29 C
Phnom Penh

ក្រុម​តស៊ូ​មតិ៖ លោក ហ៊ុន សែន ប្រៀប​ដូច​ចោរ​ម្នាក់​ហើយ​តាំង​ខ្លួន​ជា​អាជ្ញា​កណ្ដាល​ទៅ​ជួយ​ចោរ​ម្នាក់​ទៀត​នៅ​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ បាន​ប្រៀប​ធៀប​ថា លោក ហ៊ុន សែន ប្រៀប​ដូចជា​ចោរ​ម្នាក់ ហើយ​តាំង​ខ្លួន​ជា​អាជ្ញាកណ្ដាល​ទៅ​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ចោរ​ដូច​គ្នា​ម្នាក់​ទៀត​នៅ​ប្រទេស​ភូមា។ ដូច្នេះ តើ​ជន​រងគ្រោះ​ដោយសារ​អំពើ​លួច​ប្លន់​របស់​ចោរ​ម្នាក់​នោះ នឹង​អាច​ឱ្យ​ជន​រងគ្រោះ គឺ​ពលរដ្ឋ​ភូមា ទទួល​បាន​នូវ​យុត្តិធម៌​ពិតប្រាកដ​ដូចម្តេច។

អនុប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក អ៊ាប សេង បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដោយ​ប្រតិកម្ម​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី។

កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ កន្លងទៅ បណ្ឌិត សេង សារី បាន​រិះគន់​នូវ​មតិ​ប្រឆាំង​មួយ​ចំនួន​ដែល​ថា ភាគី​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន មិន​គួរ​ទៅ​ជួប​ចរចា​ជាមួយ​ភាគី​រដ្ឋាភិបាល​យោធា​ភូមា ហើយ​សង្ឃឹម​ថា​វិបត្តិ​នយោបាយ​នៅ​ភូមា នឹង​ត្រូវ​បញ្ចប់ គឺជា​ការ​យល់​ឃើញ​មិន​ត្រឹមត្រូវ និង​ជា​គំនិត​ដែល​ប្រាសចាក​ពី​ភាព​ជាក់ស្តែង​ទាំងស្រុង។

លោក អ៊ាប សេង សរសេរ​ថា មេ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​របស់​កម្ពុជា គឺ​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា បាន​ទេ លុះត្រាតែ​មាន​សហគមន៍​អន្តរជាតិ​ចេញ​មុខ​ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​លើ​វិបត្តិ​នេះ​ដោយ​ផ្ទាល់ ព្រោះ​លោក ហ៊ុន សែន មិន​ស័ក្ដិសម​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ប្រទេស​ភូមា នេះ​ឡើយ។

អនុប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ លើកឡើង​ថា លោក ហ៊ុន សែន នឹង​លើកឡើង​ពី​ស្នៀត​មួយ​ចំនួន​ដែល​គាត់​ធ្លាប់​ធ្វើ​រដ្ឋប្រហារ​រំលោភ​អំណាច​យ៉ាង​ជោគជ័យ​នៅ​កម្ពុជា​កន្លងមក ដែល​អាច​ជា​ក្បួន​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដែល​គាត់​អាច​នឹង​យក​មក​ធ្វើជា​មេរៀន​បង្រៀន​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ភូមា លោក មីន អ៊ុងឡាំង ឲ្យ​អនុវត្ត​តាម ដើម្បី​ក្តោប​ក្តាប់​អំណាច​នៅ​ភូមា​បន្ត​ទៀត។

ប្រភព​ដដែល​លើកឡើង​ថា មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទំនង​ជា​នឹង​ណែនាំ​ឱ្យ​មេ​រដ្ឋប្រហារ​យោធា​ភូមា លោក មីន អ៊ុងឡាំង ប្រើ​ល្បិច​កល​ដែល​ខ្លួន​ធ្លាប់​អនុវត្ត ដូចជា​រំលាយ​គណបក្ស​ដែល​មាន​សក្ដានុពល​ប្រជែង​នឹង​ខ្លួន​ដូច​ដែល​គាត់​ធ្លាប់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ បន្ថយ​សិទ្ធិ​សេរីភាព​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​ជាង​ខ្លួន ដូចជា​ការ​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់​គុក និង​រឹតត្បិត​សេរីភាព​របស់​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដូច​សព្វថ្ងៃ​នេះ ជាដើម។

លោក អ៊ាប សេង បន្ថែម​ថា មេ​រដ្ឋប្រហារ​អចិន្ត្រៃយ៍​កម្ពុជា និង​ណែនាំ​មេ​រដ្ឋប្រហារ​យោធា​ភូមា ឱ្យ​បំបែក​បំបាក់​កម្លាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​បង្កើត​ការ​បោះឆ្នោត​ជាតិ​បន្លំ​ភ្នែក​អន្តរជាតិ​មួយ ដែល​ធ្វើឡើង​ក្រោម​ការ​រៀបចំ​របស់​មេ​រដ្ឋប្រហារ​យោធា​ភូមា ដោយ​គ្មាន​វត្តមាន​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី និង​បង្កើត​បក្ស​តូចៗ​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​លម្អ​សួន​ផ្ដាច់ការ​ដូច​ដែល​លោក ហ៊ុន សែន ធ្វើ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ជាដើម។

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ អះអាង​ថា លោក​នឹង​ព្យាយាម​ធ្វើការ​ជាមួយ​មេដឹកនាំ​នៅ​ប្រទេស​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ហើយ​ទាមទារ​ឱ្យ​មេ​យោធា​ផ្ដាច់ការ​រូប​នេះ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ឱ្យ​បាន​នៅ​ពេល​ដែល​លោក​ធ្វើជា​ប្រធាន​ដឹកនាំ​អាស៊ាន នៅ​ឆ្នាំ​២០២២ ខាងមុខ។

កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ក្រោយ​កិច្ចប្រជុំ​ក្រុម​ប្រទេស G7 ថា កម្ពុជា​ឈរ​លើ​គោលការណ៍​រួបរួម​សម្រាប់​កិច្ចសហប្រតិបត្តិការ មិនមែន​រួបរួម​សម្រាប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ។

ប្រភព​ដដែល​បញ្ជាក់​ថា ស្រប​ពេល​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា ដូច្នេះ​គ្រប់​រដ្ឋ​ទាំងអស់​ត្រូវតែ​ពួត​ដៃ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​រួម​គ្នា​ផង​ដែរ ដែល​អាច​រស់នៅ​ជាមួយ​គ្នា និង​ប្រកួតប្រជែង​ដើម្បី​ភាព​ល្អ​ប្រសើរ​ទាំងអស់​គ្នា​ទៅ​ថ្ងៃ​អនាគត។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ព្រម​ទទួល​យក​បណ្តឹង​របស់​គម្រោង​គណនេយ្យភាព​មីយ៉ាន់ម៉ា ដែល​បាន​ចោទប្រកាន់​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អ៊ុងឡាំង ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ពេល​នោះ​របប​សឹក​យោធា​ភូមា នឹង​ដើរ​ដល់​ផ្លូវ​ទាល់ច្រក​ផ្នែក​ការទូត និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស