34 C
Phnom Penh

លោក សម រង្ស៊ី ថា​ជំនួប​លោក ហ៊ុន សែន ជាមួយ​មេ​រដ្ឋប្រហារ​ភូមា មិន​តំណាង​ឲ្យ​កម្ពុជា​និង​អាស៊ាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ទៅ​ជួប​ជាមួយ​មេ​យោធា​ផ្ដាច់ការ​ភូមា លោក មីន អ៊ុងឡាំង (Min Aung Hlaing) មិនមែន​តំណាង​ឲ្យ​កម្ពុជា និង​តំណាង​ឲ្យ​សមាគម​អាស៊ាន​នោះ​ទេ ព្រោះ​ថា​លោក ហ៊ុន សែន មិន​មែន​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តំណាង​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ដោយ​ស្រប​ច្បាប់​នោះ​ទេ ហើយ​ជំនួប​នោះ​ក៏​ផ្ទុយពី​សេចក្តី​សម្រេច​របស់​សមាគម​អាស៊ាន​ផង​ដែរ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន សែន ទៅកាន់​ប្រទេស​ភូមា មិន​មែន​ជា​ការ​ផ្តល់​សិទ្ធិ​ពី​សមាគម​អាស៊ាន ដើម្បី​ឱ្យ​គាត់​ធ្វើជា​តំណាង​នោះ​ទេ។ ជាង​នេះ​ទៀត តំណាង​កម្ពុជា ក៏​រឹត​តែ​មិន​ស័ក្ដិសម​ទៅ​ទៀត ត្បិត​លោក ហ៊ុន សែន គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​តំណាង​សភា​ឯក​បក្ស ដែល​រំលោភ​រដ្ឋធម្មនុញ្ញ ប្លន់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​នៃ​ការ​រំលាយ​បក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ តែប៉ុណ្ណោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ អំពាវនាវ​ឱ្យ​សហគមន៍​អាស៊ាន គួរតែ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ ដើម្បី​លុបបំបាត់​របប​ខុសច្បាប់​ឱ្យ​អស់ រហូត​ដល់​ការ​បោះឆ្នោត​ពិតប្រាកដ​ត្រឡប់​មកវិញ ព្រោះ​ថា​មេដឹកនាំ​ផ្ដាច់ការ​ជិត​បួន​ទសវត្សរ៍​របស់​កម្ពុជា លោក ហ៊ុន សែន កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​ភាព​ស្រប​ច្បាប់​ចំពោះ​រដ្ឋាភិបាល​រដ្ឋប្រហារ​យោធា​ដ៏​ឃោរឃៅ​មួយ​នៅ​ភូមា នៅ​ពេលនេះ។

ការ​អះអាង​របស់​លោក សម រង្ស៊ី ក្នុង​ន័យ​រិះគន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ប្ដេជ្ញា​ថា​នឹង​ទៅ​ជួប​មេដឹកនាំ​យោធា​ផ្ដាច់ការ​ភូមា ដើម្បី​ជួយ​ឱ្យ​មេ​យោធា​ផ្ដាច់ការ​រូប​នោះ​អាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឱ្យ​បាន​ក្នុង​អាណត្តិ​ខ្លួន​ជា​ប្រធាន​អាស៊ាន។

កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នៅតែ​រក្សា​ជំហរ​ទៅ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​ភូមា ដដែល។ ដូច្នេះ លោក​អំពាវនាវ​សុំ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទុក​ឱកាស​ឱ្យ​លោក​ធ្វើការ​នេះ​ឱ្យ​បាន​រួចរាល់ ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ដោះស្រាយ​បាន​ឬ​មិន​បាន ក៏​មិន​គួរ​នាំគ្នា​បន្ទោស​លោក​ដែរ ព្រោះ​ការ​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ដោយសារតែ​កម្ពុជា​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​តែប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៦ ធ្នូ នេះ​ថា រដ្ឋប្រហារ​យោធា និង​អំពើ​ហិង្សា​ដោយ​ការ​បង្ក្រាប​ទៅលើ​បាតុករ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១​ពាន់​នាក់ គឺ​ពិតជា​បាន​រំលោភ​លើ​គោលការណ៍​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ប្រាកដ​មែន ប៉ុន្តែ​សហភាព​អឺរ៉ុប និង​សមាគម​អាស៊ាន​ក៏​មិន​អាច​បោះបង់​ប្រជាជន​ភូមា​ដែរ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ទោះ​ជា​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​របប​សឹក​ភូមា និង​ដាក់​ទណ្ឌកម្ម​គ្រប់​រូបភាព​ប្រឆាំង​នឹង​របប​នេះ​ក៏ដោយ ប៉ុន្តែ​សហគមន៍​អន្តរជាតិ រួម​ទាំង​សមាគម​អាស៊ាន​ផង ត្រូវតែ​ចូលរួម​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​របស់​ភូមា​នេះ​ជាដាច់ខាត ដើម្បី​បញ្ចៀស​នូវ​សង្គ្រាម​ស៊ីវិល និង​អសន្តិសុខ​ក្នុង​តំបន់ ជាពិសេស​សោកនាដកម្ម​លើ​ពលរដ្ឋ​ភូមា ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេលនេះ ក៏ដូចជា​ការ​បញ្ចប់​នូវ​របប​យោធា​ខុសច្បាប់​មួយ​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន ទៅ​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា មិន​ខុស​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន ត្រូវតែ​លើកឡើង​ពី​របៀបវារៈ​នៃ​ការ​សម្រេច​ទាំង ៥​ចំណុច​របស់​អាស៊ាន​សម្រាប់​ភូមា កន្លងមក មិនមែន​គ្រាន់តែ​ទៅ​ជួប​មេ​យោធា​ផ្ដាច់ការ​ភូមា ដោយ​ស្ងាត់ៗ​នោះ​ទេ។

លោក ម៉ែន ណាត បញ្ជាក់​ថា ការ​ព្រួយបារម្ភ​របស់​ពិភពលោក​នៅ​ពេលនេះ គឺ​លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​យោធា​ដោយ​ស្ងាត់ៗ​តែប៉ុណ្ណោះ ដែល​អាច​នឹង​មិន​ចេញ​ជា​ដំណោះស្រាយ​នៅ​ភូមា ប៉ុន្តែ​បែរជា​មាន​ការ​ឃុបឃិត​ជាមួយ​មេ​រដ្ឋប្រហារ​បង្ហូរ​ឈាម​ទៅវិញ ដែល​នាំ​ឱ្យ​វិបត្តិ​នៅ​ភូមា ធ្លាក់​កាន់តែ​ជ្រៅ ដែល​អាច​ឱ្យ​លោក មីន អ៊ុងឡាំង កាន់​អំណាច​ទាំង​ខុសច្បាប់​បន្ត​ទៀត​ដូច​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​អនុវត្ត​កន្លងមក​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២១ គម្រោង​គណនេយ្យភាព​មីយ៉ាន់ម៉ា ឬ Myanmar Accountability Project (MAP) បាន​ដាក់​បណ្តឹង​ដោយ​អំពាវនាវ​ឱ្យ​តុលាការ​ទីក្រុង​ឡាអេ (International Criminal Court, ICC) ក្នុង​ប្រទេស​ហុឡង់ដ៍ បើក​ការ​ស៊ើបអង្កេត​ករណី​ព្រហ្មទណ្ឌ​មេ​រដ្ឋប្រហារ​ភូមា លោក មីន អ៊ុងឡាំង ចំពោះ​ការ​ប្រើប្រាស់​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ជា​ប្រព័ន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ប្រឆាំង​នឹង​ចលនា​តវ៉ា​នៅ​ប្រទេស​ភូមា​កន្លងមក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស