27 C
Phnom Penh

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ជាង ៤% នៅ​ឆ្នាំ​ក្រោយ បើ​ជំងឺ Covid-19 មិន​រាលដាល​ជា​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភពលោក ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​កើន​ឡើង​ជាង ៤% បើ​សិន​មិន​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ជា​ថ្មី​ទៀត​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ការ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១ នេះ សម្រេច​បាន​ត្រឹមតែ ២,២% ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​ដំបូង​នោះ ធនាគារ​ពិភពលោក អះអាង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រង្វង់ ៤%។

តាម​របាយការណ៍​ស្ដីពី​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ក្រោម​ចំណងជើង​ថា «រស់​ជាមួយ Covid-19» (Living with COVID-19) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា ផលិតផល​ក្នុង​ស្រុក​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២១ នេះ​មាន​កំណើន​ត្រឹមតែ ២,២% ប៉ុណ្ណោះ ដោយសារតែ​វិស័យ​សេវាកម្ម រួម​មាន​វិស័យ​ទេសចរណ៍ វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​មាន​កំណើន​យឺត ខណៈ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើ​ដំណើរ និង​ស្បែកជើង និង​ឧស្សាហកម្ម​ផលិត​កង់ រួម​ទាំង​វិស័យ​កសិកម្ម នៅតែ​បន្ត​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើង​វិញ​ពី​វិបត្តិ Covid-19។

ទោះបី​បច្ចុប្បន្ន សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រេច​ជាង ២% ក្ដី ធនាគារ​ពិភពលោក បាន​ព្យាករ​នៅ​ពេល​ខាងមុខ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើប​ឡើង​វិញ បន្ទាប់ពី​វិធានការ​រឹតត្បិត​ពាក់ព័ន្ធ​នឹង Covid-19 ត្រូវ​បាន​ដក​ចេញ។

បើ​តាម​ធនាគារ​ពិភពលោក ព្យាករ​ថា នៅ​ឆ្នាំ​២០២២ កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​សម្រេច ៤,៥% បើ​សិន​មិន​ជួប​ហានិភ័យ​ដោយ​ការ​សាយភាយ​នៃ​វីរុស Covid-19 ជា​ថ្មី​ទៀត​នោះ។

យ៉ាងណាក៏ដោយ ធនាគារ​ពិភពលោក ក៏​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កម្លាំង​ស្ទុះ​ងើប​ឡើង​វិញ កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ផ្នែក​សំខាន់ៗ ដូចជា​ការ​ដាក់​ចេញ​នូវ​វិធាន និង​បទប្បញ្ញត្តិ​ច្បាស់លាស់​ពី​ការ​រៀន​រស់​ជាមួយ Covid-19 ស្រប​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី។ ចំពោះ​វិធានការ​ផ្នែក​បទប្បញ្ញត្តិ និង​ផ្នែក​សារពើពន្ធ ក៏​ជា​ការ​ជួយ​ដល់​ការ​រស់​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ និង​ការ​ដាក់​ចេញ​ជាបន្ទាន់​នូវ​បទប្បញ្ញត្តិ​នានា​សម្រាប់​អនុវត្ត​ច្បាប់​វិនិយោគ​ថ្មី៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស