ដែរ។

លោក​បន្ត​ថា រដ្ឋសភា​ជាតិ​ដាក់​តាំង​រូបថត​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន ប៉ុន្តែ​ជា​រូបថត​ស​ខ្មៅ ហើយ​ត្រូវ​មាន​ការ​យល់ព្រម​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ទាំងមូល​សិន។

ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​ខ្លះ​គាំទ្រ​គំនិត​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ទៅវិញ។

អ្នកវិភាគ​នយោបាយ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ អះអាង​ថា លោក​យល់ស្រប​តាម​ការ​ស្នើ​របស់​បណ្ឌិត ឡៅ ម៉ុងហៃ ពីព្រោះ​សម្ដេច​ក្រុមព្រះ គឺជា​បុគ្គល​បង្គោល​ដែល​បាន​ប្រឹងប្រែង​នាំ​រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ឆ្នាំ​១៩៩៣ ក្រោយ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ទ្រង់​ឈ្នះ​ការ​បោះឆ្នោត​អាណត្តិ​ទី​១។ ជាង​នេះ​ទៅ​ទៀត សម្តេច​ក្រុមព្រះ​ជា​អតីត​នាយករដ្ឋមន្ត្រី​ប្រជាធិបតេយ្យ​សេរី និង​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​តាំង​ពី​ឆ្នាំ​១៩៩៦ ដើម្បី​ផ្សះផ្សា​ជាតិ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ដែល​សមិទ្ធផល​នេះ លោក ហ៊ុន សែន បាន​អួត​ថា​ជា​របស់​គាត់​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក គឹម សុខ បន្ត​ថា ព្រះអង្គ​ក៏​ជា​អតីត​ប្រធាន​រដ្ឋសភា​ដែល​ទទួល​បាន​ការ​កោត​សរសើរ​អំពី​ការ​ដឹកនាំ​សភា​ប្រកប​ដោយ​ប្រជាធិបតេយ្យ និង​ពហុ​មតិ និង​ជា​អ្នក​ប្រកាន់​នយោបាយ​ផ្សះផ្សា​ផ្ទៃក្នុង​ជាតិ​កម្ពុជា ហើយ​ក៏​ជា​មេដឹកនាំ​នយោបាយ​ដែល​រក្សា​សីលធម៌​ខ្ពស់​ក្នុង​ការ​ប្រតិបត្តិ​ប្រជែង​នយោបាយ។ កត្តា​ទាំងនេះ មាន​សារសំខាន់ និង​ចាំបាច់​ណាស់​សម្រាប់​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ដូច្នេះ​គួរ​លើក​តម្លៃ​របស់​ទ្រង់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស